កម្ពុជា

សម្ព័ន្ធភាព​គណបក្ស​រាជានិយម កើត​ហើយ!

លោក កែវ ពុទ្ធរស្មី និង​លោក ឈឹម សៀកឡេង ចុះ​ហត្ថលេខា​លើ​ពិធីសារសម្ព័ន្ធភាព​គណបក្ស​រាជានិយម
លោក កែវ ពុទ្ធរស្មី និង​លោក ឈឹម សៀកឡេង ចុះ​ហត្ថលេខា​លើ​ពិធីសារសម្ព័ន្ធភាព​គណបក្ស​រាជានិយម © សុវណ្ណារ៉ា/RFI

សម្ព័ន្ធភាព​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម​ត្រូវ​បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ចង​​សម្ព័ន្ធភាព​នឹង​គ្នា​ហើយ នា​ប៉ុន្មាន​នាទី​មុន​នេះ។ សម្ព័ន្ធភាព​អតីត​គណបក្ស​បងប្អូន​សត្រូវ​ទាំងពីរ​ដើម្បី​ឈាន​ដល់​ការ​បង្រួបបង្រួម​គណបក្ស​ទាំងពីរ​ជា​គណបក្ស​តែ​មួយ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ។  

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ

លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​លោក ឈឹម សៀកឡេង ប្រធាន​គណបក្ស​ជាតិនិយម (អតីត​គណបក្ស​ នរោត្តម​រណឫទ្ធិ) បាន​ចុះ​ហត្ថលេខា​រួមគ្នា​ ដើម្បី​បង្កើត​សម្ព័ន្ធភាព​គណបក្ស​រាជានិយម​នា​រសៀល​ថ្ងៃ​​៧​មិថុនា​នេះ។ សម្ព័ន្ធភាព​ដែល​ទើប​បង្កើត​ថ្មី​នេះ​មាន​​ឈ្មោះ​ជា​ផ្លូវការ​ថា​សម្ព័ន្ធភាព​ហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម។

 
ការ​រួបរួម​ជា​សម្ព័ន្ធភាព​គណបក្ស​រាជានិយម​នា​​ពេល​នេះ ដើម្បី​បង្កើត​នូវ​បញ្ជី​បេក្ខជន​ឈរ​​ឈ្មោះ​បោះឆ្នោត​រួម​ក្នុង​គណបក្ស​តែ​មួយ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នា​ឆ្នាំ​២០១២ និង​ការ​​បោះឆ្នោត​​ជាតិ​ឆ្នាំ​២០១៣។ គណបក្ស​រាជានិយម​ទាំងពីរ​ក៏​បាន​ប្រកាស​ថា​នឹង​ឈាន​ដល់​ការ​​បង្រួបបង្រួម​ជា​គណបក្ស​តែ​មួយ​ឡើង​វិញ​នា​ពេល​ឆាប់ៗ​នេះ។

លោក​ កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ប្រកាស​ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​នៅ​រសៀល​ថ្ងៃ​៧​មិថុនា​នេះ​ថា​សម្ព័ន្ធភាព​គណបក្ស​រាជានិយម​នេះ​មិន​ត្រឹម​តែ​ជា​ការ​​រួបរួម​​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​គណបក្ស​ជាតិ​និយម​នោះ​ទេ​ តែ​ជា​ឱកាស​ដើម្បី​រួបរួម​អ្នក​ជាតិ​និយម​ អ្នក​​​ប្រជាធិបតេយ្យ និង​អ្នក​សីហនុ​និយម ដើម្បី​បុព្វហេតុ​ជាតិ។

ចំណែក​លោក ឈឹម សៀកឡេង ប្រធាន​គណបក្ស​ជាតិនិយម​បាន​​បញ្ជាក់​ថា​ការ​​​ចុះ​កិច្ច​ព្រមព្រៀង​លើ​សម្ព័ន្ធភាព​នា​ថ្ងៃ​​នេះ​ ជា​​ការ​បញ្ជាក់​ពី​ការ​រឹត​ចំណង​សាមគ្គីភាព និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឡើង​វិញ​រវាង​គណបក្ស​បងប្អូន​ទាំងពីរ​ទាំង​វិស័យ​នយោបាយ និង​ទាំង​យុទ្ធសាស្ត្រ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នា​​ពេល​​ខាង​មុខ។

គណបក្ស​រាជានិយម​ទាំងពីរ​នេះ​ចេញ​ពី​ប្រភព​​ដើម​តែ​មួយ​គឺ​រណសិរ្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ជា​ក្រុម​អ្នក​រាជានិយម និង​សីហនុ​និយម។ ក៏​ប៉ុន្តែ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០០៧​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​បែក​ខ្ញែក​ជា​ពីរ។

ពិធី​សារ​ស្តី​​​ពី​សម្ព័ន្ធភាព​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ និង​គណបក្ស​ជាតិនិយម​ ក៏​បាន​សម្រេច​តែង​តាំង​សមាសភាព​ថ្នាក់​​ដឹក​នាំ​កំពូល​នៃ​សម្ព័ន្ធភាព​រាជានិយម​ថ្មី​នេះ​ចំនួន​២៦​រូប​ដោយ​មាន​តំណែង​សហប្រធាន​ ជា​ប្រធាន​គណបក្ស​ទាំងពីរ និង​សហ​អគ្គលេខាធិការ។

សូម​រម្លឹក​ថា​ការ​ព្រមព្រៀង​បង្កើត​សម្ព័ន្ធភាព​គណបក្ស​រាជានិយម​នេះ ត្រូវ​បាន​ទូល​ថ្វាយ​ដល់​ព្រះ​មហាក្សត្រ​សម្តេច​​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។
 

សម្តេច​​ក្រុម​​ព្រះ​ នរោត្តម ​រណឫទ្ធិ បាន​សាទរ​ចំពោះ​ការ​រួបរួម​របស់​គណបក្ស​ទាំងពីរ និង​ស្នើ​​ឲ្យ​សមាជិក​គណបក្ស​​សត្រូវ​បងប្អូន​ទាំងពីរ​បំភ្លេច​រឿង​អតីតកាល។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក យូ ហុកគ្រី អនុប្រធាន គណបក្ស​ជាតិនិយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI