កម្ពុជា

លោក ហ៊ុន សែន អះអាង​ពី​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ជំនួយ

លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ ថ្ងៃ​ទី ៩ មិថុនា ២០១០
លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ ថ្ងៃ​ទី ៩ មិថុនា ២០១០ ©សុវណ្ណារ៉ា/RFI

នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅព្រឹក​ថ្ងៃ​ទី​៩​ មិថុនា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​មក​បំភ្លឺ​ជា​សាធារណៈ​ ទាក់ទង​នឹង​ការ​ប្រើប្រាស់​ជំនួយ​អភិវឌ្ឍន៍​ដែល​កម្ពុជា​ទើបតែ​ទទួល​បាន​ការ​សន្យា​ពី​ដៃគូ​អភិវឌ្ឍន៍។ បញ្ហា​មួយ​ទៀត​ដែល​លោក ​ហ៊ុន សែន​ និយាយ​ដល់​ដែរ​នោះ​គឺ បញ្ហា​ទឹកដី​កម្ពុជា​ក្រោម។

ផ្សាយពាណិជ្ជកម្ម

 

បទ​អន្តរាគមន៍​របស់ លាង ដឺលុច

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​និយាយ​ការពារ​រដ្ឋាភិបាល​ខ្លួន​ឯង និង​បាន​ឆ្លើយតប​ទៅនឹង​ការ​អត្ថាធិប្បាយ​នានា​កន្លង​មក​របស់​គណបក្ស​ប្រឆាំង​ផង អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង ដែល​ពួកគេ​ទាំងនេះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​ប្រើប្រាស់​ជំនួយ ខ្លាច​ថា​មិនមាន​ប្រសិទ្ធភាព និង​តម្លាភាព ឬ​ក៏​មាន​អំពើ​ពុករលួយ​ជាដើម។

            នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី ​៩ ​មិថុនា ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​​ឆ្លៀត​និយាយ​បកស្រាយ​បញ្ហា​នេះ​ខ្លះ។ ក្នុង​នោះ បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី ជំនួយ​ដែល​កម្ពុជា​បាន​ទទួល​ជា​ការ​សន្យា​កាល​ពី​សប្តាហ៍​កន្លងទៅ​ ជាង១​ពាន់​លាន​ដុល្លារ​នោះ គឺ​មិនមែន​កម្ពុជា​ទទួល​បាន​ជា​លុយ​សុទ្ធ​ទាំង​ដុំ ទាំង​កញ្ចប់​មក​នោះ​ទេ។ ជំនួយ​​ត្រូវ​បាន​ផ្តល់​អោយ​តាម​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ ហើយ​ដែល​ម្ចាស់​ជំនួយ​នោះ​ គឺ​ជា​អ្នក​កាន់​លុយ​ទៅ​ទៀត។ លោក ហ៊ុន សែន ​បាន​ស្រែក​ប្រាប់​អោយ​អ្នក​រិះគន់ ទៅ​សួរ​ដេញដោល​ដៃគូ​អភិវឌ្ឍន៍​ផ្ទាល់​ខ្លួន​ឯង​ទៀត បើ​មិន​ជឿ ឬ​ក៏​ចង់ដឹង​អំពី​របៀប​ចំណាយ​នោះ។

            លោក ហ៊ុន សែន​មិន​បាន​និយាយ​លម្អិត​អំពី​ជោគជ័យ ឬ​បរាជ័យ​របស់​គម្រោង​អភិវឌ្ឍន៍​នោះ​ទេ។ ប៉ុន្តែ​វេទិកា​ចែក​សញ្ញាប័ត្រ បាន​អនុញ្ញាត​អោយ​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​សរសើរ​រដ្ឋាភិបាល​ខ្លួនឯង​ថា ព្រោះ​តែ​សហគមន៍​​អ្នក​ផ្តល់​ជំនួយ​គេ​ទុកចិត្ត​រដ្ឋាភិបាល​ហើយ បាន​ជា​គេ​នៅ​បន្ត​ផ្តល់​ជំនួយ​ច្រើន​អោយ​កម្ពុជា។ ហើយ​ពាក្យ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​ផង​ដែរ​ថា លោក​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ នរោត្តម ​សីហមុនី ​ដូចគ្នា នៅ​ក្នុង​ឱកាស​ដែល​លោក​ដឹកនាំ​សមាជិក​គណៈរដ្ឋមន្ត្រី​ចូល​ថ្វាយ​​របាយការណ៍​ដល់​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ។

 ​           លោក​នាយក​រដ្ឋមន្ត្រី​ក៏​ឆ្លៀត​ពេល ថ្លែង​ណែនាំ​អោយ​មន្ត្រី​រដ្ឋាភិបាល​អ្នក​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍ ធ្វើ​ការងារ​អោយ​ម៉ត់ចត់ ដើម្បី​កុំ​អោយ​ម្ចាស់​ជំនួយ​ខកចិត្ត។

            ទាក់ទង​នឹង​បញ្ហា​ទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​នេះ​ជា​ថ្មី​ម្តងទៀត​លោក ហ៊ុន សែន ​បាន​ថ្លែង​ថា លោក​មិន​ទៅ​ស្រែក​ទាមទារ​យក​ទឹកដី​នោះ​មក​វិញ​ទេ។ ហើយ​ថា បើ​អ្នកណា​ចង់​ទៅ គឺ​ទៅ​ម្នាក់​ឯង​ចុះ។ នេះ​ជា​ការ​ឆ្លើយតប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​កាន់​ក្រុម​អ្នក​ដែលចង់​ទាមទារ និង​អ្នក​នយោបាយ​ខ្លះ​ទៀត​ដែល​ថា នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​ថា​ពួកគេ​នឹង​យក​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ ប្រសិន​បើ​ពួកគេ​បាន​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​នោះ។

            ដោយ​និយាយ​ក្នុង​ន័យ​ថា វា​មិន​អាច​ទាមទារ​យក​ទឹកដី​កម្ពុជា​មក​វិញ​បាន​នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​រម្លឹក​យ៉ាង​ខ្លី​ថា ផែនទី​ប្រទេស​កម្ពុជា​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ហើយ​ដែល​សម្តេច​ឪ​ នរោត្តម ​សីហនុ ​បាន​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នោះ គឺ​មិន​មាន​ភ្ជាប់​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ឡើយ។ ហើយ​កុំ​ថា​ឡើយ​ដែនដី​ខាង​កើត សូម្បី​អតីត​អាណាខេត្ត​របស់​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​នៅក្នុង​ទឹកដី​ថៃ​បច្ចុប្បន្ន​នេះ ក៏​មិន​មាន​ជាប់​ក្នុង​ផែនទី​ដែល​កម្ពុជា​ដាក់​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI