កម្ពុជា

អ្នក​រាយការណ៍​ពិសេស UN ជួប​សង្គម​ស៊ីវិល ដើម្បី​ស្វែង​យល់​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា © សុវណ្ណារ៉ា/RFI

លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ឺឌី ( Surya Prasat Subedi ) អ្នក​រាយការណ៍​ពិសេស ស្តីពី ស្ថានភាព​សិទ្ធិ​មនុស្ស របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​ចាប់​ផ្តើម​បេសកកម្ម ជា​លើកទី​​៣ ដោយ​ជួប​នឹង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។ កិច្ចប្រជុំ​ដោយ​បិទ​ទ្វារ​នោះ ផ្តោត​សំខាន់​លើ​កំណែ​ទម្រង់​វិស័យ​យុត្តិធម៌ នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ

កិច្ច​ប្រជុំ​រវាង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ឺឌី ជាមួយ​នឹង​បណ្តា​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក បាន​ធ្វើ​ឡើង នៅ​ការិយាល័យ​ឧត្តម​ស្នង​ការ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស របស់​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ភ្នំពេញ។

កិច្ច​ជំនួប​នៅ​ព្រឹកមិញ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​ពី​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​ពិភាក្សា​លើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ពិសេស​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។
ការ​អនុវត្តន៍​នីតិវិធី​ក្នុង​តុលាការ នៅ​កម្ពុជា ដែល​មាន​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​លើស​រយៈ​ពេល ៦​ខែ មុន​ការ​កាត់ទោស ភាព​យឺត​យ៉ាវ ក្នុង​ការ​បើក​សវនាការ និង កំណែ​ទម្រង់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។

លោក​មេធាវី សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ដែល​បាន​ចូល​រួម​ជួប​លោក ស៊ូយ៉ា នៅ​ព្រឹកមិញ បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​បច្ចុប្បន្ន ពុំ​ទាន់​ឯករាជ្យ បាន​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ពុំ​មាន​ជំនឿ​ទុក​ចិត្ត​ឡើយ។
លោក​មេធាវី បាន​ស្នើ​ឲ្យ​លោក ស៊ូយ៉ា ជម្រុញ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​កំណែ​ទម្រង់​សមាសភាព​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ចាប់​ពី​ពេល​នេះ។
 

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ឺឌី ត្រូវ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៧ ខែ​មិថុនា។ នេះ​ជា​បេសកកម្ម​លើក​ទី​៣ របស់​លោក​នៅ​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស ដោយ​ផ្តោត​សំខាន់​លើ​​វិស័យ​យុត្តិធម៌។

ក៏​ប៉ុន្តែ​អង្គ​ការ​សិទ្ធិមនុស្ស អាដហុក នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ដោយ​ចាត់​ទុក​ថា ការ​កំណត់​បញ្ហា​នៃ​បេសកកម្ម​របស់​លោក​ស៊ូយ៉ា នៅ​កម្ពុជា​ពេល​នេះ មិន​ជា​អាទិភាព​នោះ​ទេ។

តាម​សេចក្តី​ប្រកាស​របស់​អង្គការ​អាដហុក បញ្ហា​វិវាទ​ដី​ធ្លី ដែល​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា រង​ទុក្ខ​រៀងរាល់​ថ្ងៃ គឺ​ជា​ប្រធានបទ​សំខាន់ ដែល​លោក ស៊ូយ៉ា គួរ​តែ​លើក​ឡើង​ ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់។
 

មិន​ទាន់​មាន​អត្ថាធិប្បាយ​ពី​លោក ស៊ូយ៉ា នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ​ក្នុង​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ កាលពី​ពីរ​លើក​មុន លោក ស៊ូយ៉ា បាន​ប្រកាស​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច ស្វែង​យល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅក្នុង​សន្និសីទ​កាសែត​នៅ​ចុង​បញ្ចប់​នៃ​បេសកកម្ម​របស់​លោក។
 

ក្នុង​បេសកកម្ម​រយៈ​ពេល ១០ ថ្ងៃ នៅ​កម្ពុជា លើក​ទី​៣ ចាប់​ពី​ថ្ងៃ​៨​មិថុនា​នេះ អ្នក​រាយ​ការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ លោក ស៊ូយ៉ា នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ ជួប​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​ដៃ​គូ​អភិវឌ្ឍន៍​នានា ដែល​បាន​ចូលរួម​ក្នុង​វិស័យ​យុត្តិធម៌។ ក៏ប៉ុន្តែ​លោក ស៊ូយ៉ា គ្មាន​កម្មវិធី​ជួប​ជាមួយ​គណបក្ស​ប្រឆាំង​ឡើយ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI