កម្ពុជា

ប្តឹង​ទៅ​កាន់​លោក អូបាមា ក្នុង​ករណី​លោកស្រី មូរ សុខហួរ

លោកស្រី មូរ សុខហួរ
លោកស្រី មូរ សុខហួរ ©ខឹម សុវណ្ណារ៉ា

ការ​ប្រមូល​នូវ​ហត្ថលេខា​លើ​ពាក្យ​បណ្តឹង​ក្នុង​ករណី​លោកស្រី មូរ សុខ​ហួរ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ដាក់​ទៅ​កាន់​លោក​ប្រធានាធិបតី​អាមេរិក អូ​បា​មា​។ ពាក្យ​បណ្តឹង​តាម​ប្រព័ន្ធ​អ៊ិនថឺណេត​នោះ​បាន​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី អូ​បា​មា ចេញ​សេចក្តី​ថ្លែងការណ៍​ដើម្បី​បញ្ឈប់​ការ​គាប​សង្កត់​លើ​សេរីភាព​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ទីក្រុង​ភ្នំពេញ

ការ​​ប្រមូល​​ហត្ថលេខា​លើ​ពាក្យ​បណ្តឹង ដាក់​ទៅ​កាន់​លោក​ប្រធានាធិបតី​អាមេរិក អូ​បា​មា នៅ​ថ្ងៃ​សុក្រ ទី១១ មិថុនា ឆ្នំា ២០១០​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា​សម្រេច​ឲ្យ​លោកស្រី មូរ សុខ​ហួរ ចាញ់​ក្តី ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​ គិត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ ខែមិថុនា ឆ្នាំ​២០១០ មាន​អ្នក​ចុះ​ហត្ថលេខា​លើ​ពាក្យ​បណ្តឹង​នោះ​ចំនួន​ជាង ៤០០ នាក់​ហើយ​។

ពាក្យ​បណ្តឹង​តាម​ប្រព័ន្ធ​អ៊ិនថឺណេត ដែល​មាន​ចំណងជើង​ថា បញ្ឈប់​ការ​គាប​សង្កត់​លើ​សេរីភាព​បញ្ចេញមតិ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ការ​អំពាវនាវ​យ៉ាង​ទទូច​ដល់​លោក​ប្រធានាធិបតី​អាមេរិក អូ​បា​មា ដើម្បី​អន្តរាគមន៍​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល​កម្ពុជា​ដែល​បាន​សម្រេច​ក្តី​លើ​អតីត​បេក្ខជន​ពាន​រង្វាន់ ណូបែល សន្តិភាព​ពិភពលោក និង​ជា​សកម្មជន​សិទ្ធិ​ស្ត្រី ព្រម​ទាំង​ជា​អ្នក​តំណាងរាស្ត្រ គឺ​លោកស្រី មូរ សុខ​ហួរ នៅ​ក្នុង​រឿង​ក្តី​បរិហារកេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ក្នុង​ពាក្យ​បណ្តឹង​ជូន​លោក អូ​បា​មា​បាន​កត់​សម្គាល់​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មាន​លទ្ធភាព​ដើម្បី​កុំ​ឲ្យ​ការ​សម្រេច​របស់​តុលា​ការ​កម្ពុជា​គម្រាម​កំហែង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ដំណើរ​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌ តម្លាភាព និង​ការ​គោរព​ច្បាប់​នៅ​កម្ពុជា​។ ​ការ​លើក​ឡើង​ដូច្នេះ ដោយសារ​តែ​សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ជាង ៦០ លាន​ដុល្លារ នៅ​ឆ្នាំ​២០០៩​សម្រាប់​រដ្ឋាភិបាល​កម្ពុជា លើ​ការងារ​កំណែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​។

ពាក្យ​បណ្តឹង​ដែល​ផ្សព្វផ្សាយ​ដោយ​គណបក្ស​សមរង្ស៊ី​នៅ​ថ្ងៃ​នេះ ក៏​បាន​ទាមទារ​ដោយ​ទទូច​ទៅ​កាន់​លោក​ប្រធានាធិបតី អូ​បា​មា ដើម្បី​ឲ្យ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ខ្លាំងៗ ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​កម្ពុជា សម្រាប់​ការពារ​នូវ​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​។

ក៏​ប៉ុន្តែ​លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មាន​ជំនឿ​ថា ការ​ស្នើ​សុំ​របស់​អ្នក​គាំទ្រ​គណបក្ស​សមរង្ស៊ី​ខាង​លើ​នេះ នឹង​មិន​មាន​ឥទ្ធិពល​ណា​មួយ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ត្រូវ​ធ្វើ​ការ​គាប​សង្កត់​ទៅ​លើ​កម្ពុជា​នោះ​ទេ​។ ករណី​ប្តឹង​ផ្តល់​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដើម្បី​ពង្រឹង​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​ច្បាប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ នេះ​មិន​មែន​ជា​ការ​គាប​សង្កត់​សេរីភាព​បញ្ចេញមតិ ដូច​ការ​លើក​ឡើង​ឡើយ​។

សូម​រម្លឹក​ថា ក្រោយ​ពី​ការ​សម្រេច​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១០ ដែល​បាន​តម្កល់​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប ឲ្យ​លោកស្រី មូរ សុខ​ហួរ ចាញ់​ក្តី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​មក​ដល់​ថ្ងៃនេះ លោកស្រី មូរ សុខ​ហួរ បាន​អះអាង​ថា លោក​ស្រី​នឹង​មិន​បង់​ប្រាក់​ពិន័យ​ប្រមាណ ៤០០០ ដុល្លារ​នោះ​ទេ ហើយ​លោក​ស្រី​សុខ​ចិត្ត​ជាប់​ពន្ធនាគា​រ​។ ដីកា​បង្គាប់​ឲ្យ​លោកស្រី មូរ សុខ​ហួរ បង់​ប្រាក់​ពិន័យ​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា អាច​នឹង​ចេញ​នា​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិថុនា​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI