កម្ពុជា ជប៉ុន

យោធា​កម្ពុជា និង​ជប៉ុន​ជជែក​អំពី​សន្តិសុខ​អន្តរជាតិ

យោធាកម្ពុជា និងជប៉ុនជជែកអំពីសន្តិសុខអន្តរជាតិ
យោធាកម្ពុជា និងជប៉ុនជជែកអំពីសន្តិសុខអន្តរជាតិ ©លាង ដឺលុច/RFI

គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​ជប៉ុន​ មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​អ៊ីស្ហ៊ីកានេ គីមីហ៊ីរ៉ូ ISHIKANE Kimihiro ជា​អគ្គនាយក​រង​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​និរតី​នៃ​ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​កម្ពុជា​នៅក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នយោបាយយោធា​កម្ពុជា ជប៉ុន។ កិច្ច​ប្រជុំ​ប្រភេទ​នេះ ជា​កិច្ច​ប្រជុំ​លើក​ទី​មួយ​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ ​សន្តិសុខ​ក្នុង​តំបន់ និង​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ។ កិច្ច​ប្រជុំ​នេះ​រៀបចំ​ដោយ​ក្រសួង​ ការបរទេស​កម្ពុជា ហើយ​ភាគី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​តំណាង​ដោយ​លោក​សួន សំណាង អគ្គនាយករង​នៃ​នាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​របស់​ក្រសួង​ការពារ​ជាតិ។

ផ្សាយពាណិជ្ជកម្ម

បទអន្តរាគមន៍​របស់ លាង ដឺលុច ពី​ទីក្រុង​ភ្នំពេញ

ជំនួប​មន្ត្រី​យោធា​កម្ពុជា ជប៉ុន​លើក​ទីមួយ​នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្រសួង​ការបរទេស​កម្ពុជា​នៅក្នុង​សប្តាហ៍​នេះ។ កិច្ច​ប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​ហោ សុធន អគ្គលេខាធិការ​ក្រសួង​ការបរទេស ។ នៅក្នុង​កិច្ច​ប្រជុំ​នោះ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ភាគី​ទាំង​២​បាន​ជជែក​គ្នា​អំពី​ប្រធានបទ​ធំៗ​សំខាន់​ទាក់ទង​នឹង​សន្តិសុខ​អន្តរជាតិ។ ក្នុងនោះ​រួមមាន តួនាទី​របស់​ប្រទេស​មហា​អំណាច​នៅក្នុង​តំបន់ ប្រទេស​មហា​អំណាច​នោះ​គឺ​សំដៅ​លើ​សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា​ជាដើម។ បន្ទាប់​មក​គឺ​ការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ថ្មីៗផ្នែក​សន្តិសុខនៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ក្នុង​ក្របខណ្ឌ​ពហុភាគី។ កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ពហុភាគី​នេះ គឺ​សំដៅការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ជំនួយ​មនុស្ស​ធម៌ ការ​ជួយ​ជន​រងគ្រោះ​ពី​គ្រោះថ្នាក់​ធម្មជាតិ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អាវុធ​ប្រល័យ​លោក​ជាដើម។

 

យោធា​កម្ពុជា និង​ជប៉ុន​ជជែក​អំពី​សន្តិសុខ​អន្តរជាតិ
យោធា​កម្ពុជា និង​ជប៉ុន​ជជែក​អំពី​សន្តិសុខ​អន្តរជាតិ ©លាង ដឺលុច/RFI

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាតិ វា​គឺ​ជា​កិច្ច​ការងារ​ល្អ និង​ជា​ការ​ធម្មតា​ទៅ​ទៀត។ ធម្មតា​ត្រង់​ថា កម្ពុជា​មាន​គោល​នយោបាយ​កិច្ចការ​បរទេស​បើកចំហរ និង​សហប្រតិបត្តិការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​នានា។ លោក ឈុំ សុជាតិ​បន្ត​ថា កិច្ច​ការងារ​ថែ​រក្សា​សន្តិសុខ​តំបន់ រួម​មាន​សន្តិសុខ​លំហ​សមុទ្រ​ជាដើម គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​ថា​កម្ពុជា​បាន​ចូលរួម​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជាច្រើន​ផងដែរក្នុង​បញ្ហា​នេះ។

កន្លងមកមាន​ប្រទេស​ធំៗ​មួយ​ចំនួន​ដូចជា​អាមេរិក បារាំង អូស្រ្តាលី ចិន​ដែល​សុទ្ធសឹង​ជា​ប្រទេស​ដែល​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ជា​សម្ភារៈ និង​បច្ចេកទេស​ជា​បន្ត​បន្ទាប់​មក​អោយ​កម្ពុជា។ កប៉ាល់​ទ័ព​ជើងទឹក​របស់​ប្រទេស​ទាំង​នេះ ក៏​ធ្លាប់​បាន​ចូលចត​នៅ​កម្ពុជា​ជា​ហូរហែរ​មក​ដែរ។

មែនទែន​ទៅការ​ជួបគ្នា​រវាង​ប្រតិភូ​មន្ត្រី​យោធា​ទាំងពីរ​ប្រទេស​នៅ​ពេល​នេះ ក៏​ជា​ឱកាស​សម្រាប់​ប្រទេស​ទាំងពីរ​ជជែកគ្នា​អំពី​លទ្ធភាព​នៃ​ការ​ពង្រីកកិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​យោធា។ នេះ​បើ​តាម​ការ​អត្ថាធិប្បាយ​របស់​លោក​ឧត្តមសេនីយឯក​ឈុំ សុជាតិ ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ លោក ឈុំ សុជាតិ​បាន​ប្រាប់​អោយ​ដឹងថាកន្លងមកជំនួយ​របស់​ប្រទេស​ជប៉ុនក្នុង​ផ្នែក​យោធា​មិន​សូវ​មាន​ច្រើន​ឡើយ។ គឺ​មាន​ខ្លះៗ​ទេ តាមរយៈ​ការ​បញ្ជូន​មន្ត្រី​យោធា​កម្ពុជា​ទៅ​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន។ ដូច្នេះ​បើតាមអ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ គឺ​ថា​ជំនួប​លើក​នេះ ក៏​អាច​អោយ​ភាគី​ជប៉ុន​ស្វែងយល់ពី​ស្ថានភាព​យោធា​កម្ពុជា​ផង​ដែរ។ថ្វីត្បិត​តែ​ជំនួយ​ផ្នែក​យោធា​របស់​ជប៉ុន​មិន​សូវ​មាន​នៅ​កម្ពុជា ប៉ុន្តែ​បើ​និយាយ​អំពី​ជំនួយ​អភិវឌ្ឍន៍​វិញ ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​អ្នក​ផ្តល់​ធំ​ជាង​គេ​នៅ​កម្ពុជា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI