កម្ពុជា

គណបក្ស​សមរង្ស៊ី​មិន​បាត់បង់​ប្រជាប្រិយភាព​ទេ

លោក​ សម រង្ស៊ី និង​លោកស្រី មូរ សុខហួរ
លោក​ សម រង្ស៊ី និង​លោកស្រី មូរ សុខហួរ © RFI

លោក គង់ គាំ អនុ​ប្រធាន​គណបក្ស​ សម ​រង្ស៊ី ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង​នឹង​មិន​ថមថយ​ទេ​បើ​ទោះ​បី​ជា​លោក ​សម រង្ស៊ី មិនអាច​ចូលរួម​ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខ​ក៏​ដោយ។ ​ការ​អះអាង​របស់​ លោក​គង់ គាំ​បាន​ធ្វើឡើង​ស្របពេល​ដែល​មាន​អ្នកជំនាញ​មួយ​ចំនួន​គិត​ថា លោក សម រង្ស៊ី អាច​ត្រូវបាន​គេ​ដក​សិទ្ធិ​មិន​អោយ​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣​ខាងមុខ ​នេះ​ដោយសារ​តែ​លោក​នៅ​ជាប់​ជំពាក់​នឹង​បណ្តឹង​ជា​ច្រើន។ 

ផ្សាយពាណិជ្ជកម្ម

បទ​អន្តរាគមន៍​របស់ គី សុខលីម

តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ពីរ​រូបគឺ​លោក​ សម រង្ស៊ី និង​លោក​ស្រី​ មួរ សុខហួរ បាន​និង​កំពុង​ទទួល​រង​សម្ពាធ​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​យ៉ាងខ្លាំង​នៅក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​នៅក្នុង​សំណុំ​រឿង​ព្រំដែន។

តើ​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​សម រង្ស៊ី​ទាំងពីរ​រូប​នេះ​អាច​ប្រឈម​នឹង​ការ​ដក​សិទ្ធិ​មិន​អោយ​ឈរ​ឈ្មោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣​ដែរ​ឬ​ទេ​ប្រសិន​បើ​ពួកគេ​ជាប់​ទោស​នោះ?

ទាក់ទង​ទៅនឹង​សំណួរ​នេះ​ លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេតកាណ៍​បោះឆ្នោត​និកហ្វិច​បាន​ពន្យល់​ដោយ​ផ្អែក​ទៅលើ​ច្បាប់​បោះឆ្នោត​ថា ប្រសិន​បើ​តំណាងរាស្រ្ត​ទាំងពីរ​នាក់​ទទួល​ទោស​អោយ​បាន​គ្រប់​ចំនួន​មុន​ពេល​បោះឆ្នោត​ ​ពេលនោះ​​ពួកគេ​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​ធម្មតា​បាន​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ខាង​មុខ​ប៉ុន្តែ​បើ​ពួកគេ​មិន​បាន​ចូលខ្លួន​មក​ទទួល​ទោស​ទេ​នោះ​នោះ​ពួកគេ​មិន​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​ទេ។

នា​ពេល​កន្លងមក​ លោក សម រង្ស៊ី​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​រយៈពេល​ ២​ឆ្នាំ ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ក្រោយមក​លោក​ សម​ រង្ស៊ី បាន​ជាប់​ពាក្យ​បណ្តឹង​មួយ​ទៀត​គឺ​ទាក់ទង​ទៅនឹង​ការ​ប្រើប្រាស់​​ផែនទី​ក្លែងក្លាយ។ បទ​ចោទ​ប្រកាន់​ថ្មីនេះ​អាច​រុញច្រាន​អោយ​លោក​ សម​ រង្ស៊ី​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១៨ ឆ្នាំ។

ចំពោះករណី​លោកស្រី មួរ សុខហួរ​វិញ លោកស្រី​ត្រូវ​បាន​តុលាការ​បង្ខំ​អោយ​បង់ប្រាក់​ពិន័យ​ជំងឺ​ចិត្ត​ចំនួន​២​ពាន់​ដុល្លារ​អាមេរិក​ក្នុង​ការ​ចាញ់ក្តី​លោក​ហ៊ុន សែន ទាក់ទៅ​នឹង​សំណុំ​រឿង​បរិហាកេរ្ត៍។​ ប្រសិន​បើ​មិន​ព្រម​បង់ប្រាក់​ពិន័យ​នេះ លោក​ស្រី​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ រយៈពេល​ ៦ ខែ។

ទាក់ទង​ទៅ​នឹង​លទ្ធភាព​មិន​អាច​ចូល​ប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី លោក គង់ គាំ អនុ​ប្រធាន​គណបក្ស​សម រង្ស៊ី បាន​ថ្លែង​ប្រាប់​នៅថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​សមរង្ស៊ី​មិនមាន​ការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ប្រជាប្រិយភាពទេ​ពីព្រោះ​កាលណា​មាន​ ការ​គាប​សង្កត់​កាន់​តែ​ខ្លាំង​មក​លើ​គណបក្ស​សមរង្ស៊ី​ពេលនោះ​គណបក្ស​នេះ​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ។ ផ្ទុយ​ទៅ​វិញ​ អ្នក​ធ្វើ​បាប​គេ​កាន់​តែ​បាត់បង់​ប្រជាប្រិយភាព​ទៅ​វិញ​ទេ។ លោក​គង់ គាំ បាន​បន្ត​ទៀត​ថា អវត្តមាន​លោក​ សម រង្ស៊ី នៅ​ពេល​នេះ បាន​ជំរុញ​អោយ​សកម្មជន​គណបក្ស​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ជាង​មុន។ ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ គង់ គាំ មាន​ជំនឿ​ថា លោក សម រង្ស៊ី នឹង​ត្រូវ​តែ​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​Comfrel បាន​បញ្ចេញ​មតិ​ថា ប្រសិន​បើការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​មិនមាន​មេ​បក្ស​ប្រឆាំង​នោះ​ នោះ​ការ​ប្រកួត​ប្រជែង​នេះ​មិនសូវ​ល្អ​មើល​ប៉ុន្មាន​ទេ។ ត្រង់​ចំនុច​នេះ​ លោក គល់ បញ្ញា បាន​ប្រដូច​ការ​បោះឆ្នោត​ទៅ​នឹង​ការ​ប្រកួត​កីឡា​បាល់ទាល់​ដែរ។ ក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់​ ប្រសិន​បើ​មេ​ក្រុម​ឬ​អ្នក​ពូកែ​ក្នុង​ក្រុម​ម្ខាង​ត្រូវ​បាន​គេ​ហាមឃាត់​មិន​អោយ​លេង​​នោះ។ ដូច្នេះ ការ​ប្រកួត​ហ្នឹង​មិន​សូវ​ជា​ល្អ​មើល​ប៉ុន្មាន​ទេ​ ហើយ​អ្នកឈ្នះ​ក៏​មិនសូវ​មានន័យ​ប៉ុន្មាន​ដែរ។ លោក គល់ បញ្ញា​បាន​បញ្ជាក់​ថា សំណុំ​រឿង​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សម​រង្ស៊ី​គួរ​ត្រូវ​បាន​គេ​ដោះស្រាយ​ពីព្រោះ​នេះ​វា​គ្រាន់​តែ​ជា​ការ​ជាប់ទោស​ដោយសារ​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI