កម្ពុជា

បញ្ហាព្រំដែន​បង្កផលលំបាក​ដល់កសិករ​នៅតាមជាយដែន​

នៅខេត្ត​តាកែវ​​គណបក្ស​​ប្រឆាំង​​បាន​ចោទ​​ប្រកាន់​​ថា​អាជ្ញាធរ​​វៀតណាម​​និង​​ខ្មែរ​​បាន​រារាំង​​មិន​ឲ្យ​​កសិករ​​ខ្មែរ​​ធ្វើ​ស្រែ​​លើ​ដី​របស់​ខ្លួន​
នៅខេត្ត​តាកែវ​​គណបក្ស​​ប្រឆាំង​​បាន​ចោទ​​ប្រកាន់​​ថា​អាជ្ញាធរ​​វៀតណាម​​និង​​ខ្មែរ​​បាន​រារាំង​​មិន​ឲ្យ​​កសិករ​​ខ្មែរ​​ធ្វើ​ស្រែ​​លើ​ដី​របស់​ខ្លួន​ © សុវណ្ណារ៉ា/RFI

ខណៈ​ដែល​ភ្លៀង​ចាប់​ផ្តើម​ធ្លាក់​នា​ដើម​រដូវ​វស្សា​នេះ​កសិករ ​ខ្មែរ​មួយ​ចំនួន​ដែល​រស់​នៅ​តាម​ជាយដែន​ជា​ពិសេស​ក្នុង​តំបន់​ដែល​មាន​ បញ្ហា​ប្រទាញ​ប្រទង់​ខ្លាំង​ទាំង​ប៉ែក​ខាង​កើត​ក៏​ដូច​ជា​ប៉ែក​ខាង​លិច​ កំពុង​ជួប​ប្រទះ​នឹង​ការ​រំខាន​ក្នុង​របរ​កសិកម្ម​របស់​ខ្លួន។​នៅ ​ខេត្ត​តាកែវ​កសិករ​ក្នុង​ភូមិ​អញ្ចាញ​ឃុំ​ជ័យជោគ​ស្រុក​បុរីជលសា​ត្រូវ​បាន ​អាជ្ញាធរ​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ស្រែ​នៅ​ក្បែរ​បង្គោល​ព្រំដែន​លេខ​២៧០​ជា ​បណ្តោះ​អាសន្ន​ដោយ​ខ្លាច​ការ​រំខាន​ដល់​ការ​បោះ​បង្គោល​ព្រំដែន។​នៅ​ឯ​ជាយដែន​ថៃ​ខេត្ត​បន្ទាយ​មានជ័យ​ក៏មាន​ការ​រំខាន​ដល់​ការងារ​របស់​កសិករ​ខ្មែរ​ពី​សំណាក់​ភាគី​ថៃ​ផង​ដែរ។ 

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់​ ប៉ែន បូណា

កសិករ​ក្នុង​ភូមិ​អញ្ចាញ​ឃុំ​ជ័យជោគ​ស្រុក​បុរីជលសា​ខេត្ត​តាកែវ​មិន​អាច​ចាប់​ផ្តើម​ការងារ​កសិកម្ម​របស់​ខ្លួន​បាន​ទេ​នៅ​ដើម​រដូវ​វស្សា​នេះ។​អាជ្ញាធរ​បាន​រារាំង​ពួកគេ​មិន​ឲ្យ​ចូល​ទៅ​ធ្វើ​ស្រែ​នៅ​ក្បែរ​បង្គោល​ព្រំដែន​លេខ​២៧០​ទេ​ដោយ​ខ្លាច​មាន​ការ​រំខាន​ដល់​ការងារ​បោះ​បង្គោល​ព្រំ​ដែន​​ជា​មួយ​ប្រទេស​វៀតណាម។​រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​បង្គោល​ព្រំដែន​១៩០​ហើយ​ដែល​ត្រូវ​បាន​បោះ​រួចរាល់​ក្នុង​ចំណោម​បង្គោល​៣៧៥​ដែល​គេ​គ្រោង​នឹង​បោះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​វៀតណាម​ប្រវែង​១២៧០​គម។

 
កាល​ពី​ចុង​ខែ​តុលា​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ​បញ្ហា​ចម្រូង​ចម្រាស​ជា​មួយ​កសិករ​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ក៏​បាន​កើត​ឡើង​ផង​ដែរ​នៅ​ឯ​ភូមិ​កោះក្បាន​កណ្តាល​ឃុំ​សំរោង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង។​កសិករ​មួយ​ក្រុម​បាន​អះអាង​ថា​បង្គោល​ព្រំដែន​ត្រូវ​បាន​គេ​បោះ​នៅ​លើ​ដី​ស្រែ​របស់​ពួក​គេ។​នេះ​ជា​ដើមចម​ដែល​នាំ​ដល់​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​ចំនួន​៦​ដើម​គ្រវាត់​ចោល​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​សម​រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង។​លោក​សម​រង្ស៊ី​និង​កសិករ​ពីរ​នាក់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​មក​ទល់​សព្វ​ថ្ងៃ។​ប៉ុន្តែ​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

នៅ​ឯ​ជាយ​ដែន​ប៉ែក​ខាង​លិច​វិញ​ក៏​មាន​សេចក្តី​រាយការណ៍​ជា​ញឹកញាប់​អំពី​ការ​រំខាន​របស់​ភាគី​ថៃ​ដល់​ការងារ​របស់​កសិករ​ខ្មែរ​ដែរ។​ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​១៣​​មិថុនា​នេះ​កសិករ​ខ្មែរ​នៅ​ក្បែរ​ច្រក​ព្រំដែន​បឹងត្រកួន​ត្រូវ​បាន​អាជ្ញាធរ​និង​កសិករ​ថៃ​រារាំង​មិន​ឲ្យ​​ភ្ជួររាស់​ដី​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ស្រែ​ជា​រៀង​រាល់​ឆ្នាំ។​ប៉ុន្តែ​អាជ្ញាធរ​ដែនដី​នៃ​ភាគី​ទាំង​ពីរ​​បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​ដោយ​អនុញ្ញាត​ឲ្យ​កសិករ​ខ្មែរ​ធ្វើ​ស្រែ​តាម​​ទម្លាប់​ឡើង​វិញ។

ងាក​ទៅ​មើល​ខេត្ត​តាកែវ​វិញ​គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថា​អាជ្ញាធរ​វៀតណាម​និង​ខ្មែរ​បាន​រារាំង​មិន​ឲ្យ​កសិករ​ខ្មែរ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន។​បក្ស​ប្រឆាំង​បាន​​រិះគន់​ថា​ការ​បោះ​បង្គោល​ព្រំដែន​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ។​ប៉ុន្តែ​លោក​វ៉ា​​គឹមហុង​ប្រធាន​គណៈកម្មការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ប្រាប់​អ្នកកាសែត​ថា​គ្មាន​អាជ្ញាធរ​វៀតណាម​មក​ហាម​ប្រាម​កសិករ​ខ្មែរ​ទេ​តែ​គឺ​ជា​ការ​ហាម​ប្រាម​របស់​អាជ្ញាធរ​​ខ្មែរ​ដោយ​ខ្លាច​មាន​ការ​រំខាន​ដល់​ការងារ​បោះ​បង្គោល​ព្រំដែន។

បើ​យោង​តាម​ប្រសាសន៍​របស់​លោក​វ៉ា​​គឹមហុង​ដី​នៅ​ទី​នោះ​ជា​វាល​ស្មៅ​និង​មិន​មែន​ជា​កម្មសិទ្ធិ​របស់​កសិករ​ខ្មែរ​ទេ។​រីឯ​ការ​ហាម​ឃាត់​នេះ​គ្រាន់​តែ​ធ្វើ​ឡើង​ជា​បណ្តោះ​​អាសន្ន​តែ​ប៉ុណ្ណោះ។​លោក​វ៉ា​​គឹមហុង​បាន​អះអាង​ថា​គ្មាន​ការ​បាត់បង់​ដី​ខ្មែរ​ដូច​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ​បញ្ហា​ព្រំដែន​នៅ​តែ​ជា​រឿង​ចម្រូង​ចម្រាស​មួយ​ដែល​តែង​ដុត​កម្តៅ​ឆាក​នយោបាយ​ខ្មែរ​មិន​ចេះ​ចប់​មិន​ចេះ​​ហើយ​ហើយ​អ្នក​ដែល​ទទួល​រង​គ្រោះ​មុន​គេ​គឺ​កសិករ​នៅ​តាម​ជាយដែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI