កម្ពុជា

តំណាងរាស្ត្រ​បក្ស​សម រង្ស៊ី​ទៅ​មើល​ព្រំដែន

តំណាងរាស្ត្រ​បក្ស​សម រង្ស៊ី​ទៅ​មើល​ព្រំដែន
តំណាងរាស្ត្រ​បក្ស​សម រង្ស៊ី​ទៅ​មើល​ព្រំដែន ©វណ្ណារ៉ា

ទី​បំផុត​ទៅ​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​៣​រូប​បាន​ទៅ​ដល់​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​មិថុនា​នេះ។ អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ទាំង​៣​រូប​ដែល​រួម​ដំណើរ​ដោយ​ក្រុម​ អ្នកកាសែត​ផង​នោះ បាន​ទៅ​ដល់​បង្គោល​ព្រំដែន​លេខ​១២៥ និង​លេខ​១២៨​ដែល​សង់​រួច។ ដោយ​មិន​និយាយ​ពី​បង្គោល​ព្រំដែន​ដែល​បោះ​រួច​នេះ​ទេ អ្នកតំណាងរាស្ត្រ​ម៉ៅ មុនីវណ្ណ​បាន​ថ្លែង​អោយ​ដឹង​ថា លោក​បាន​ទទួល​បណ្តឹង​ពី​ពលរដ្ឋ​ថា តម្រុយ​បង្គោលព្រំដែន​លេខ​១២៦ និង​១២៧​ដែល​បាន​វាស់វែង​រួច​ហើយ​នេះ បាន​ធ្វើ​អោយ​បាត់បង់​ចំណែកដី​ភូមិ​ចំនួន​៣ភូមិ។

ផ្សាយពាណិជ្ជកម្ម

បទអន្តរាគមន៍​​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​៣​រូប​មាន​លោក​ម៉ៅ មុនីវណ្ណ លោក​ជាម ចន្នី និង​លោកស្រី​ថាក់ ឡានី រួម​ជាមួយ​អ្នកកាសែត​មួយក្រុមផង បានទៅដល់ស្រុក​ពញាក្រែក​ខេត្តកំពង់ចាម​នោះ ហើយបាន​ទៅដល់​បង្គោលព្រំដែន​១២៥ និង១២៨។ ដោយឡែក​បញ្ហា​ដែល​លោក​ទទួល​បាន​ពី​ពលរដ្ឋ​គឺ​ទាក់ទង​នឹង​តម្រុយបង្គោល​លេខ​១២៦ និង​១២៧។ បើ​តាម​ការ​អះអាង​របស់​លោក​មុនីវណ្ណ អ្នក​ភូមិ​ខ្លះ​បាន​ប្រាប់​លោក​ថា មាន​ក្រុម​អ្នក​មាន​សមត្ថកិច្ច​បាន​ធ្វើ​ការ​វាស់វែង​សម្រាប់​បង្គោល​ព្រំដែន​លេខ​១២៦ និង​១២៧។ ហើយ​ថា បើ​នៅ​ពេល​ខាង​មុខ អាជ្ញាធរ​ប្រទេស​ទាំងពីរ​នឹង​កំណត់​បោះ​បង្គោលព្រំដែន​នៅ​កន្លែង​វាស់វែង​នោះ​មែន គឺ​នឹង​ធ្វើ​អោយ​បាត់បង់​ចំណែក​ដី​កម្ពុជា​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ព្រះស្រែ ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច ក្នុង​ស្រុក​ពញាក្រែក​ខេត្ត​កំពង់ចាម។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ម៉ៅ មុនីវណ្ណ ទីមួយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ស្នើ​អោយ​គណៈកម្មការ​ព្រំដែន​ប្រកាស​ជា​សាធារណៈ​អំពី​ទិន្នន័យ​និយាមការ​តម្រុយ​បង្គោល​ព្រំដែន​លេខ​១២៦ និង​១២៧​នេះ ដើម្បី​យក​ទិន្នន័យ​នេះ​ទៅ​ដាក់​លើ​GPS ដើម្បី​ដឹង​ថា តើ​វា​ត្រឹមត្រូវ ឬ​អត់​យ៉ាងណា​នោះ។ ហើយ​ទី២​គឺ​ក្រុម​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​របស់​គណបក្ស​សម រង្ស៊ី​នេះ នឹង​ធ្វើ​លិខិត​មួយ​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា​ជាតិ​លោក​ហេង សំរិន អំពី​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ ហើយ​ដើម្បី​ស្នើ​អោយ​ប្រធាន​រដ្ឋសភា​អនុញ្ញាត​អោយ​អ្នក​តំណាងរាស្ត្រ​ទាំង​១៨​រូប​នៃ​មណ្ឌល​កំពង់ចាម​មក​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ចុះ​ទៅជួប​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​ផ្ទាល់​តែម្តង។

ទាក់ទង​នឹង​បញ្ហា​ទាំងនេះ​លោក​វ៉ា គឹមហុង ដែល​ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការព្រំដែន​បាន​ពន្យល់​ថា ទីមួយ​ទាក់ទង​នឹង​ការ​ស្នើ​របស់​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ដែល​ចង់​អោយ​មាន​ការ​ប្រកាស​ទិន្នន័យ​និយាមការ​បង្គោល​ព្រំដែន​នៅ​ខាង​ស្រុក​ពញាក្រែក​នោះ ​លោក​វ៉ា គឹមហុង​បាន​តាំងពី​លោក​រៀនមក​លោក​មិន​ដែល​ឃើញ​មាន​ការ​ប្រកាស​បែប​នេះ​ទេ។

រឿង​ទី​២​ទាក់ទង​នឹង​ការ​វាស់វែង​បង្គោល​ព្រំដែន​លេខ​១២៦ និង​១២៧​នោះ លោក​វ៉ា គឹមហុង​អ្នក​ជំនាញ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​ប្រាប់​អោយ​ដឹង​ថា ចំនុច​ទាំងពីរ​កន្លែង​នេះ​នៅ​មិន​ទាន់​បាន​ឯកភាព​ជាមួយ​ភាគី​វៀតណាម​នៅ​ឡើយ​ទេ។ ហើយ​ថា​អ្នកជំនាញ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កំពុង​បន្ត​ពិភាក្សា​គ្នា។

យោងតាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នកកាសែត​ដែល​ទៅតាម​យកព័ត៌មាន​ដល់​កន្លែង​កើត​ហេតុ ក៏​ដូចជា​ការ​អះអាង​របស់​អ្នកតំណាងរាស្ត្រ​គណបក្សសម រង្ស៊ី​ខ្លួនឯង គឺ​មិនមាន​ការ​រារាំង​អ្វី​ឡើយ​ពី​សំណាក់​អាជ្ញាធរ ចំពោះការចុះពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាម នៅខេត្តកំពង់ចាមនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI