រដ្ឋាភិបាលឆ្លើយតបបក្សប្រឆាំងលើការងាររ៉ែប្រេងកាតនិងឧស្ម័នប៉ុន្តែមិនទទួលបានការពេញចិត្ត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មន្ត្រីគណបក្សប្រឆាំងបានថ្លែងនៅថ្ងៃ នេះថា ខ្លួនមិនទាន់ពេញចិត្តចំពោះអ្វីដែលរដ្ឋាភិបាលកម្ពុជាបានឆ្លើយតប នឹងការស្នើឆ្លើយបំភ្លឺរបស់ខ្លួនលើបញ្ហាពាក់ព័ន្ធនឹងការងាររ៉ែ ប្រេងកាតនិងឧស្ម័ន ព្រមទាំងការបង់កម្រៃ២៨លានដុល្លាររបស់ក្រុមហ៊ុនប្រេងតូតាល់ឲ្យ រដ្ឋាភិបាលទេ។ ការមិនពេញចិត្តដោយសារចម្លើយទាំងនោះមិនបានគ្រប់ជ្រុងជ្រោយ និងមិនទាន់មានតម្លាភាព។ ប៉ុន្តែរដ្ឋាភិបាលថាអ្វីៗបានធ្វើឡើងដោយតម្លាភាព។
សេចក្តីរាយការណ៍របស់ នេត្រ ភក្រ្តា
ក្រុមមន្ត្រីគណបក្សប្រឆាំងបានថ្លែងនៅថ្ងៃនេះថា ខ្លួននឹងបន្តធ្វើការសិក្សាស្រាវជ្រាវនិងស្វែងរកឲ្យមានតម្លាភាពកាន់តែច្រើនឡើងថែមទៀតចំពោះការចំណាយដែលនឹងបានមកពីធនធានរ៉ែប្រេងកាតនិងឧស្ម័នព្រមទាំងការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្គមបានមកពីក្រុមហ៊ុនប្រេងនានា។ ការថ្លែងរបស់លោកតំណាងរាស្ត្រ យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី ធ្វើឡើងដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះចម្លើយរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាចំពោះសំណួរចោទឡើងដោយលោកតំណាងរាស្ត្រ សុន ឆ័យទាក់ទងនឹងការងាររ៉ែប្រេងកាតនិងឧស្ម័ននិងការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្គម។
លោកយឹម សុវណ្ណ បានបន្តថាការឆ្លើយតបរបស់រដ្ឋាភិបាល មិនទាន់ច្បាស់នៅឡើយទេ ហើយក៏គ្មានតម្លាភាពដែលអនុញ្ញាតឲ្យមានការប្រព្រឹត្តិអំពើពុករលួយ។ លោកបានបញ្ជាក់ថា គណបក្សប្រឆាំងនឹងសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិដើម្បីប្រឆាំងរឿងនេះ។ រដ្ឋាភិបាលកម្ពុជាតាមរយៈលោកឧបនាយករដ្ឋមន្ត្រីសុខ អានរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានឆ្លើយតបទៅនឹងសំណួររបស់តំណាងរាស្ត្របក្សប្រឆាំងតាមរយៈលិខិតជាលាយលក្ខណ៍អក្សរមួយអំពីបញ្ហារ៉ែប្រេងកាតនិងឧស្ម័នព្រមទាំងការបង់កម្រៃជាប្រាក់២៨លានដុល្លារអាមេរិករបស់ក្រុមហ៊ុនតូតាល់មកឲ្យរដ្ឋាភិបាលកម្ពុជា។
នៅក្នុងលិខិតទទួលបាននៅថ្ងៃនេះលោកសុខ អាន បានឲ្យដឹងថា រហូតមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនដែលឲ្យអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនប្រេងកាតណាទេ ប៉ុន្តែធ្លាប់បានចុះកិច្ចព្រមព្រៀងប្រេងកាតជាមួយគ្នាសម្រាប់ឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវសែ្វងរុករកធនធានប្រេងកាតនិងឧស្ម័ន។ បើតាមលោកសុខ អានក្រុមហ៊ុនដែលទទួលបានកិច្ចព្រមព្រៀងប្រេងកាតពីរដ្ឋាភិបាលកម្ពុជាកន្លងមកនិងបច្ចុប្បន្នមានប្រមាណ២៤ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនខ្លះបានចាកចេញពីកម្ពុជាទៅហើយ ដោយសារធនធានប្រេងកាតនិងឧស្ម័នកម្ពុជាមិនអាចអភិវឌ្ឍបានក្នុងលក្ខណៈពាណិជ្ជកម្ម។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានពន្យល់ទៀតថា ក្រុមហ៊ុនមិនត្រូវបានឲ្យបង់កម្រៃអ្វីទាំងអស់មុនទទួលបានកិច្ចព្រមព្រៀងប្រេងកាតទោះបីថ្លៃពាក្យសុំក៏ដោយ ខណៈដែលប្រទេសផ្សេងទៀតតែងតែយក។ ប៉ុន្តែពេលបានកិច្ចព្រមព្រៀងក្រុមហ៊ុនអាចនឹងត្រូវបង់កម្រៃខ្លះដូចជាប្រាក់រង្វាន់ចុះហត្ថលេខានិងមូលនិធិអភិវឌ្ឍន៍សង្គម ប៉ុន្តែមិនមែនជាកាតព្វកិច្ចចាំបាច់ដែលត្រូវតែបង់ទេ។ នេះអាស្រ័យលើការចរចាដោយផ្អែកលើសក្តានុពលប្រេងប៉ាន់ស្មានក្រោមដី ហើយថវិកាដែលបានមកត្រូវបានគ្រប់គ្រងរួមគ្នាដោយក្រសួងសេដ្ឋកិច្ចនិងអាជ្ញាធរប្រេងកាតជាតិកម្ពុជា។ នេះគឺជាការគួសបញ្ជាក់របស់លោកសុខ អាន នៅក្នុងលិខិតឆ្លើយបំភ្លឺ។ លោកក៏បានគូសបញ្ជាក់ថា គ្មានការបង់កម្រៃណាមួយឲ្យទៅបុគ្គលជាមន្ត្រីរាជរដ្ឋាភិបាលដោយផ្ទាល់ទេ អ្វីៗត្រូវធ្វើឡើងដោយកិច្ចព្រមព្រៀង និងចូលទៅក្នុងគណនីដែលកំណត់ដោយរដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ