កម្ពុជា

កម្ពុជា​បង្ហាញ​ឆន្ទៈ​ជំរុញ​ការនាំ​អង្ករ​ចេញ

កម្ពុជា​ចង់​ជំរុញ​ការនាំ​ចេញ​អង្ក​ទៅ ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន​កាន់​តែ​ច្រើន
កម្ពុជា​ចង់​ជំរុញ​ការនាំ​ចេញ​អង្ក​ទៅ ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន​កាន់​តែ​ច្រើន ©reuters

ប្រទេស​កម្ពុជា​បង្ហាញ​ឆន្ទៈ​ជំរុញ​ការនាំ​អង្ករ​ចេញ។ ការ​បង្ហាញ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការនាំ​អង្ករ​ចេញ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ប្រទេស​ក្រីក្រ​មួយ​នេះ​ខ្វះ​ទីផ្សារ​អង្ករ និង​ស្រប​ពេល​ដែល​ប្រទេស​នេះ​បាន​នាំ​ស្រូវ​ចេញ​ច្រើន​ជាង​នាំ​អង្ករ​ចេញ។

ផ្សាយពាណិជ្ជកម្ម

បទ​អន្តរាគមន៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ

ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​អនុម័ត​ឯកសារ​គោល​នយោបាយ​ស្ដីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ។ ឯកសារ​នេះ​មាន​គោល​ដៅ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ជាពិសេស​ជំរុញ​ការផលិត​ស្រូវ និង​ការនាំ​ចេញ​អង្ករ។

ដើម្បី​សម្រេច​បាន​ទស្សនៈ​វិស័យ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យុទ្ធសាស្ត្រ​ចម្បងៗ​មួយ​ចំនួន ដូចជា៖ ការកសាង​ផ្លូវថ្នល់ ធារាសាស្ត្រ ថាមពល​អគ្គិសនី កំណែ​ទម្រង់​ដីធ្លី។ល។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​ចង់​ប្រែក្លាយ​កសិកម្ម​ចិញ្ចឹម​ឆ្នាំង​អោយ​ក្លាយ​ទៅជា​កសិកម្ម​សម្រាប់​លក់ដូរ​ធ្វើ​ពាណិជ្ជកម្ម​ទៅវិញ។ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ធ្លាប់​បាន​បង្ហាញ​មហិច្ឆតា​ចង់​អោយ​កម្ពុជា​ក្លាយ​ទៅជា​ប្រទេស​នាំ​អង្ករ​ចេញ​ដ៏​ធំ​មួយ នៅ​ក្នុង​ពិភពលោក។ ប្រទេស​កម្ពុជា​បាន​ចាត់​ទុក​អង្ករ គឺ​ជា​មាស ស។

នា​ពេល​កន្លង​មក​ ប្រទេស​កម្ពុជា​មិនទាន់​បាន​នាំ​អង្ករ​ចេញ​ច្រើន​ទៅ​លើ​ទីផ្សារ​អន្តរជាតិ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រទេស​ក្រីក្រ​មួយ​នេះ​បាន​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​ជិតខាង​យ៉ាង​ច្រើន ហើយ​ប្រទេស​ជិតខាង​ទាំងនេះ​បាន​កិន​ស្រូវ​ចេញ​ជា​អង្ករ​ដើម្បី​នាំ​បន្ត​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ការធ្វើ​យ៉ាង​នេះ ប្រទេស​ជិតខាង​ជា​អ្នក​ចំណេញ​តម្លៃ​បន្ថែម​យ៉ាង​ច្រើន រីឯ​កម្ពុជា​វិញ​ជា​អ្នក​ខាតបង់។ ដូច្នេះ ការ​អនុម័ត​ឯកសារ​គោល​នយោបាយ​ស្ដីពី​ការ​ជំរុញ​ការ​នាំ​អង្ករ​ចេញ​គឺ​មាន​ន័យ​ថា​កម្ពុជា​ត្រូវតែ​ធ្វើ​យ៉ាងណា​នាំ​អង្ករ​ចេញ​ដោយ​ខ្លួន​ឯង​មិន​ចាំបាច់​ដក​ដង្ហើម​តាម​ប្រទេស​វៀតណាម​ឬ​ប្រទេស​ថៃ​ទៀត។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​ថៃ​គឺ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​បាន​ច្រើន​ជាង​គេ នៅ​លើ​ពិភពលោក ពោល​គឺ​ប្រទេស​មួយ​នេះ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ​ជា​៦​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។ បន្ទាប់​មក​គឺ​ប្រទេស​វៀតណាម ប្រទេស​ជិតខាង​មួយ​នេះ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ​ជា​៤​លាន ទៅ​៥​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។

លោក​អ៊ុត រ៉េន ប្រធាន​សមាគម​ឧស្សាហកម្ម​ធុន​តូច និង​មធ្យម​កម្ពុជា​​និង​ជា​អ្នក​សម្របសម្រួល​ការ​នាំ​អង្ករ​ចេញ​ដែរ​នោះ​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​អាច​ក្លាយ​ប្រទេស​នាំ​អង្ករ​ចេញ​ដ៏​ធំ​មួយ នៅ​លើ​ពិភព​លោក​បាន​ប្រសិន​បើ​ប្រទេស​នេះ​ខិតខំ​បន្ត​ការកែ​ទម្រង់​ក្នុង​វិស័យ​កសិកម្ម​អោយ​ស៊ីជម្រៅ​នោះ។

បច្ចុប្បន្ន ប្រទេស​កម្ពុជា​ផលិត​ស្រូវ​បាន​ជាង​៧​លាន​តោន។ ការប្រើប្រាស់​ក្នុង​ស្រុក​មាន​បរិមាណ​ប្រហែល​៣​លាន​តោន។ ដូច្នេះ​ប្រទេស​កម្ពុជា​នៅ​សល់​ស្រូវ​ប្រមាណ​ជា​៣​លាន​តោន​ទៀត​សម្រាប់​ធ្វើ​ការ​នាំចេញ។​ប៉ុន្តែ​ជាអកុសល នា​ពេល​កន្លង​មក កម្ពុជា​បាន​នាំ​ស្រូវ​ចេញ​ច្រើន​ជាង​ការនាំ​អង្ករ​ចេញ។

ការសិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​ថា ប្រជាជន​ខ្មែរ​ម្នាក់​បាន​ហូប​អង្ករ​អស់​១៥៨​គីឡូ​ក្រាម​ក្នុង​មួយ​ឆ្នាំៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI