អានតួអត្ថបទ
កម្ពុជា

ប្រជា​សហគមន៍​ព្រៃឈើ​ស្វែង​រក​កិច្ច​គាំទ្រ​ដើម្បី​ការពារ​ព្រៃឡង់

ប្រជាជនសហគមន៍​ជនជាតិ​ភាគតិច​​តវ៉ាទៅ​នាយក​រដ្ឋមន្រ្តី​ដើម្បី​សុំ​ឲ្យ​មាន​ការការពារ​ព្រៃឡង់​
ប្រជាជនសហគមន៍​ជនជាតិ​ភាគតិច​​តវ៉ាទៅ​នាយក​រដ្ឋមន្រ្តី​ដើម្បី​សុំ​ឲ្យ​មាន​ការការពារ​ព្រៃឡង់​ ©សុវណ្ណារ៉ា
ដោយ៖ លី ម៉េងហួរ
៣២ នាទី

នៅពុធ​ទី ៣០​មិថុនា នេះ តំណាង​សហគមន៍​អ្នកការពារ​ព្រៃឈើ មកពី​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ បាន​ធ្វើដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ ស្វែងរក​ការគាំទ្រ​ពី​សំណាក់​អាជ្ញាធរ​ជំនាញ និង​លោក​ប្រមុខ​រដ្ឋាភិបាល ហ៊ុន សែន ដើម្បី​ការពារ​ព្រៃឡង់។ ព្រៃឡង់ ជា​ប្រភេទ​ព្រៃស្រោង ដែល​លាតសន្ធឹង​ក្នុង​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ។ ក្រុម​ប្រជា​សហគមន៍​ក្រីក្រ និង​ជនជាតិ​ភាគតិច រាប់​ម៉ឺន​នាក់ ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​ដោយសារ​ការរុករក​អនុផល​ព្រៃឈើ ក្នុង​តំបន់​ព្រៃឡង់​នោះ។

ផ្សាយពាណិជ្ជកម្ម

បទ​អន្តរាគមន៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ ៣០ មិថុនា​នេះ តំណាង​សហគមន៍ ដែល​ភាគច្រើន ជា​ជនជាតិ​ភាគតិច ប្រមាណ ១២០ នាក់ បាន​លើកគ្នា ទៅ​ដាក់​ញត្តិ នៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជិត​វិមាន​ឯករាជ្យ ដាក់​ទៅ​កាន់​ក្រសួង​កសិកម្ម និង​នៅ​រដ្ឋបាល​ព្រៃឈើ​។ លិខិត​នោះ គឺ​គាំទ្រ​វិធាន​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ដាក់​ចេញ​ដោយ​លោកនាយក​រដ្ឋមន្ត្រី។

ក្រុម​តំណាង​បណ្ថាញ​សហគមន៍​ព្រៃ​ឡង់ មកពី​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ នៅ​ព្រឹកមិញ ក៏​បាន​ជួបជុំ ថ្លែង​សារទុក្ខ​ម្តងម្នាក់ៗ ជុំវិញ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ និង​ការផ្តល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន នៅ​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​ទាំង​៤​នេះ។
ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ តំណាង​សហគមន៍​មកពី​តំបន់​ព្រៃឡង់ បាន​លើក​ឡើង​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច-សម្បទាន​រ៉ែ ការកាប់បំផ្លាញ​ព្រៃឈើ ការធ្វើ​អាជីវកម្ម​ឈើ​ប្រណិត និង​ការកាប់​រានដី​ធ្វើ​កម្មសិទ្ធិ​ក្នុង​តំបន់​ព្រៃ​ឡង់ កំពុង​ធ្វើ​ឲ្យ​ប្រជាជនសហគមន៍ នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ជួប​នូវ​វិបត្តិ និង​មាន​ក្តីព្រួយបារម្ភ​យ៉ាងខ្លាំង។

តំណាង​សហគមន៍​ព្រៃឈើ​បាន​អះអាងថា ព្រៃឡង់ ជា​មុខរបរ​ប្រពៃណី​របស់​ពួកគេ ក្នុង​ការប្រមូល​ផល និង​អនុផល​ព្រៃឈើ បោចវល្លិ៍ ដង​ជ័រ រក​ផ្តៅ និង​រក​ឃ្មុំ​។ល។ និង​។ល។ សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ។ តែ​ដល់​ពេល​រដ្ឋាភិបាល​ប្រគល់​ដីព្រៃ​ទាំងនោះ ដល់​ក្រុមហ៊ុន គឺ​ប្រជាជន មិន​អាច​ទៅ​ប្រកប​របរ​ក្នុងព្រៃ និង​ធ្វើស្រែ​ចំការ បាន​ដូច​មុន​ទេ។

ក្រុម​តំណាង​សហគមន៍​មកពី​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ នៅថ្ងៃនេះ បាន​ទទូច​សុំ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់វិធានការ ថែរក្សា​ការពារ​តំបន់​ព្រៃ​ឡង់ និង​បន្ត​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្ត​ទៀត។
ព្រៃ​ឡង់ គឺជា​ព្រៃស្រោង ស្ថិតនៅក្នុង​តំបន់​ទំនាប​នៃ​ប្រទេស​កម្ពុជា ដែល​សេសសល់ នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ព្រៃ​នេះ មាន​ទំហំ​ប្រហែល ៣,៦០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ ប្រជាជន​រាប់​ម៉ឺន​នាក់ ដែល​រស់នៅ​ពឹងផ្អែក​លើ​ការ​រក​អនុផល​ពី​ព្រៃ​ឡង់ ដែល​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​កួយ រស់នៅ​ក្នុងភូមិ​ចំនួន ៣៣៩ ភូមិ ហើយក៏​មាន​ប្រជាជន​រាប់​ម៉ឺន​នាក់ ដែល​រស់នៅ​ក្នុងភូមិ​ចំនួន ៤៥០ ផ្សេងទៀត ដែល​ស្ថិតនៅ​ចំងាយ​ប្រហែល ១០ គីឡូម៉ែត្រ ជុំវិញ​ព្រៃ​ឡង់ ក៏​បាន​ចូល​ទៅ​រុករក​ផល និង​អនុផល ពី​ព្រៃឡង់​ផងដែរ។

ក្រៅពី​ផ្តល់​ផល និង​អនុផល ព្រៃឡង់​ក៏​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​វប្បធម៌​ប្រពៃណី ជំនឿ​សាសនា និង​សេដ្ឋកិច្ច ដែល​សំបូរ​ទៅ​ដោយ​ជីវចម្រុះ ជា​ជំរក​សត្វព្រៃ​គ្រប់​ប្រភេទ។ តំបន់​ព្រៃ​នោះ ក៏​ជា​ព្រៃ​ទាក់ទាញ​ទឹកភ្លៀង ការពារ​ទឹកជំនន់ និង​ខ្យល់ព្យុះ និង​ផ្តល់​ប្រភពទឹក ដើម្បី​រក្សា​លំនឹង​ទឹកហូរ ផ្តល់​ជីជាតិ​ដល់​តំបន់​ទំនាប តាម​បណ្តោយ​ដង​ទន្លេមេគង្គ សម្រាប់​ធ្វើស្រែ​ចំការ និង​ជួយ​ទប់ស្កាត់​ដល់​ការប្រែប្រួល​អាកាសធាតុ​ថែមទៀត​ផង។

មន្ត្រី​រដ្ឋាភិបាល នៅថ្ងៃនេះ បាបង្ហាញ​ឆន្ទះ ទទួយក​នូវ​រាល់​កង្វល់​ទាំង​អម្បាមាណ​របស់​ប្រជាជន​សហគមន៍​ព្រៃឈើ​នោះ ហើយ​អះអាងថា រដ្ឋាភិបាល កំពុងតែ​អនុវត្ត​វិធានការ​ក្តៅ ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ដកហូត​ដី​សម្បទាន​សេដ្ចកិច្ច។

លោក​ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា រាល់​កង្វល់​របស់​ប្រជា​សហគមន៍​ព្រៃឈើ នៅ​ក្នុង​កាលៈទេសៈ​នេះ ជា​ការចូលរួម​ផ្តល់​នូវ​ព័ត៌មាន​មួយ ដ៏​មាន​សារៈសំខាន់ នៅក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។ ម្យ៉ាងទៀត រដ្ឋាភិបាល​ក៏​បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ហូរហែ ដែល​បាន​ប្រព្រឹត្តិ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង ដូចជា រំលោភបំពាន​ដី​សហគមន៍ និង​ការកាប់​រានព្រៃ ទុក​ដីទំនេរ ជាដើម។ នេះ​ជា​វិធានការ ដែល​រដ្ឋាភិបាល បាន និង​បន្ត​ធ្វើ ដើម្បី​កាត់បន្ថយ​បទល្មើស ដែល​ជា​ក្តី​កង្វល់​របស់​ប្រជា​សហគមន៍​ព្រៃឈើ។

សូម​រម្លឹកថា វិធានការ​ណ៍ក្តៅ និង​ការចាប់​រឹបអូស​ឈើប្រណិត រួមទាំង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវបាន​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​អនុវត្ត ចាប់តាំងពី​ថ្ងៃ​ផ្លាស់ប្តូរ​តំណែង​ប្រធាន​រដ្ឋបាល​ព្រៃឈើ កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១០។ ឈើប្រណិត​រាប់ពាន់​ម៉ែត្រគូប ត្រូវបាន​រឹបអូស និង​ឈ្មួញ​ឈើ​ប្រមាណ ១០០ នាក់ ត្រូវបាន​ចាប់ខ្លួន បញ្ជូន​ទៅ​កាត់ទោស​នៅ​តុលាការ​។ ក៏​ប៉ុន្តែ​នៅក្នុង​ខែ​ឧសភា និង​ខែ​មិថុនា​កន្លងមកនេះ វិធានការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ហាក់​ដូចជា ស្ងាត់ស្ងៀម​បន្តិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ