អានតួអត្ថបទ
កម្ពុជា

អង្គការ Global Witness​ ស្វាគមន៍​រដ្ឋាភិបាល​បង្ហាញ​របាយការណ៍​រ៉ែ​ប្រេង​

កិច្ច​ព្រមព្រៀង​​រុក​រករ៉ែ​​ ប្រេងកាត​​ ដែល​​ចុះ​ហត្ថលេខា​​ដោយ​ក្រុមហ៊ុន​ប្រេង​​បរទេស​មួយ​ចំនួន​
កិច្ច​ព្រមព្រៀង​​រុក​រករ៉ែ​​ ប្រេងកាត​​ ដែល​​ចុះ​ហត្ថលេខា​​ដោយ​ក្រុមហ៊ុន​ប្រេង​​បរទេស​មួយ​ចំនួន​ © AFP/ Pius Utomi Ekpei
ដោយ៖ បូលីន ដាវីដ
1 នាទី

អង្គការ​ឃ្លាំមើល​បរិស្ថាន​អន្តរជាតិ​ Global Witness ​បាន​ថ្លែង​ស្វាគមន៍​នៅ​ថ្ងៃនេះ​ចំពោះ​ការ​បង្ហាញ​របស់​ រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​អំពី​កិច្ច​ព្រមព្រៀង​រុក​រករ៉ែ​ ប្រេងកាត​ ដែល​ចុះ​ហត្ថលេខា​ដោយ​ក្រុមហ៊ុន​ប្រេង​បរទេស​មួយ​ចំនួន។ ​ប៉ុន្តែ​នៅ​តែ​ចង់​ដឹង​ពី​វិធី​សាស្ត្រ​​នៃ​ការ​ទូទាត់​ប្រាក់ ​និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ព័ត៌មាន​បន្ថែម​ទៀត។ ​​ក្រុម​មន្ត្រី​បាន​ច្រាន​ចោល​ចំពោះ​ការ​អំពាវនាវ​នេះ​ដោយ​ថ្លែងថា​Global Witness​ តែង​តែ​តាម​បំផ្លាញ​កិត្តិយស​កម្ពុជា។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ នេត្រ ភក្រ្តា

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ Global Witness ​ដែល​បាន​ទទួល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អង្គ​ការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ​ ដែល​មាន​ស្នាក់​ការ​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​បាន​ស្វាគមន៍​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បង្ហាញ​អំពី​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​រុក​រក​រ៉ែ​ប្រេង​កាត​រវាង​រដ្ឋាភិបាល​កម្ពុជា​ ជា​មួយ​នឹង​ក្រុមហ៊ុន​ប្រេង​បរទេស​នានា។ ​កិច្ច​ព្រមព្រៀង​ រុក​រកប្រេង​ដែល​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​ហ៊ុន​ទាំង​ជាង ២០​ ដែល​បានចុះ​កិច្ច​ព្រមព្រៀង​រុករក​រ៉ែប្រេងកាត ​នៅ​ក្នុង​សមុទ្រ​កម្ពុជា ​ជាសាធារណៈ ​រួម​ទាំង​ព័ត៌មាន​អំពី​ការ​គ្រប់គ្រង​ ប្រាក់​រង្វាន់​ចុះហត្ថលេខា​ និង​ការ​ទូទាត់​ប្រាក់​ដទៃ​ទៀត​របស់​រដ្ឋាភិបាល​កម្ពុជា។ ​ លោក​សុខ អាន បាន​ថ្លែងថា ​ក្រុមហ៊ុន​ខ្លះ​បានចាក​ចេញ​ពី​កម្ពុជា​ទៅហើយ​ ដោយសារ​ធនធាន​ប្រេងកាត​និង​ឧស្ម័ន​កម្ពុជា​មិន​អាច​អភិវឌ្ឍ​បាន​ក្នុង​លក្ខណៈ​ពាណិជ្ជកម្ម​ រួម​នឹង​ការ​បង្ហាញ​ពី​គ្រប់គ្រង​ថវិកា​ដែល​បាន​ទទួល​ពី​ក្រុមហ៊ុន​ប្រេង​ផងដែរ​។

លោក​ Goerge Boden អ្នក​ដឹកនាំ​យុទ្ធនាការ​របស់​អង្គការ​ Global Witness ​បាន​ថ្លែង​នៅ​ក្នុង​របាយការណ៍​ថា Global Winess ​សូម​ស្វាគមន៍​​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក ​សុខ អាន​ ចំពោះ​សំណួរ​របស់​តំណាងរាស្រ្ត​គណបក្ស​ សម រង្ស៊ី ​និង​ការបង្ហាញ​ព័ត៌មាន​ថ្មីៗ​ពាក់ព័ន្ធ​នឹងការ​គ្រប់គ្រង​ថវិកា​ចូលរដ្ឋ​ដែល​បាន​មកពី​ធនធាន​រ៉ែ​ប្រេងកាត​។ ​Gobal Witness ​បាន​ហៅការ​បង្ហាញ​ព័ត៌មាន​នេះថា ​គឺ​ជា​ជំហាន​មួយ​ឆ្ពោះទៅ​កាន់​តម្លាភាព​នៅ​កម្ពុជា​ និង​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង។

ទន្ទឹម​នឹង​ការស្វាគមន៍​ចំពោះ​ការ​បង្ហាញ​ពីព័ត៌មាន​កម្រ​ទាក់ទងនឹង​ប្រេងនេះ ​អង្គការ​ Global Witness​ បានបន្ត​ចង់ដឹង​ពី​វិធីសាស្ត្រ​នៃការ​ទូទាត់ ​ឬការ​ផ្តល់ប្រាក់​ដល់​រដ្ឋាភិបាល​កម្ពុជា​ពីសំណាក់​ក្រុមហ៊ុន​ប្រេង​នានា ​ដូច​ជា​ករណី​ក្រុមហ៊ុន​ប្រេង​តូតាល់​ជាដើម​ដែល​កន្លងមក​បាន​ផ្តល់​​​ប្រាក់​ចំនួន​២៨​ លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា។​ អង្គការ​ Global Witness​ បាន​ថ្លែងថា ​រដ្ឋាភិបាល​មិនបាន​បង្ហាញ​ពី​កិច្ច​ព្រមព្រៀង​លម្អិត​ និង​ការទូទាត់​ប្រាក់​លម្អិត​ដែល​ទទួល​បានពី​ក្រុមហ៊ុន ហើយ​ថា​ តើ​ការ​ទូទាត់​ប្រាក់​ត្រូវ​ធ្វើនៅ​ស្ថាប័ន​ណា។ ​មន្ត្រី​អង្គការនេះ​បាថ្លែងថា ​រដ្ឋាភិ​បាល​​ គួរតែ​ចេញផ្សាយ​កិច្ច​ព្រមព្រៀង​លម្អិត​ជា​សាធារណៈ​ និង​មាន​តម្លាភាព​ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​មាន​ជំនឿ​ចិត្ត​ថា​ ជា​ការចរចា​ដ៏​ត្រឹម​ត្រូវ​​រវាង​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ឯកជន​រុករកប្រេង ​គឺពិត​ជាមាន​ពិត​ប្រាកដ​មែន។

ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា​ ខ្លួន​ក៏នឹង​បន្តធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​​ និងស្វែងរក​ឲ្យមាន​តម្លាភាព​កាន់តែ​ច្រើន​ឡើង​ថែមទៀត​ ចំពោះ​ការ​ចំណាយ​ដែល​នឹង​បាន​មក​ពី​ធនធាន​រ៉ែប្រេងកាត​ ព្រម​ទាំង​ការ​ប្រើ​ប្រាស់​មូលនិធិ​អភិវឌ្ឍន៍​សង្គម​បាន​មកពី​ក្រុមហ៊ុន​ប្រេង។ ​លោក​សុន ឆ័យ ​ដែលជា​អ្នកសួរ​សំណួរ​ទៅលោក​ឧបនាយក​ រដ្ឋមន្ត្រី​សុខ អាន ​បាន​ថ្លែង​ប្រាប់ថា ​រដ្ឋាភិបាល​មិន​ទាន់​បាន​បកស្រាយ​សំណួរ​សំខាន់ៗ​របស់​លោក​នៅឡើយទេ​ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​មូល​និធិ​អភិវឌ្ឍន៍​សង្គម។ ​លោក​បាន​ថ្លែង​ថា លោក​សុខ អាន មិន​បានផ្តល់​ព័ត៌មាន​អំពី​ការបង្កើត​មូលនិធិនេះ ​និង​បទប្បញ្ញត្តិ​ដែល​កំណត់ថា ​មូល​និធិនេះ​ត្រូវ​បាន​ចំណាយ​បែបណា​នោះទេ «តើលុយ​នេះ​ត្រូវ​បានត្រួត​ពិនិត្យ និង​គ្រប់គ្រង​ដោយ​របៀបណា? ​តើ​លុយ​ប៉ុន្មាន​ត្រូវ​បង់ចូល​មូលនិធិ?ជាដើម។

លោក​ផៃ​ ស៊ីផាន ​រដ្ឋ​លេខាធិការ​ និងជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​​បាន​ច្រានចោល​ការ​ទាមទារ​របស់​អង្គការ​ Global Witness ឲ្យ​រដ្ឋាភិបាល​ចេញ​ផ្សាយ​ព័ត៌មាន​បន្ថែម​ទៀត​ ដោយ​ថ្លែងថា ពួកគេ​បាន​ប្រើប្រាស់​បញ្ហា​ផ្ទាល់ខ្លួន​ដើម្បី​ប្រឆាំង​នឹង​លោក​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន ​និងថា​ ប្រាក់​ចំណូល​ទាំងអស់​ត្រូវ​ចូលទៅ​ក្នុង​ថវិកា​ជាតិ។ ​លោក​ផៃ​ ស៊ីផាន​បានថ្លែងថា​ រដ្ឋាភិបាល​កម្ពុជា​មិនធ្វើការ​តម្រូវ​ចិត្ត​គណបក្ស​ប្រឆាំង​ ឬ​អង្គការ​ Global Witness នោះទេ​ គឺ​ធ្វើការ​បម្រើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ទទួល​ខុសត្រូវ​ចំពោះមុខ​រដ្ឋសភា​ដែល​ជា​តំណាង​ ប្រជាជន​កម្ពុជា​ទាំងមូល។​ លោក​ផៃ​ ស៊ីផាន​ ថ្លែងថា​ អង្គការ​ Global Witness​ តែង​តែ​តាម​បំផ្លាញ​កិត្តិយស​ប្រទេស​ របស់​ប្រទេស​កម្ពុជា។​ ទោះបី​ជា​មាន​សម្ពាធ​ពីអង្គការ ​Global Witnessក្តី ​លោកផៃ​ ស៊ីផាន​ បានថ្លែងថា ​រដ្ឋាភិបាល​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ