អានតួអត្ថបទ
កម្ពុជា

ឌុច សុំ​ដក​មេធាវី​បារាំង លោក ហ្វ្រងស័រ រ៉ូហ្ស៍

លោក​មេធាវី François Roux និង​ឌុច ក្នុង​តុលាការ​ខ្មែរក្រហម
លោក​មេធាវី François Roux និង​ឌុច ក្នុង​តុលាការ​ខ្មែរក្រហម © ម៉េងហួរ
ដោយ៖ លី ម៉េងហួរ
១៩ នាទី

តុលាការ​កាត់ទោស​មេ​ខ្មែរក្រហម បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា លោក កាំ​ង ហ្កេក​អ៊ាវ ហៅ ឌុ​ច អតីត​មេ​គុក​ទួលស្លែង បាន​ស្នើ​សុំ​ដក​សហ​មេធាវី​បរទេស​របស់​គាត់ គឺ​លោក ហ្វ្រង​ស័រ រ៉ូ​ហ្ស៍ (Francois Roux)។អង្គភាព​គាំពារ​ការការពារ​ក្តី បាន​យល់ព្រម​តាម​សំណើ​របស់​ឌុច។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ

ការស្នើ​សុំ​ដក​មេធាវី​បារាំង​នោះ ត្រូវបាន​អតីត​មេ​គុក​ទួលស្លែង កាំង ហ្កេក​អ៊ាវ ហៅ ឌុច ដាក់​លិខិត​មួយ​ច្បាប់ ទៅ​កាន់​អង្គភាព​គាំពារ​ការ​ការពារ​ក្តី របស់​តុលាការ​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១០។​        ​

​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១០ បាន​បង្ហាញ​ថា អង្គភាព​គាំពារ​ការ​ការពារ​ក្តី បាន​សម្រេច​យល់ព្រម​តាម​សំណើ​របស់ ឌុច។ ជា​ការសម្រេច ដោយ​ផ្អែក​លើ​វិធីសាស្ត្រ ដែល​បាន​អនុវត្ត​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ យូហ្គោស្លាវី ឬ​តុលាការ​ឧក្រិដ្ឋកម្ម​កូនកាត់​ដទៃទៀត។ នោះ គឺ​តុលាការ បាន​យល់ព្រម​លើ​សំណើ​សុំ​ដក​មេធាវី ដោយ​ឈរ​លើ​មូលដ្ឋាន​ថា សវនាការ​របស់​ជន​ជាប់​ចោទ បាន​បញ្ចប់ ហើយ​កំពុង​រង់ចាំ​ការចេញ​សាល​ក្រម។ ដូច្នេះ ការដក​មេធាវី​ការពារ​ក្តី នឹង​មិន​បង្ក​ឲ្យមាន​ការពន្យារ​ដំណើរការ​នីតិវិធី​បច្ចុប្បន្ន​នោះ​ទេ។​

នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១០ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ឃើញ​ការ​ស្នើ​សុំ​ដក​លោក Roux ជា​សហ​មេធាវី​បរទេស របស់ លោក កាំង ហ្កេក​អ៊ាវ រួច​ហើយ។​
បន្ទាប់​ពី​ការ​ស្នើ​សុំ​នេះ​ ឌុច ចង់​បាន​មេធាវី​ចិន ដើម្បី​ការពារ​ក្តី ជំនួស​លោក​មេធាវី​បារាំង ហ្វ្រងស័រ រ៉ូហ្ស៍។ នេះ​តាម​ការបញ្ជាក់​នៅ​ថ្ងៃនេះ របស់​មេធាវី​ជាតិ លោក ការ សាវុត្ថ។

​លោក ការ សាវុត្ថ បាន​បន្ថែម​ថា ដោយសារ​តែ​រក​មេធាវី​ចិន មិន​បាន​ ឌុច ក៏​បាន​ឲ្យ​រូប​លោក រើស​មេធាវី​ខ្មែរ​ម្នាក់​បន្ថែម​ទៀត។ លោក​ក៏​បាន​ជ្រើសរើស​មេធាវី​ខ្មែរ​នោះ និង​បញ្ជូន​ឲ្យ​ឌុច រួច​ហើយ។ ប៉ុន្តែ​មិន​អាច​បញ្ចេញ​ឈ្មោះ​បាន​ទេ នៅ​ពេល​នេះ។​

​សូម​បញ្ជាក់​ថា នៅពេល​សន្និដ្ឋាន​បិទ​បញ្ចប់​សវនាការ​របស់ ឌុច លោក​មេធាវី​បារាំង ហ្វ្រងស័រ រ៉ូហ្ស៍ មាន​ជំហរ ផ្ទុយគ្នា នឹង​លោក​មេធាវី​ជាតិ ការ សាវុត្ថ។ នោះ​គឺ លោក​មេធាវី​បារាំង រ៉ូហ្ស៍ បាន​ស្នើសុំ​ដល់​ចៅក្រម​តុលាការ​សាលា​ដំបូង ឲ្យ​ផ្តន្ទាទោស ឌុច ត្រឹមតែ ៤០ ឆ្នាំ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​លោក​មេធាវី ការ សាវុត្ថ បាន​ស្នើ​សុំ​ដល់​តុលាការ ឲ្យ​លើកលែង​ទោស ឌុច ទាំង​ស្រុង ព្រោះ​ថា ឌុច ធ្វើ​តាម​តែ​បញ្ជា​ថ្នាក់​លើ​ប៉ុណ្ណោះ លើ​ការងារ​គ្រប់គ្រង​គុក​ទួលស្លែង ក្នុង​សម័យ​ខ្មែរ​ក្រហម។​

​សំណុំ​រឿង ០០១ ប្រឆាំង​នឹង​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹង​ត្រូវ​ប្រកាស​សេចក្តី​សម្រេច ឬ​ប្រកាស​សាលក្រម នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១០ បន្ទាប់ពី​សវនាការ​ជំនុំ​ជម្រះ រយៈពេល ៧៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០០៩។
​មាន​អាយុ ៦៨ ឆ្នាំ លោក កាំង ហ្កេកអ៊ាវ ជា​ប្រធាន​នៃ​មន្ទីរ​សន្តិសុខ របស់​របប​ខ្មែរក្រហម ឬ គុក​ទួលស្លែង ដែល​នាំ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ១៦.០០០ នាក់ ចន្លោះ​ពី​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ