ពណ៌សម្បុរនយោបាយជាថ្នាំបន្សាបឥទ្ធិពលរបស់សហជីព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៤៨
តំណាងសហជីព និងតំណាងនិយោជកទើបតែបានបើកកិច្ចចរចាគ្នា កាលពីថ្ងៃទី៨កក្កដា អំពី ដំឡើងប្រាក់ឈ្នួលជូនកម្មករក្នុងវិស័យកាត់ដេរ។ ការមិនចុះសម្រុងគ្នា ក្នុងចំណោមសហជីពចំពោះចំនួនទឹកប្រាក់ដែលត្រូវទាមទារ និងការខ្វែងគំនិតគ្នាចំពោះសំណើរបស់រដ្ឋាភិបាលស្តីពី ដំឡើងប្រាក់ឈ្នួលបានបង្ហាញយ៉ាងច្បាស់អំពីពណ៌សម្បុរនយោបាយរបស់ សហជីព។ ពណ៌សម្បុរនយោបាយដែលធ្វើឲ្យសហជីពបាត់បង់តួនាទីរបស់ខ្លួនក្នុង ការការពារផលប្រយោជន៍របស់កម្មករ។
សហជីពដែលជាអ្នកការពារផលប្រយោជន៍របស់កម្មករបាន និងកំពុងធ្វើឲ្យបាត់បង់តួនាទីរបស់ខ្លួនបន្តិចម្តងៗ ដោយសារតែការមិនចុះសម្រុងគ្នាក្នុងចំណោមពួកគេ។ ប្រធានបទនៃការទាមទារដំឡើងប្រាក់ឈ្នួលកម្មករដែលកំពុងក្លាយជាបច្ចុប្បន្នភាពដ៏ក្តៅគគុក នៅពេលនេះអាចឆ្លុះបញ្ចាំងបានអំពីការបែកបាក់ដែលធ្វើឲ្យឥទ្ធិពលរបស់សហជីពចុះខ្សោយនៅចំពោះមុខនិយោជក។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មានសហជីពខ្លះទាមទារដំឡើងប្រាក់ខែគោលឲ្យកម្មករកាត់ដេរឲ្យបានជាង៧០ដុល្លារ សហជីពខ្លះទៀតទាមទាររហូតដល់ជាង៩០ដុល្លារ រីឯ សហជីពមួយចំនួនទៀតបានគាំទ្រការដំឡើងប្រាក់ឈ្នួលតាមសំណើរបស់រដ្ឋាភិបាល ត្រឹម៦១ដុល្លារក្នុងមួយខែ។ តើអ្វីទៅជាសេចក្តីត្រូវការពិតប្រាកដរបស់កម្មករដែលសហជីពត្រូវទាមទារ? នេះជាចំណោទដែលស្តែងចេញពីជំហរខុសគ្នារបស់សហជីព។
ជាការពិតណាស់ សហជីពបានរីកដុះដាលដូចផ្សិតត្រូវទឹកភ្លៀង ជាពិសេស នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។ ការរីកដុះដាលរបស់សហជីព គឺជាសញ្ញាល្អ៖ ទី១ វាបង្ហាញពីការយកចិត្តទុកដាក់ការពារសិទ្ធិរបស់កម្មករ ដើម្បីចៀសផុតពីការរំលោភបំពានពីសំណាក់និយោជក និងទី២ វាបង្ហាញឲ្យឃើញពីសេរីភាពដ៏ទូលំទូលាយក្នុងការបង្កើតសហជីព នៅកម្ពុជាផងដែរ។ ប៉ុន្តែ ចាស់បុរាណបានពោលថា «គ្នាច្រើនអន្សមខ្លោច»។ យ៉ាងណាមិញ វត្តមានដ៏ច្រើនលើសលប់របស់សហជីពមិនប្រាកដថា ផលប្រយោជន៍របស់កម្មករត្រូវបានការពារនោះឡើយ។
ម្យ៉ាងទៀត បញ្ហានឹងរឹតតែស្មុគស្មាញកាន់តែខ្លាំង នៅពេលដែលសហជីពនីមួយៗសុទ្ធតែមានបង្កប់ដោយនិន្នាការនយោបាយនៅពីក្រោយខ្នង។ក្នុងករណីនេះ សហជីពតែងតែបង្ហាញឲ្យឃើញពីភាពលំអៀងខាងនយោបាយច្រើនជាងការការពារផលប្រយោជន៍ពិតប្រាកដរបស់កម្មករ។ ពណ៌សម្បុរនយោបាយ នៅក្នុងសហជីព គឺជាដើមចមនៃការខ្វែងគំនិតគ្នាក្នុងចំណោមអ្នកដឹកនាំសហជីពដែលទោះតិច ឬច្រើនបានធ្វើឲ្យសហជីពបាត់បង់តួនាទីរបស់ខ្លួនក្នុងការការពារផលប្រយោជន៍របស់កម្មករ។ ការខ្វែងគំនិតគ្នាក្នុងការទាមទារដំឡើងប្រាក់ឈ្នួលជូនកម្មករនៅពេលនេះជាឧទាហរណ៍ជាក់ស្តែងមួយ។
ក្រុមសហជីពដែលមាននិន្នាការលំអៀងទៅរដ្ឋាភិបាលបាននាំគ្នាគាំទ្រសំណើរបស់រដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួលក្នុងកម្រិត៦១ដុល្លារ ខណៈដែលសហជីពដែលមាននិន្នាការប្រឆាំងបានគំរាមធ្វើកូដកម្ម។ តើមេដឹកនាំសហជីពទាំងអស់នោះពិតជាមានចេតនាការពារផលប្រយោជន៍កម្មករពិតប្រាកដមែនឬ? អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្នុងនាមសហជីព គេគួរយល់បានអំពីសេចក្តីត្រូវការរបស់កម្មករ។ ដូច្នេះ សហជីពគួរណាស់តែឯកភាពគ្នាដើម្បីទាមទាររកដំណោះស្រាយដោយផ្អែកលើផលប្រយោជន៍របស់កម្មករផង និងលទ្ធភាពជាក់ស្តែងនៃសេដ្ឋកិច្ចក្នុងវិស័យដែលខ្លួនកំពុងបំពេញការងារផង។ ប្រសិនបើគ្មានផលប្រយោជន៍នយោបាយមកលាយឡំទេនោះ គេជឿជាក់ថា គ្មានអ្វីដែលគួរឲ្យខ្វែងគំនិតគ្នាបែបនេះឡើយ។ ក្រៅពីពណ៌សម្បុរនយោបាយ សហជីពខ្លះក៏បានបណ្តោយខ្លួនឲ្យស្ថិតនៅក្រោមឥទ្ធិពលនៃប្រាក់ដុល្លារដែលធ្វើឲ្យពួកគេស្រវាំងភ្នែកមើលមិនសូវឃើញការលំបាកពិតប្រាកដរបស់កម្មករ។
សរុបមកវិញ ដើម្បីឲ្យសហជីពអាចបំពេញតួនាទីរបស់ខ្លួនឲ្យចំគោលដៅ មេដឹកនាំសហជីពគួរទុកផលប្រយោជន៍នយោបាយ ឬផលប្រយោជន៍ផ្ទាល់ខ្លួនមួយអន្លើរ ដោយនាំគ្នាផ្តោតអារម្មណ៍ទៅលើការការពារផលប្រយោជន៍របស់កម្មករនិយោជិតជាធំ។ «សាមគ្គីជាកម្លាំង»នេះជាទស្សនៈវិជ្ជាដែលសហជីពត្រូវប្រកាន់យក។ នយោបាយរូបនីយកម្មនៅក្នុងសហជីព គឺជាថ្នាំបន្សាបឥទ្ធិពលរបស់សហជីព នៅចំពោះមុខនិយោជក។ រីឯកម្មករនៅតែរងារគ្មានអ្នកការពារពិតប្រាកដតែដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ