កម្ពុជា ប្រកាសយកបញ្ហាជម្លោះព្រំដែនជាមួយថៃ ទៅកាន់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃច័ន្ទ ទី៩សីហានេះ លោកប្រមុខរដ្ឋាភិបាល ហ៊ុន សែន បានប្រកាសថា កម្ពុជា បានត្រៀមលក្ខណៈរួចរាល់ ដើម្បីប្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រសិនបើថៃវាយប្រហារ ដោយអាវុធលើកម្ពុជា។ ជាមួយនឹងសេចក្តីប្រកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បង្កើតអង្គសន្និសីទមួយ ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។
បទអន្តរាគមន៍របស់ លី ម៉េងហួរ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដោយដំឡើងសម្លេងសម្តីខ្លាំងៗ នៅថ្ងៃច័ន្ទនេះថា ឥឡូវនេះ កម្ពុជាបានត្រៀមលក្ខណៈរួចហើយ ចំពោះបញ្ហាព្រំដែន បើសិនថៃឈ្លានពាន និងបង្កសង្គ្រាមដូចសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីថៃ។ ទី១- កម្ពុជាត្រូវទប់ទល់នឹងសង្គ្រាមឈ្លានពាន នៅក្នុងទឹកដីរបស់ខ្លួន និងទី២- កម្ពុជា បានត្រៀមលិខិតរួចរាល់ហើយ ដើម្បីបញ្ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខ សុំឲ្យកោះប្រជុំជាបន្ទាន់ លើសភាពការណ៍ព្រំដែនកម្ពុជា-ថៃ។
ក្រៅពីយុទ្ធសាស្ត្រ ត្រៀមទប់ទល់នឹងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ លោកប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសអំពាវនាវដល់បណ្តាប្រទេស សហគមន៍អន្តរជាតិ ជាពិសេសប្រទេសជាមិត្តរបស់កម្ពុជា និងប្រទេសជាមិត្តរបស់ថៃទាំងអស់ ប្រសិនបើមានការស្រុះស្រួលគ្នា គួរតែរៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីជជែកពិភាក្សា រកដំណោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួន ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែនគ្រប់ពេល ទោះជានៅអង្គការសហប្រជាជាតិ និងទោះជានៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ក៏ដោយ។
សេចក្តីប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាខាងលើនេះ ក៏ដោយសារតែយន្តការចរចាទ្វេភាគី រវាងរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន មកដល់ពេលនេះ ត្រូវជាប់គាំង គ្មានច្រកចេញ។ លោកប្រមុខរដ្ឋាភិបាល ហ៊ុន សែន បានប្រកាសជាសាធារណៈថា ឥឡូវនេះ យន្តការទ្វេភាគី កម្ពុជា-ថៃ ប្រហែលជាទៅលែងរួចហើយ ឥឡូវយើងរកយន្តការពហុភាគីម្តង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ សុំអាស៊ាន សុំអង្គការសហប្រជាជាតិ និងសុំប្រទេសនានា ហើយក្នុងនោះ ក៏មានប្រទេស ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។
ក៏ប៉ុន្តែជាមួយនឹងការលើកឡើងដូច្នេះ លោកប្រមុខរដ្ឋាភិបាល ហ៊ុន សែន ក៏បានទុកពេលខ្លះដល់រដ្ឋាភិបាលក្រុងបាងកកថា បើថៃចង់ចរចាទ្វេភាគី ដើម្បីដោះស្រាយជម្លោះព្រំដែន គឺរដ្ឋសភាថៃ ត្រូវឲ្យសច្ចាប័ន ផ្តល់ការយល់ព្រម លើកំណត់ហេតុនៃការសន្ទនាចរចា ៣ លើករវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ លើការចុះវាស់វែងព្រំដែន រួមទាំងការដកទ័ពថៃ ចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារផង។
សេចក្តីប្រកាសយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ ទី៨ សីហា ឆ្នាំ២០១០ បានដាក់លិខិតពីរ ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ និងមួយទៀត ទៅកាន់ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ។ លិខិតជាការប្រញាប់បំផុត ២ ច្បាប់ ដែលរៀបរាប់ពីសម្តីនាយករដ្ឋមន្ត្រីថៃ ដែលបានប្រកាសគំរាមប្រើកម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន គឺជាការជូនដំណឹងពីជម្លោះព្រំដែន ដែលប្រទេសថៃ បានបង្កឡើង ចាប់តាំងពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨។
ខ្លឹមសារលិខិត ដាក់ទៅកាន់អង្គការសហប្រជាជាតិ ក៏ត្រូវលោកប្រមុខរដ្ឋាភិបាលខ្មែរ លើកមកបញ្ជាក់ជាសាធារណៈនៅថ្ងៃនេះថា កម្ពុជាមិនឈ្លានពានចូលទឹកដីថៃទេ តែកម្ពុជា សុំរក្សាសិទ្ធិការពារទឹកដី ប្រសិនបើ ថៃ លើកទ័ពទន្ទ្រានឈ្លានពានកម្ពុជា ដោយចេតនា។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ ដោយព្រមាន តាមរយៈពាក្យសម្តីខ្លាំងៗថា ថៃកុំអាងជាប្រទេសធំ ដែលប្រៀបដូចជាសត្វដំរី ក៏ប៉ុន្តែទោះបីជាកម្ពុជាក្រ និងខ្សោយមែន តែកម្ពុជា ដែលប្រៀបដូចជាសត្វស្រមោច ក៏គង់ធ្វើឱ្យដំរី ដេកមិនបានដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ