កម្ពុជា

គ្រោះថ្នាក់ចរាចរ​ជាមហន្តរាយ​ធំទី២​បន្ទាប់ពី​ជំងឺអេដស៏​

លក្ខណៈចរាចរណ៍នៅប្រទេសកម្ពុជា​ដែល​អាច​បង្ក​ឲ្យមាន​គ្រោះថ្នាក់
លក្ខណៈចរាចរណ៍នៅប្រទេសកម្ពុជា​ដែល​អាច​បង្ក​ឲ្យមាន​គ្រោះថ្នាក់ ©Reuters

ក្រុមអាជ្ញាធរ​ប៉ូលីស​បានថ្លែង​នៅថ្ងៃទី​១២សីហា​នេះថា​ ក្នុងរយៈពេល​៦ខែ​ដើមឆ្នាំ២០១០​នេះ ​មាន​​ជន​រងគ្រោះ​​ចំនួន​​៦ ៣៤៦នាក់​​ដែល​​ពាក់ព័ន្ធ​​នឹង​​ករណី​​គ្រោះថ្នាក់​​ចរាចរ​​ចំនួន​​៣០៤០​ករណី។​​ ក្នុង​​ចំណោម​​គ្រោះថ្នាក់​ទាំងនោះ​មនុស្ស​ ៩៣១នាក់​បានស្លាប់។​  កាល​ពី​​ឆ្នាំ២០០៩​​កន្លង​ទៅ​​ ចំនួន​​នៃ​គ្រោះថ្នាក់​​​ចរាចរ​​មានតម្លៃ​​សរុប​​ចំនួន​​២៤៨លានដុល្លារ។​​

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១០​នេះ ចំនួន​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​រកឃើញ​ថា​មាន​ចំនួន​៣០៤០​ករណី។ ចំនួន​គ្រោះ​ថ្នាក់​​​នេះ​បាន​បង្ក​អោយ​មាន​ជនរងគ្រោះ​សរុប​៦៣៤៦​នាក់។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំងនោះ​មាន​៩៣១​នាក់​បាន​ស្លាប់ របួស​ធ្ងន់​២៨៥៣​នាក់ និង​របួស​ស្រាល​២៥៦២នាក់។ របាយការណ៍​ត្រូវ​បាន​ប្រកាស​កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១២​សីហា​នេះ នៅក្នុង​សិក្ខា​សាលា​​ថ្នាក់​ជាតិ​មួយ ស្តី​ពី​ផែនការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោគ​សម្រាប់​ឆ្នាំ​២០១១​ដល់​២០២០។ របាយការណ៍​ដដែល​បញ្ជាក់​ថា ការ​ខាតបង់​ទាំងនេះ នៅ​មិន​ទាន់​រាប់បញ្ចូល​ការ​បន្សល់​ទុក​នូវ​កូន​កំព្រាស្ត្រី​មេម៉ាយ​ និង​ជន​ពិការ​នៅ​ឡើយ​នោះ​ទេ។

 
រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក លោក​ខាន់ សាវឿន​បាន​អះអាង​នៅក្នុង​សិក្ខា​សាលា​នៅ​ព្រឹកមិញ​នេះ​ថា គ្រោះថ្នាក់​ចរាចរ​បាន​ក្លាយ​ទៅជា​មហន្តរាយ​ធំ​ទី​២​សម្រាប់​កម្ពុជា​បន្ទាប់​ពី​ជំងឺ​អេដស៏។

របាយការណ៍​ឆ្នាំ​២០០៩​កន្លង​ទៅ​ដែល​ធ្វើ​ដោយ​អង្គការ​ជនពិការ​អន្តរជាតិ​ប៊ែលហ្ស៊ីក​បង្ហាញ​ថា ក្នុង​ចំណោម​ករណី​គ្រោះថ្នាក់​ទាំងនោះ ៧៥%​គឺ​ជា​អ្នក​បើកបរ​ម៉ូតូ ៣៥%​ស្លាប់​ដោយសារ​ការ​ប៉ះទង្គិច​នឹង​ក្បាល ដោយសារ​ជន​រងគ្រោះ​មិន​បាន​ពាក់មួក​សុវត្ថិភាព។ ៤៩%​បើកបរ​ហួស​ល្បឿន​កំណត់ និង​១៣%​បើកបរ​ពេល​ស្រវឹង។ របាយការណ៍​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរ​ដែល​បាន​កើត​ឡើង​នៅកម្ពុជា​កាល​ពី​ឆ្នាំ​២០០៩ បាន​ធ្វើ​អោយ​បាត់បង់​ថវិកា​អស់​២៤៨​លាន​ដុល្លារ។ របាយការណ៍​សន្និដ្ឋាន​ថា ប្រសិនបើ​គេ​អាច​ទប់ស្កាត់​គ្រោះថ្នាក់​ទាំងនេះ​បាន គេ​នឹង​អាច​យក​ថវិកា​ទាំងនេះ​ទៅ​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​សង្គម​ជាច្រើន​ដូចជា​ការ​សាងសង់​សាលារៀន និង​មន្ទីពេទ្យ​ជាដើម។

គួរ​បញ្ជាក់​ថា ក្រោយពី​មាន​យុទ្ធនាការ​អំពាវនាវ​អោយ​អ្នក​បើកបរ​ម៉ូតូ​ប្រើប្រាស់​មួក​សុវត្ថិភាព របរ​ជួញដូរ​មួក​សុវត្ថិភាព​គ្រប់ប្រភេទ​បាន​ផ្ទុះឡើង ហើយបាន​បង្កើត​អោយ​មាន​កង្វល់​មួយទៀត​កើតឡើង​បច្ចុប្បន្ន​នេះ នោះ​គឺ​បញ្ហា​គុណភាព​មួកសុវត្ថិភាព។ ប្រជាពលរដ្ឋ​ខ្លះ​គ្រាន់​តែ​ទិញ​មួក​សុវត្ថិភាព​ដ៏​ថោក​មួយ​សម្រាប់​ពាក់​កុំ​អោយ​តែ​ប៉ូលីស​ផាក​ពិន័យ​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI