ឌុចប្តឹងជំទាស់សាលក្រមសាលាដំបូង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទីបំផុតទៅ សហមេធាវីរបស់ឌុចបានដាក់បណ្តឹងសាទុក្ខទៅតុលាការកំពូលរបស់សាលាក្តី ខ្មែរក្រហមហើយកាលពីថ្ងៃទី២៤សីហា។ ជាបណ្តឹងដែលជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងដែលបានផ្តន្ទាទោស ឌុចដាក់ពន្ធនាគារសរុប៣៥ឆ្នាំ។ សហមេធាវីរបស់ឌុច គឺលោកការ សាវុត្ថស្នើអោយតុលាការកំពូលដោះលែងឌុចអោយមានសេរីភាព។
សេចក្តីរាយការណ៍របស់ លាង ដឺលុច
២ថ្ងៃមុនដល់ថ្ងៃឱសានវាទនៃការដាក់បណ្តឹងជំទាស់សាលក្រមសាលាដំបូង សហមេធាវីរបស់កាំង ហ្គេចអ៊ាវហៅឌុចបានដាក់បណ្តឹងសាទុក្ខទៅតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមហើយ កាលពីថ្ងៃទី២៤សីហា។ ជាមួយនឹងការប្រកាសបដិសេធចោលសាលក្រមរបស់សាលាដំបូង ទីប្រឹក្សាផ្នែកច្បាប់របស់ឌុច គឺលោកការ សាវុត្ថបានស្នើអោយតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមដោះលែងកូនក្តីរបស់លោកអោយមានសេរីភាពឡើងវិញ ហើយស្នើអោយសម្រេចចាត់ទុកកូនក្តីរបស់លោកគឺឌុច ជាសាក្សីទៅវិញ។ លោកការ សាវុត្ថក៏បានផ្តល់យោបល់ទៅតុលាការកំពូលផងដែរ អោយចាត់ទុករយៈពេលនៃការឃុំខ្លួនឌុច រាប់ពីថ្ងៃចាប់ខ្លួនដល់ថ្ងៃសម្រេចក្តីចុងក្រោយនៅពេលខាងមុខនោះ ដូចជាការថែរក្សាការពារសាក្សីទៅចុះ។
នៅក្នុងបណ្តឹងសាទុក្ខនោះ សហមេធារីរបស់ឌុចលោកការ សាវុត្ថបានបង្ហាញទឡ្ហីករណ៍នៃការជំទាស់សាលក្រមឌុចដោយនិយាយថា សាលាដំបូងបានបញ្ចូលឌុចតែទៅក្នុងយុត្តាធិការពេលវេលា ដែនដី និងបទល្មើស ដោយមិនបានរាប់បញ្ចូលយ៉ាងច្បាស់លាស់ យុត្តាធិការឋានៈបុគ្គលរបស់ឌុចនោះទេ។ ក្នុងន័យនេះ សហមេធាវីរបស់ឌុចចង់និយាយថា បើសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានគិតដល់ឋានៈបុគ្គលរបស់ឌុចក្នុងសម័យខ្មែរក្រហមនោះ ឌុចកូនក្តីរបស់លោកមិនបានស្ថិតនៅក្នុងមនុស្សពីរប្រភេទ គឺអ្នកទទួលខុសត្រូវជាន់ខ្ពស់ និងមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម ដែលត្រូវកំណត់អោយប្រឈមមុខចំពោះការកាត់ទោសនោះឡើយ។ ដូច្នេះ ចំពោះលោកការ សាវុត្ថ ការសម្រេចផ្តន្ទាទោសទៅលើកូនក្តីរបស់លោក ដោយមិនបានពិនិត្យអំពីឋានៈបុគ្គលរបស់ឌុចនោះ គឺជាការភាន់ច្រឡំមួយរបស់សាលាដំបូងនៃតុលាការខ្មែរក្រហម។
កាលពីសប្តាហ៍កន្លងទៅ សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមក៏បានដាក់បណ្តឹងសាទុក្ខទៅតុលាការកំពូលរបស់សាលាក្តីពិសេសនេះដូចគ្នា ដោយស្នើអោយតុលាការកំពូលដាក់ទំងន់ទោសទៅលើឌុច អតីតមេគុកទួលស្លែងបន្ថែមទៀត។
លោកឌឹម សុវណ្ណរុំ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រាប់អោយដឹងថា យោងតាមនីតិវិធីភាគីទាំងពីរមានរយៈពេល៦០ថ្ងៃបន្ទាប់ពីថ្ងៃដាក់បណ្តឹងជំទាស់សាលក្រមឌុច ដើម្បីសរសេរសារណាបណ្តឹងសាទុក្ខអោយតុលាការកំពូល។ លោកឌឹម សុវណ្ណរុំបញ្ជាក់ថា តំណើការនីតិវិធីបន្តទៀតនោះនឹងមិនស៊ីពេលយូរដូចដំណើរការជំនុំជម្រះនៅសាលាដំបូងនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ