កម្ពុជា

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា-ថៃ​ជំរុញ​ការអភិវឌ្ឍន៍​តាម​ព្រំដែន​រួមគ្នា

តំបន់​សេដ្ឋកិច្ច​អូរនាង​ស្ថិតនៅ​ទីក្រុងប៉ោយប៉ែត​ជាប់​ប្រទល់​កម្ពុជា​ថៃ​នឹង​ត្រូវ​រៀបចំ​ឡើងវិញ​នៅពេលឆាប់ៗ​ខាងមុខ ក្រោយ​ពី​មាន​ការអាក់ខាន​ដោយសារ​ជម្លោះ​ការទូត​កម្ពុជា-ថៃ
តំបន់​សេដ្ឋកិច្ច​អូរនាង​ស្ថិតនៅ​ទីក្រុងប៉ោយប៉ែត​ជាប់​ប្រទល់​កម្ពុជា​ថៃ​នឹង​ត្រូវ​រៀបចំ​ឡើងវិញ​នៅពេលឆាប់ៗ​ខាងមុខ ក្រោយ​ពី​មាន​ការអាក់ខាន​ដោយសារ​ជម្លោះ​ការទូត​កម្ពុជា-ថៃ ©RFI

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា-ថៃ នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​បង្ហាញ​ឆន្ទៈ​រួមគ្នា​ក្នុង​ការកសាង​សន្តិភាព និង​ការអភិវឌ្ឍន៍​រួមគ្នា នៅតាម​បណ្តោយ​ព្រំដែន។​ មន្ត្រីកម្ពុជា​-ថៃ​ ក៏​រំពឹង​ថា វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​រីកចម្រើន​ ហើយ​ទំនាក់ទំនង​ការទូត​នឹងកាន់​តែល្អប្រសើរ​ក្រោយ​ពីប្រទេស​ទាំងពីរ​ បានបញ្ជូន​ឯកអគ្គរាជទូត​រៀងៗ​ខ្លួន​ត្រឡប់​ទៅ​វិញ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​នេត្រ ភក្រ្តា​ពី​ទីក្រុង​ភ្នំពេញ

ក្រោយ​ពីពពក​នៃ​សង្គ្រាម​ពាក្យ​សម្តី​រវាង​កម្ពុជា​-ថៃ​បាន​រសាត់បាត់​ទៅ​ជាមួយ​នឹង​ការភ្ជាប់​ទំនាក់ទំនង​ថ្នាក់​ឯកអគ្គរាជទូត​ឡើង​វិញ មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​បង្ហាញ​ចេតនា​រួមគ្នា នៅថ្ងៃ​អាទិត្យ​នេះ​ចង់ បាន​ស្ថិរភាព​ ការអភិវឌ្ឍន៍ និង​សន្តិភាព​នៅតាម​បណ្តោយ​ព្រំដែន​ និង​ធ្វើ​ឲ្យ​តំបន់​ទាំងនោះ​ក្លាយជា​កន្លែង​ផ្លាស់ប្តូរ ពាណិជ្ជកម្ម​កាន់តែរឹងមាំ​ថែមទៀត​រវាង​ប្រទេស​ជិតខាង​គ្នានេះ។

ការបង្ហាញ​ពីឆន្ទៈ​រួមគ្នានេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយនៅថ្ងៃនេះ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​បង្កើត​សហព័ន្ធ​អ្នកសារព័ត៌មាន​អាស៊ាន​ដោយ​មានការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន​កម្ពុជា ថៃ ភូមា។ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ញឹក​ ប៊ុនឆៃ​ បានថ្លែង​ក្នុងពិធី នៅថ្ងៃនេះ​ថា តំបន់​សេដ្ឋកិច្ច​អូរនាង​ស្ថិត​នៅ​ទីក្រុង​ប៉ោយប៉ែត ជាប់​ប្រទល់​កម្ពុជា​ថៃ ​នឹងត្រូវ​រៀបចំ​ឡើងវិញ​នៅពេល​ឆាប់ៗ​ខាងមុខ​ ក្រោយ​ពីមាន​ការអាក់ខាន​ ដោយសារ​កម្ពុជា​-ថៃ​មាន​ជម្លោះ​ព្រំដែន និងការទូត​ជាមួយគ្នា។

លោក​ញឹក​ ប៊ុនឆៃ ​បង្ហាញក្តី​សង្ឃឹមថា​ អ្វីៗនឹង​ប្រសើរ​ឡើង​វិញ​ ហើយ​បញ្ហា​ព្រំដែន​នឹង​ត្រូវ​គណៈ​កម្មាធិការ​ចម្រុះ​ព្រំដែន​ជា​អ្នកដោះស្រាយ។​ ការលើកឡើងដែល​ទទួល​ការគាំទ្រ​ពី​សំណាក់​អនុរដ្ឋ​មន្ត្រី​ថៃ។ លោក​អាឡុងកន ប៉ុនឡាបុត្រ​ បាន​ថ្លែង​ថា ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​ជា​បញ្ហា​សំខាន់ ដែល​អាច​ធ្វើ​ឲ្យប្រទេស​ទាំងពីរ​កាន់តែ​យល់គ្នា ​និង​មាន​ទំនាក់ទំនង​ល្អជាមួយគ្នា។ អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ក៏​បាន​អះអាង​ថា ថៃនឹង​បន្តទិញ​យក​ផលិតផល និង​ទំនិញ​ជាច្រើន​របស់​កម្ពុជា​ ជាពិសេស​ផលិតផល​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ នៅតាម​បណ្តោយ​ព្រំដែន។

ទាក់ទងនឹង​បញ្ហានេះ ​លោក​ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និងជាអ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បានថ្លែង​នៅថ្ងៃនេះ ​ថាបើទោះបី​ជា​កន្លង​មក​ កម្ពុជា​នឹង-ថៃ​មាន​វិបត្តិ​នយោបាយ​ជាមួយគ្នា​ ប៉ុន្តែ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើន​ឡើង​រហូត។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ថៃ​នៅក្នុង​៧​ ខែ​ឆ្នាំ ២០១​០នេះ​ គឺមាន​តម្លៃ​ជាង ១៦០០​ លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI