អានតួអត្ថបទ
កម្ពុជា

ព្រះសង្ឃ​ខ្មែរ​ទទួល​ពាន​រង្វាន់​អង្គការ​ UNDP​ផ្នែក​ការពារ​ព្រៃឈើ​

ព្រះសង្ឃខ្មែរ​ ប៊ុន សាលួត​ អ្នកគ្រប់គ្រង​សហគមន៍​ព្រៃឈើ​សង្ឃរុក្ខវ័ន្តក្នុងខែត្រ​ ឧត្ត្តរមានជ័យ​​ទទួលពានរង្វាន់​អង្គការ UNDP ផ្នែកការពារព្រៃឈើ
ព្រះសង្ឃខ្មែរ​ ប៊ុន សាលួត​ អ្នកគ្រប់គ្រង​សហគមន៍​ព្រៃឈើ​សង្ឃរុក្ខវ័ន្តក្នុងខែត្រ​ ឧត្ត្តរមានជ័យ​​ទទួលពានរង្វាន់​អង្គការ UNDP ផ្នែកការពារព្រៃឈើ © លាង ដឺលុច
ដោយ៖ លាង ដឺលុច
១៧ នាទី

ព្រះតេជព្រះគុណ​ប៊ុន សាលួត​ត្រូវ​បាន​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ UNDP​ជ្រើសរើស​អោយ​ជាប់​ចំណាត់ថ្នាក់​ជា​អ្នក​ថែរក្សា​ព្រៃឈើ​ជាមួយ​ជ័យលាភី ២៤​រូប​ផ្សេង​ទៀត​មក​ពី​ជុំវិញ​ពិភពលោក។ ព្រះតេជព្រះគុណ​ប៊ុន សាលួត​ដែល​ជា​អ្នក​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខវ័ន្ត​ក្នុង​ខេត្ត​ ឧត្តរមានជ័យ​នឹង​និមន្ត​ចាកចេញ​ទៅ​ទីក្រុង​ញូយ៉ក​ដើម្បី​ទទួល​ពានរង្វាន់​ ដែល​មាន​ឈ្មោះ​ថា គំនិត​ផ្តួចផ្តើម​អេក្វាទ័រ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ លាង ដឺលុច

ព្រះសង្ឃ​ព្រះនាម​ប៊ុន សាលួត​នឹង​និមន្ត​ចាកចេញ​ទៅ​ទីក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ តាម​ការ​អញ្ជើញ​របស់​គណៈកម្មការ​រៀបចំ​កម្មវិធី​ពាន​រង្វាន់​គំនិត​ផ្តួចផ្តើម​អេក្វាទ័រ។ ព្រះតេជព្រះគុណ​ប៊ុន សាលួត​ដែល​បាន​ដឹកនាំ​ការពារ​ព្រៃឈើ និង​អភិរក្ស​សត្វព្រៃ​​តាំងពី​ឆ្នាំ ២០០១​មក ត្រូវ​បាន​អង្គការ UNDP​ប្រចាំ​សហរដ្ឋអាមេរិក​ជ្រើសរើស​អោយ​ជាប់​ជា​ជ័យលាភី​នៃ​អ្នក​ការពារ​ព្រៃឈើ​និង​ជីវៈចម្រុះ។ តំបន់​ការពារ​ព្រៃឈើ និង​អភិរក្ស​សត្វព្រៃ​ដែល​ក្រោយ​មក​បាន​ប្រែក្លាយ​ទៅជា​សហគមន៍​សង្ឃ​រុក្ខវ័ន្ត​មាន​ទំហំ ១៨២៦១​ហិចតា​គ្រប​ដណ្តប់​លើ​ស្រុក​សំរោង និង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។

ព្រះតេជព្រះគុណ​ប៊ុន សាលួត​ព្រះជន្ម ៣៩​វស្សា​បាន​មាន​សង្ឃដីកា​ថា ព្រះអង្គ​រំភើប និង​សប្បាយចិត្ត​ចំពោះ​ការ​ទទួលស្គាល់​ស្នាដៃ​ការងារ​របស់​សហគមន៍​របស់​ព្រះតេជព្រះគុណ​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​យ៉ាង​ដូច្នេះ។ ហើយ​នេះ​ក៏​ជា​មោទនភាព​មួយ​របស់​កម្ពុជា​នៅ​លើ​ឆាកអន្តរជាតិ​ផង​ដែរ។ ព្រះតេជព្រះគុណ​បាន​ពន្យល់​ថា សហគមន៍​ព្រៃឈើ​​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​មាន ៣៥០០​គ្រួសារ ដែល​រស់នៅ​រំពឹង​លើ​អនុផល​ព្រៃឈើ។ ម្យ៉ាងទៀត​សហគមន៍​ព្រៃឈើ​នេះ​នឹង​ផ្តល់​ជា​ប្រយោជន៍​ថ្នាក់​ជាតិ ពាក់ព័ន្ធ​នឹង​ការ​ទូទាត់​ឥណទាន​កាបូន​ផងដែរ។

លោក​ឡុង រតនៈកុមារ​អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ និង​ព្រៃ​សហគមន៍​នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែង​អបអរ​ចំពោះ​ជ័យលាភី​របស់​ព្រះតេជព្រះគុណ​ប៊ុន សាលួត។ លោក​រតនៈកុមារ​អត្ថាធិប្បាយ​ថា ពាន​រង្វាន់​នេះ​មិនត្រឹម​តែជា​ការ​លើក​ទឹកចិត្ត​ដល់​សហគមន៍​មូលដ្ឋាន​អោយ​បន្ត​ការងារ​ថែរក្សា​ព្រៃឈើ​តែមួយ​នោះ​ទេ។ តែវា​ក៏​ជា​ការ​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គិតគូរ និង​ផ្តល់ការ​គាំទ្រ​ដល់​សហគមន៍​ព្រៃឈើ​នានា​នៅ​កម្ពុជា។ យោងតាម​ការ​អះអាង​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដដែល សហគមន៍​សង្ឃ​រុក្ខវ័ន្ត​ជា​សហគមន៍​ដែល​មាន​ទំហំ​ធំ​ជាងគេ​ក្នុង​ចំណោម​សហគមន៍​ព្រៃឈើ​ទាំង ១២​ដែល​រដ្ឋាភិបាល​បានចេញ​ប្រកាស​ទទួល​ស្គាល់ ហើយ​បាន​ប្រគល់​ការ​គ្រប់គ្រង​ទៅ​អ្នក​ដឹកនាំ​សហគមន៍​មូលដ្ឋាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ