ប្រធានាធិបតីឥណ្ឌា ទស្សនកិច្ចនៅកម្ពុជាពង្រឹងការទូត និងពាណិជ្ជកម្ម
ចុះផ្សាយនៅថ្ងៃ៖
ប្រធានាធិបតីឥណ្ឌានឹងចាប់ផ្តើមទស្សនកិច្ចរយៈពេល ៦ ថ្ងៃនៅកម្ពុជាដោយចាប់ផ្តើមពីថ្ងៃចន្ទស្អែកនេះទៅ។ ដំណើរទស្សនកិច្ចនឹងផ្តោតទៅលើការរឹតបន្តឹងចំណងការទូត និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគទុន។ ឯកសារមួយចំនួនក៏នឹងត្រូវចុះហត្ថលេខានៅក្នុងអំឡុងពេលនៃដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌានៅកម្ពុជាផងដែរ។
សេចក្តីរាយការណ៍របស់នេត្រ ភក្រ្តា
ប្រធានាធិបតីឥណ្ឌា លោកស្រី ប្រាទីបា ទេវីសិង្ហ ប៉ាទីល នឹងចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស្រីនៅកម្ពុជានៅថ្ងៃចន្ទស្អែកនេះតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាទទួលបាននៅថ្ងៃនេះ ក្នុងដំណើរ ទស្សនកិច្ចរយៈពេល ៦ ថ្ងៃដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខ លោកស្រីប្រធានាធិបតីឥណ្ឌានឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រមទាំងទទួលជួបសម្តែងការគួរសមជាមួយលោកជា ស៊ីម ប្រធាន ព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា និង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
សេចក្តីជូនព័ត៌មានដដែល បានឲ្យដឹងថា នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកសារចំនួនពីរនឹងត្រូវចុះហត្ថលេខាក្រោមអធិបតីភាពរបស់លោកស្រីប្រធានាធិបតីឥណ្ឌា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ឯកសារទាំងពីរនោះរួមមាន ទី ១ គឺអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរសវនកម្មជាតិរបស់ប្រទេសកម្ពុជានិងការិយាល័យអគ្គត្រួតពិនិត្យ និងអគ្គសវនករនៃសាធារណរដ្ឋឥណ្ឌា។ ឯកសារទី ២ គឺកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងតាសាល ជំហានទី ២ រវាងរដ្ឋាភិបាលកម្ពុជា និងធនាគារនីហរ័ណ-អាហរ័ណឥណ្ឌា។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌានៅកម្ពុជា មិនត្រឹមតែផ្តោតលើការពង្រឹងទំនាក់ទំនងការទូតប៉ុណ្ណោះទេ ប៉ុន្តែប្រទេសទាំងពីរនឹងពង្រឹងលើទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាផងដែរ។ ជំនួបរវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករឥណ្ឌាមកពីប្រទេសឥណ្ឌា និងពាណិជ្ជករដែលកំពុងវិនិយោគទុននៅកម្ពុជា ត្រូវបានគេគ្រោងនឹងធ្វើឡើងនៅក្នុងអំឡុងទស្សនកិច្ចរបស់លោកស្រីប្រធានាធិបតីឥណ្ឌានេះដែរ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងជំនួបពាណិជ្ជករជាន់ខ្ពស់ដែលត្រូវក្រុមមន្ត្រីបានលើកឡើងថា គឺជាសារមួយយ៉ាងសំខាន់បង្ហាញថាកម្ពុជា និង ឥណ្ឌាកាន់តែខិតជិតចូលគ្នាទាំងវិស័យការទូត និងពាណិជ្ជកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ