តំណាងសហជីពនិងតំណាងថៅកែរោងចក្រកាត់ដេរនឹងអង្គុយចរចាទល់មុខគ្នានៅថ្ងៃស្អែក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តំណាងសហជីពនិងតំណាងថៅកែរោងចក្រកាត់ដេរសម្រេចចិត្តអង្គុយចរចាទល់មុខគ្នានៅថ្ងៃស្អែក។ ការចរចានៅថ្ងៃស្អែកនឹងផ្ដោតលើការដំឡើងប្រាក់ឧបត្ថម្ភផ្សេងៗក្រៅពីប្រាក់ខែអប្បបរមា។
សេចក្តីរាយការណ៍របស់ គី សុខលីម
ក្រោមកិច្ចសម្របសម្រួលរបស់រដ្ឋាភិបាលតំណាងសហជីពនិងតំណាងថៅកែរោងចក្រកាត់ដេរគ្រោងនឹងអង្គុយទល់មុខគ្នានៅថ្ងៃចន្ទស្អែកនេះដើម្បីចរចាអំពីការដំឡើងប្រាក់ឧបត្ថម្ភផ្សេងៗក្រៅអំពីប្រាក់ខែអប្បបរមា។
ការចរចានៅថ្ងៃស្អែកនេះគ្រោងនឹងធ្វើឡើងបន្ទាប់ពីសហជីពសម្រេចផ្អាកការធ្វើកូដកម្មកាលពីសប្ដាហ៍មុនតាមរយៈការស្នើសុំរបស់រាជរដ្ឋាភិបាល។ កាលពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែកញ្ញាកន្លងមកនេះ កម្មករជាច្រើនម៉ឺននាក់បានប្រកាសធ្វើកូដកម្មក្នុងរោងចក្រជាច្រើនដើម្បីដាក់សម្ពាធអោយថៅកែងាកមករកតុចរចាដំឡើងប្រាក់ឧបត្ថម្ភផ្សេងៗ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលបានដឹកនាំកូដកម្មយ៉ាងសកម្មនោះបានបញ្ជាក់ប្រាប់នៅថ្ងៃអាទិត្យនេះថា លោកត្រៀមដាក់សំណើមួយចំនួនទៅកាន់កិច្ចប្រជុំនៅថ្ងៃស្អែកនេះ។ សំណើទាំងនោះជារួមមាន៖ ប្រាក់ឧបត្ថម្ភសម្រាប់អាហារថ្ងៃត្រង់និងអាហារសម្រាប់ការងារបន្ថែមម៉ោង ប្រាក់អតីតភាព ប្រាក់ទ្រទ្រង់សុខភាព។ល។
បើទោះបីជាលទ្ធផលប្រជុំថ្ងៃស្អែកគេនៅមិនទាន់ដឹងក៏ដោយក្តីក៏លោក អាត់ ធន់ និយាយថា លោកសង្ឃឹមនឹងទទួលបានលទ្ធផលល្អពីកិច្ចប្រជុំនៅថ្ងៃស្អែក។ នៅពេលដែលសួរសំណួរថា ប្រសិនបើកិច្ចប្រជុំមិនទទួលបានផ្លែផ្កាអ្វីនោះតើសហជីពរបស់លោកនឹងធ្វើអ្វីបន្តទៀត? លោក អាត់ ធន់ បានឆ្លើយថា លោកនឹងកោះប្រជុំសមាជិករបស់លោកដើម្បីកំណត់យុទ្ធសាស្ត្រនាពេលអនាគត។
ទាក់ទងទៅនឹងលទ្ធផលកិច្ចប្រជុំនៅថ្ងៃស្អែកនេះ លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់នៃសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជាបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា លោកមិនអាចទស្សន៍ទាយពីលទ្ធផលបាននៅឡើយទេ។
កិច្ចប្រជុំគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកមែន ប៉ុន្តែលោក អាត់ ធន់ បានសម្ដែងការសោកស្ដាយចំពោះទង្វើរបស់ថៅកែរោងចក្រកាត់ដេរដែលបានព្យួរការងារសកម្មជនសហជីពនិងកម្មករមួយចំនួនដែលបានចូលរួមធ្វើកូដកម្មកាលពីថ្ងៃទី១៣ខែកញ្ញាកន្លងមក។ បើយោងតាមការប៉ាន់ស្មាន ក្រោយពេលកូដកម្ម តំណាងសហជីពចំនួន១៤៥នាក់ត្រូវបានថៅកែព្យួរពីការងារនិងកម្មករចំនួន១៤៥នាក់ត្រូវបានគេបញ្ឈប់ពីការងារតែម្តង។
មេដឹកនាំកូដកម្ម លោក អាត់ ធន់ បានចោទប្រកាន់ថា ការព្យួរឬការបញ្ឈប់សហជីពនិងកម្មករក្រោយពេលធ្វើកូដកម្មគឺជាអំពើខុសនិងរំលោភច្បាប់។ លោក អាត់ ធន់ បាននិយាយបន្តទៀតថា ក្រោយពេលដឹងដំណឹងថា តំណាងសហជីពត្រូវបានគេព្យួរពីការងារដោយសារតែហេតុផលធ្វើកូដកម្មនោះ អ្នកបញ្ជាទិញសំលៀកបំពាក់ចំនួន៩០ភាគរយបានសរសេរលិខិតស្នើសុំអោយថៅកែរោងចក្រកាត់ដេរអនុញ្ញាតអោយតំណាងសហជីពនិងតំណាងកម្មករទាំងអស់ចូលធ្វើការវិញ។ ប៉ុន្តែរហូតមកល្ងាចថ្ងៃនេះ គេនៅមិនទាន់ដឹងថា តើថៅកែសម្រេចយ៉ាងដូចម្ដេចនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ