កិច្ចប្រជុំរវាងរដ្ឋាភិបាលថៅកែរោងចក្រ និងសហជីពកម្មករ លើកឡើងពីការបញ្ចប់ជម្លោះ
ចុះផ្សាយនៅថ្ងៃ៖
នៅព្រឹកថ្ងៃច័ន្ទ ទី២៧កញ្ញានេះ កិច្ចប្រជុំត្រីភាគី រវាងភាគីរដ្ឋាភិបាល ថៅកែរោងចក្រកាត់ដេរ និងភាគីសហជីពតំណាងកម្មករ បានលើកឡើងពីការបញ្ចប់ជម្លោះ ក្នុងវិស័យកាត់ដេរ។ ពោលគឺ ភាគីសហជីពកម្មករ ត្រូវបញ្ឈប់ការធ្វើកូដកម្ម។ ចំណែកភាគីថៅកែរោងចក្រ ត្រូវដកពាក្យបណ្តឹងប្រឆាំងសហជីពកម្មករ ដែលបានធ្វើកូដកម្មកន្លងមក ហើយចូលរួមតុចរចា ស្តីពី ការតម្លើងប្រាក់ឧបត្ថម្ភ ដល់កម្មករកាត់ដេរ។
សេចក្តីរាយការណ៍របស់ លី ម៉េងហួរ
ដូចការគ្រោងទុក នៅព្រឹកថ្ងៃច័ន្ទនេះ សហជីពកម្មករ សមាគមថៅកែរោងចក្រ និងតំណាងរដ្ឋាភិបាល ដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាសហប្រធានក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ បានជួបប្រជុំរួមគ្នា ក៏ប៉ុន្តែអង្គប្រជុំរយៈពេលពេញមួយព្រឹកថ្ងៃនេះ មិនបានលើកឡើងពីរបៀបវារៈនៃការតម្លើងប្រាក់ឧបត្ថម្ភដល់កម្មករ ដើម្បីជជែកពិភាក្សាទេ។ អង្គប្រជុំ បានបង្ហាញនូវជំហរ និងទល្ហីករណ៍ របស់ភាគីសហជីព ថៅកែក្រុមហ៊ុន និងរដ្ឋាភិបាល ពិសេសគឺជជែករកខុសរកត្រូវ ពីការធ្វើកូដកម្ម កាលពីថ្ងៃទី១៣ដល់ថ្ងៃទី១៦កញ្ញា។
ទីបំផុតទៅ ក្នុងកិច្ចប្រជុំដោយបិទទ្វារនោះ លោករដ្ឋមន្ត្រី អ៊ិត សំហេង ប្រធានអង្គប្រជុំ បានស្នើឲ្យគ្រប់ភាគីទាំងអស់ បញ្ឈប់នូវសកម្មភាពតវ៉ា ឬការរករឿងគ្នាទៅវិញទៅមក។ ពោលគឺ សហជីពកម្មករ ត្រូវបញ្ឈប់ការធ្វើកូដកម្ម។ ចំណែកថៅកែរោងចក្រកាត់ដេរ ត្រូវបញ្ឈប់ការប្តឹងផ្តល់ និងការបញ្ឈប់ថ្នាក់ដឹកនាំសហជីព ហើយងាកមករកតុចរចារួមគ្នា។
អង្គប្រជុំ ក៏បានសម្រេចបង្កើតគណៈកម្មការចម្រុះមួយ ដែលមានតំណាងសហជីព ៥ រូប, ថៅកែរោងចក្រ ៥ រូប និងរដ្ឋាភិបាល ២ រូប ដើម្បីចរចា ពិនិត្យលើបច្ចេកទេសនៃការតម្លើងនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករ។ ភាគីទាំងបី ត្រូវបញ្ជូនឈ្មោះតំណាងរបស់ខ្លួន ទៅកាន់ក្រសួងសង្គមកិច្ច ឲ្យបានមុនថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០។ ចំពោះសេចក្តីសម្រេចនេះ ត្រូវបានគាំទ្រដោយក្រុមសហជីពកម្មករ ពិសេសលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលបានដឹកនាំធ្វើកូដកម្ម។
ក៏ប៉ុន្តែលោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរ តំណាងឲ្យភាគីថៅកែរោងចក្រ បានលើកឡើងថា ក្រុមថៅកែរោងចក្រកាត់ដេរ មិនព្រមដកពាក្យបណ្តឹង ប្រឆាំងមេដឹកនាំសហជីពកម្មករ ដែលធ្វើកូដកម្មឡើយ។ ក្រុមថៅកែរោងចក្រ ទាមទារឲ្យសហជីពកម្មករ ចេញមុខទទួលខុសត្រូវ ចំពោះការខាតបង់របស់រោងចក្រ ជាង ១៥ លានដុល្លារ ដោយសារតែ កូដកម្ម មុននឹងអង្គុយចរចាបន្ត។
កិច្ចប្រជុំចរចាខាងលើនេះ បានធ្វើឡើងស្របពេល ដែលក្រុមអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់កាត់ដេរ ពីប្រទេសកម្ពុជាចំនួន ៥ ស្ថាប័នធំៗ ដូចជា ក្រុមហ៊ុន Adidas និង Levi ជាដើម បានចេញលិខិត ជំរុញឱ្យភាគីថៅកែរោងចក្រ សហជីពកម្មករ និងរដ្ឋាភិបាល ត្រូវរួមគ្នាចរចា និងស្វែងរកដំណោះស្រាយមួយសមរម្យ ដើម្បីផ្តល់នូវស្ថេរភាពយូរអង្វែង សម្រាប់វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ