អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ការរក្សា​អនាម័យ​ និង​ការ​ដាក់​ធ្មេញ​ស្រោប​

សំឡេង ០៧:៥៦
© RFI
ដោយ៖ អៀង សុខម៉ិញ

នៅ​ថ្ងៃ​ពុធសប្តាហ៍​នេះ​ អៀង សុខម៉ិញ បាន​អញ្ជើញ​លោក​វេជ្ជបណ្ឌិត អូណូរ៉េ គីន ទន្តបណ្ឌិត នៅ​​ក្រុង​ កេបិច ប្រទេស​កាណាដា មក​ជំរាប​ជូន​ប្រិយមិត្ត​ពី​ការ​ដាក់​ធ្មេញ​ស្រោប​ និង​ការ​រក្សា​អនាម័យ​មាត់​ធ្មេញពេល​មាន​ធ្មេញ​ដាក់។

ផ្សាយពាណិជ្ជកម្ម

ធ្មេញ​ស ធ្មេញ​ត្រឹម​រៀប​ស្មើ​គឺ​ជា​បច្ច័យ​មួយ​ដែល​អាច​ជួយ​ឲ្យ​ក្តី​ញញឹម​របស់​ មនុស្ស​យើង​កាន់​តែ​ស្រស់​ថែម​ទៀត។ ធម្មជាតិ​បង្កើត​មនុស្ស​ឡើង​មិន​ដូច​គ្នា​ទេ អ្នក​ខ្លះ​ទៅ​ក៏​មាន​ធ្មេញ​ល្អ​ស រៀប​ត្រឹមហើយ​មាន​សុខភាព​ល្អ​ទៀត ចំណែកអ្នក​ខ្លះ​ដោយ​សារ​ការ​ធ្វេស​ប្រហែល​បន្តិច​បន្តួច​ពី​ក្មេង​ ខ្វះ ​អនាម័យ​ក្នុង​ការ​ ដុស ច្រាស សំអាត​ធ្មេញ​ បាន​ធ្វើ​ឲ្យ​សុខភាព​ធ្មេញ​ធ្លាក់​ចុះ ដង្កូវ​ស៊ី ខូច​ធ្មេញ​​ រហូត​ត្រូវ​តែ​ដក​ចោល​ក៏មាន​។
ទោះជា​ក្នុង​ករណី​ណា​ក៏​ដោយ​ ក៏​គ្រូ​ពេទ្យ​នៅ​តែ​​​​អាច​ព្យាបាល​ និង​ជួស​ជុល​ កែកុន​ដោយ​ប្រើ​ធ្មេញ​សប្បនិមិត្ត​ដើម្បី​ជា​ជំនួយ​ក្នុង​ករណី​ដែល​ធ្មេញ​ នោះ​ខូចខាត​ខ្លាំង​ ឬ​មិន​អាច​ទុក​បាន។

តើ​ក្នុង​ករណីណា​ខ្លះ​ដែល​គេ​ត្រូវ​ការ​ប្រើ​ធ្មេញ​សប្បនិមិត្ត​ ?

ធ្មេញ ​ជា​សរីរាង្គ​មួយ​ចំបាច់​ ដែល​មិន​ត្រឹម​តែ​ជា​ជំនួយ​ផ្នែក​សម្ផស្ស​ប៉ុណ្ណោះ​ទេ តែ​ជា​ធ្មេញ​មាន​ភារៈ​យ៉ាង​ចំបង​ក្នុង​ជួយ​កិន​រំលាយ​អាហារ​មុន​បញ្ជូន​​ទៅ​ ក្រពះ​។
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ចាំបាច់​​ត្រូវ​​ការ​រក្សា​ សុខភាព​ធ្មេញ​ឲ្យ​បាន​ល្អ​ ដើម្បី​សុខភាព​រាងកាយ​ទាំងមូល។ ក្នុង​ន័យ​នេះ​ប្រសិន​ណា​បើ​យើង​មាន​ធ្មេញ​ណា​មួយ​ខូច​ដោយ​ប្រការ​ណាមួយ​នោះ គួរ​តែ​លោកអ្នកនាង​រួសរាន់​ទៅ​ឲ្យ​គ្រូពេទ្យ​ព្យាបាល ព្រោះ​បើ​ធ្មេញ​ដង្កូវ​ស៊ី​បាន​ទទួល​ការព្យាបាល​កាន់​តែ​ឆាប់​ ធ្មេញ​នោះ​នឹង​មាន​អាយុ​កាន់​តែយឺន​យូរ ផ្ទុយ​ទៅ​វិញ​បើ​លោក​អ្នក​បណ្តែត​បណ្តោយ​​ នោះ​ធ្មេញ​នឹង​ឆាប់​ខូច​ ឬ​ត្រូវ​ដក​ចោល​តែ​ម្តង ពេល​នោះ​ការ​ដាក់​ធ្មេញ​សប្បនិមិត្ត​ថ្មី​​ត្រូវ​ការ​ប្រើ​ពេល​វេលា​យូរ​ និង ចំណាយ​អស់​ថវិកា​ក៏​កាន់​តែ​ច្រើន។ ប៉ុន្តែ​បើ​ធ្មេញ​ខូច​​នៅ​មាន​កំរិត​នៅ​ឡើយ លោក​អ្នក​អាច​រក្សា​ធ្មេញ​កំណើត​របស់​យើង​បាន​ ដោយ​​ប្រើ​វិធី​សាស្ត្រ​ផ្សេង​គ្នា​ទៅ​តាម​ករណី​ជាក់​ស្តែង មាន​ជា​អាទិ៍​ការ​ស្រោប​ធ្មេញ។


តើ​ពេល​ណា​ដែល​គ្រូពេទ្យ​សម្រេច​ស្រោប​ធ្មេញ​លោក​អ្នក​ ? ហើយធ្មេញ​ស្រោប​ប្រភេទ​ណា​ដែល​លោក​អ្នក​គួរ​ជ្រើសរើស​យក​ ?

Dr. Honoré Kin : “ ​គេ​ត្រូវ​ការ​ស្រោប​ធ្មេញ​ នៅ​ពេល​​ណា​ដែល​ធ្មេញ​នោះ​​ខូច​ខ្លាំង​​ពេក​ ធ្មេញត្រូវ​ប៉ះ​ បិទ​រន្ធ​ធំពេក​​ រួច​កុំ​ឲ្យ​ធ្មេញ​ហ្នឹង​បែក​ យើង​ត្រូវ​តែ​ស្រោម​ធ្មេញ​នោះ។
ការ​ស្រោប​ធ្មេញ​មាន​​ច្រើន​យ៉ាង​ ៖

-          ​ធ្មេញ​ស្រោបដែក (Métal ou acier) ៖ មាន​តម្លែ​ថោក ប៉ុន្តែ​ពុំ​សូវ​ល្អ​ទេ​ ដោយ​សារ​ពុំ​អាច​ទុក​យូរ​បាន។​ ផល​វិបាក​សំខាន់​នៃ​ការ​ស្រោប​ធ្មេញ​ធ្វើ​អំពី​ដែក គឺ​មក​ពី​វា​មាន​ការ​លំបាក​នឹង​ពត់​តម្រូវ​ ឲ្យ​​ត្រូវ ក្លំ​​ជាប់លើ​ធ្មេញ​ណាស់​ ជា​ហេតុ​បង្ក​ឲ្យ​ឆាប់​មាន​ដង្កូវ​ស៊ី នៅ​ពី​ក្រោម​ធ្មេញ​ស្រោបនោះ។ ពេល​ខ្លះ​គ្រូ​ពេទ្យ​បង្ខំ​ចិត្ត​ត្រូវ​តែ​ដក​ស្រោប​នោះ​ចេញ ហើយ​ជួន​កាល​ ដង្កូវ​ស៊ី​សំងំ​ស៊ី​ធ្មេញ​អស់​ខ្លាំង​ពេក​ ដែល​ជម្រុញ​ឲ្យ​គ្រូពេទ្យ​ត្រូវ​ដក​ធ្មេញ​នោះ​ចោល​តែ​ម្តង
-          ធ្មេញ ​ស្រោប​ព័រសឺឡែន​លាយ​ជាតិ​ដែក (Metal et Porceleine) ៖ មាន​តម្លៃ​ថ្លៃ​ជាង ធ្មេញ​ស្រោប​ធ្វើ​បី​ដែក ប៉ុន្តែ​មាន​គុណភាព​ល្អ​ ជាប់​យូរជាង និង ស្អាត​ជាង​ច្រើន។
-          ធ្មេញ​ស្រោប​ធ្វើ​ពី​ព័រសឺឡែន​សុទ្ធ ៖ តម្លៃ​ថ្លៃ​ខ្លាំង​ ប៉ុន្តែ​វា​មាន​គុណភាពល្អ​ជាង​ច្រើន​។ ល្អ​ជាង​ច្រើន​ព្រោះ​គ្មាន​ជាតិដែក។”

ថ្វីដ្បិត ​តែ​បញ្ហា​តម្លៃ ជា​ចំណោទ​ធំ​សំខាន់​មួយ សំរាប់​បណ្តាជន​ទូទៅ​ក៏​ដោយ ប៉ុន្តែ​សុខភាព ធ្មេញ និង​ភាពធន់ យូរ​អង្វែង ក៏​ជា​កត្តា​សំខាន់​ខ្លាំង​ណាស់​ដែរ។ ក្នុង​ន័យ​នេះ លោក​វេជ្ជបណ្ឌិត អូណូរ៉េ គីន ចង់​ពន្យល់​ជំរាប​ប្រិយមិត្ត​ថា ធ្មេញ​ស្រោប​ដែល​ធ្វើ​ពី ដែក ដែល​មាន​តម្លៃ​ថោក​ជាង​គេ អាច​បង្ក​ជា​ផលវិបាក​ច្រើន ឆាប់​ខូច ព្រម​ទាំង​ងាយ​ទទួល​ការ រាត​ត្បាត​ពី​សំណាក់​ពពួក​បាក់តេរី ឬ​និយាយ​ភាសា​សាមញ្ញ​ថា ដង្កូវ​ស៊ី​តាម​ជើង​ធ្មេញ និង ពី​ក្រោម​ធ្មេញ​ស្រោប​ណាស់។ ក៏​ប៉ុន្តែ​ធ្មេញ​ស្រោប ធ្វើ​ពី ព័រសឺឡែន ដែល​ជា ធម្មតា​មាន​តម្លៃ​ខ្ពស់ មាន​លក្ខណៈ​ធម្មជាតិ និង​ប្រើ​ធន់ ការពារ​ធ្មេញ​កំណើត​បាន​ល្អ​ជាង​នោះ ក៏​អាស្រ័យ​ផង​ដែរ ទៅ​លើ​សមត្ថភាព បច្ចេកទេស និង ចំណេះដឹង​របស់ ពេទ្យ​ធ្មេញ និង ការ​ផលិត​ធ្មេញ។

Dr. Honoré Kin : ធ្មេញ ​ស្រោប​ដែល​ល្អ​មិន​ត្រូវ​បែក​នៅ​ពេល​ញ៉ាំ​បាយ​ទេ។ គុណភាព​នៃ​ធ្មេញ​ស្រោប​ព័រសឺឡែន​នេះ គឺ​វា​អាស្រ័យ​ទៅ​តាម​សមត្ថភាព​មនុស្ស​អ្នក​ផលិត​ផង ពីព្រោះ​ការ​ធ្វើ​ធ្មេញ​ព័រសឺឡែន​មិន​ងាយ​ស្រួល​ប៉ុន្មានទេ ហើយ​ការ​ធ្វើ​​ក្នុង​រយៈ​ពេលឆាប់​ពេក​ ឬ​ពុំ​សូវ​មាន​ចំណេះ​ដឹង​ក្នុង​ផ្នែកនេះ នោះ​នឹង​ធ្វើ​ឲ្យ​ធ្មេញ​ព័រសឺឡែន​ពុំ​សូវ​មាន​គុណភាព​ល្អ ងាយ​បែក។”

ទោះ ​ជា​លោក​អ្នកនាង​ជ្រើសរើស​ការ​ស្រោប​ធ្មេញ​ប្រភេទ​ណា​ក៏​ដោយ ក៏​ការ​រក្សា អនាម័យ​សំអាត​ធ្មេញ​ជា​ការ​ចាំបាច់ និង​សំខាន់​បំផុត។ យើង​សឹង​អាច​និយាយ​បាន ថា ពេល​មាន​ធ្មេញ​ដាក់ យើង​ត្រូវ​រក្សា​អនាម័យ​មាត់​ធ្មេញ​ឱ្យ​បាន​ទ្វេ​ឡើង​បន្ថែម​ទៀត។
ដុះ ធ្មេញ មួយ​ថ្ងៃ​បី​ដង ឬ ក្រោយ​ពេល​ទទួល​អាហារ​រួច ជា​ការ​ចាំបាច់ ក្នុង​ករណី​ខ្លះ កាយ​មួយ​នេះ​មិន​គ្រប់គ្រាន់​ទេ ត្រូវ​ប្រើ​ខ្សែ​អនាម័យ​ធ្មេញ មក​ទាញ​សំអាត​កៀន​កោះ តាម​ជើង ដែល​ច្រាស​មិន​អាច​ចូល​ដល់។

Dr. Honoré Kin : “យើង​ត្រូ​វ​ដុះ​ធ្មេញ​មួយ​ថ្ងៃ​បី​ដង រួច​ហើយ​ត្រូវ​ប្រើ​ខ្សែ​ដើម្បី​ទាញ​សម្អាត​កាក​សំណល់​ដែល​នៅ​សល់​កក​តាម​ ជើង​ធ្មេញ​ ជា​រៀង​រាល់ថ្ងៃ​។ យើង​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​ធ្មេញ​ ម្តង​ទៅ​ពី​ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ឲ្យ​គ្រូពេទ្យ​លាង​សម្អាត​ធ្មេញ​របស់​យើង​ និង​ដើម្បី​ធ្វើ​ការ​​ត្រួត​ពិនិត្យ​ក្រែង​មាន​ដង្កូវ​ស៊ី​ និង​បញ្ហា​ផ្សេង​ជាមួយ​ធ្មេញ​យើង។”

បាក់តេរី​មាន​នៅ​ គ្រប់​ទី​កន្លែង​ទាំងអស់ សូម្បី​តែ​នៅ​ក្នុង​មាត់​ក៏​មាន​ដែរ។ ដុះច្រាស និង ប្រើ​ខ្សែ​ទាញ អាច​ឆ្កិះ​ទាញ​យក​កាក​សំណល់​ចំណី​អាហារ​ដែល​កក​ជាប់​ជើង​ធ្មេញ​បន្ទាប់​ពី​ បរិភោគ​រួច​បាន​មួយ​ភាគ​ធំ ប៉ុន្តែ​បាក់តេរី​ចង្រៃ អាច​នៅ​មាន ក្នុង​មាត់​យើង​ទៀត។ ក្នុង​ករណី​នេះ លោក វេជ្ជបណ្ឌិត ផ្តល់​ដំបូន្មាន​ថា គួរ​តែ​ប្រើ ទឹក​ខ្ពុរ​មាត់ Bain de bouche ឬ​ទឹក​អំបិល ជា​ជំនួយ​រឹតតែ ប្រសើរ។

Dr. Honoré Kin : « បាទ ! ទឹក​ខ្ពុរ​មាត់ Bain de boucheហ្នឹង មាន​ប្រយោជន៍​ច្រើន​ដែរ ៖ វា​អាច​ជួយ​សម្លាប់​ដង្កូវ ពីព្រោះ​ពេល​ដុស​ធ្មេញ និង​ទាញ​ខ្សែ​សំអាត​ធ្មេញ វា​អាច​នៅ​សល់​បាក់តេរី​ខ្លះ។ ទឹក​ខ្ពុរ​មាត់​នេះ អាច​ទៅ​សម្លាប់ ដក​ដង្កូវ និង​បាក់តេរី​ទាំង​នោះ​ចេញ​ពី​មាត់​យើង​បាន។

យើង​ត្រូវ​ប្រើ​វា ក្នុង​មួយ​ថ្ងៃ​ពី ពីរ​ទៅ​បី​ដង។ ធម្មតា​ទឹក​ខ្ពុរ​មាត់​មាន​សារជាតិ​អាល់កុល ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​ដែរ។ យើង​ត្រូវ​ជ្រើសរើស​ទឹក​ខ្ពុរ​មាត់​ណា ដែល​គ្រូពេទ្យ ចេញ​វេជ្ជបញ្ជា​ឲ្យ។
ទឹក​អំបិល​ក៏​ល្អ​ដែរ សំរាប់​យក​មក​ខ្ពុរ​មាត់។ ទឹក​អំបិល​នេះ​យើង​លាយ​ខ្លួន​ឯង​នៅ​ផ្ទះ ជាមួយ​ទឹក​ឧណ្ឌៗ (កុំ​ត្រជាក់​ពេក កុំ​ក្តៅ​ពេក) យើង​ខ្ពុរ​រយៈពេល ៣០ វិនាទី រួច​សឹម​ខ្ជាក់​វា​ចេញ។ ទឹក​អំបិល​អាច​ជួយ​យើង​បាន​ច្រើន ដោយសារ​ទឹក​អំបិល​មាន ជាតិ Anti-bactérie។ »

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ