ទំនាក់ទំនងត្រីកោណ​កម្ពុជា ​ចិន ​និងអាមេរិក​

សំឡេង ០៣:៥៥
​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ស្រី ​ហ៊ីលឡារី​ គ្លីនតុន
​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ស្រី ​ហ៊ីលឡារី​ គ្លីនតុន © Reuters

ចំណង​ទាក់ទង​រវាង​កម្ពុជា​​ចិន​និង​អាមេរិក​បាន​បោះ​ជំហាន​ទៅ​មុខ​ជា​ បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ។ ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ស្រី ​ហ៊ីលឡារី​ គ្លីនតុន ​ប្រធាន​សភា​ចិន ​លោក​ វូ ​បាងហ្គួ ​ក៏​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ​នៅក្នុង​សប្តាហ៍​នេះ​ដោយ​បាន​ផ្តល់ ​ជំនួយ​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា។​ ចិន​នៅ​តែ​រក្សា​កម្ពុជា​ជា​សម្ពន្ធ័មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ខ្លួន​ដដែល​ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​បោះដៃ​មក​កម្ពុជា​ដែរ។​ តើ​កម្ពុជា ​ចិន ​និង​សហរដ្ឋ​អាមេរិក​កំពុង​បង្កើត​ចំណង​ទាក់ទង​គ្នា​បែប​ណា​ខ្លះ? 

ផ្សាយពាណិជ្ជកម្ម

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ចំណង​ទាក់ទង​កម្ពុជា​ចិន​កាន់​តែ​លេច​ត្រដែត​ឡើង​ជា​លំដាប់​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​សម្ពន្ធ័មិត្ត​ចាក់​ទឹក​មិន​លិច។ ​គ្រាន់​តែ​ក្នុង​​សប្តាហ៍​នេះ​ ចិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ នោះ​គឺ​ចិន​បាន​ប្រកាស​ផ្តល់​ជំនួយ​និង​កញ្ចប់​ថវិកា​សរុប​ជាង​១ ៦០០​លាន​ដុល្លារ​សម្រាប់​គំរោង​អភិវឌ្ឍន៍​ជា​ច្រើន។

 
លើស​ពី​នេះ​ទៅ​ទៀត ​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​លុប​បំណុល​ជាង​៤​លាន​ដុល្លារ​ដែល​កម្ពុជា​បាន​ជំពាក់​ទៀត​ផង។ ​ការ​លុប​បំណុល​ចាស់ ​និង​ផ្តល់​ជំនួយ​ថ្មី​ដ៏​សន្ធឹក​​សន្ធាប់​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ វូ ​បាងហ្គួ ប្រធាន​សភា​ចិន​មក​កាន់​កម្ពុជា​នៅ​ក្នុង​សប្តាហ៍​នេះ។ ​គឺជា​ដំណើរ​ទស្សនកិច្ច​ដែល​ប្រកប​ដោយ​​អត្ថន័យ​នៅ​ក្នុង​ប្រវត្តិ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​ចិន។

អត្ថន័យ​នៅ​ត្រង់​ថា ​ចិន​មិន​មែន​មក​គ្រាន់​តែ​ប្រកាស​លុប​បំណុល​ចាស់​មួយ​​ចំនួន​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ​តែ​ចិន​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​កម្ពុជា​ផងដែរ​ចំពោះ​ការ​គាំទ្រ​ឥត​ងាករេ​របស់​រដ្ឋាភិបាល​ខ្មែរ​ដល់​នយោបាយ​ចិន​តែ​មួយ​ក៏​ដូច​ជា​ការ​​គាំទ្រ​របស់​កម្ពុជា​ចំពោះ​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​ជម្លោះ​រវាង​ចិន​ជា​មួយ​បណ្តា​ប្រទស​​អាស៊ាន​មួយ​ចំនួន​ជុំវិញ​បញ្ហា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទៀត​ផង។

នៅ​ក្នុង​បរិបទ​អន្តរជាតិ​វិញ ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​ចិន​មក​កម្ពុជា​នៅ​ពេល​នេះ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៅ​បន្ទាប់​ពី​ប្រមុខ​ការទូត​អាមេរិក​ លោក​ស្រី ​ហ៊ីលឡារី ​គ្លីនតុន ​ទើប​តែ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ថ្មីៗ​នៅ​កម្ពុជា។ ​ទស្សនកិច្ច​របស់​លោក​ស្រី​គ្លីនតុន​នៅ​កម្ពុជា​បាន​បង្ហាញ​ព្រឹត្តិការណ៍​មួយ​ចំនួន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​អត្ថន័យ​នៃ​ចំណង​ទាក់ទង​រវាង​ភ្នំពេញ ​ប៉េកាំង ​និង​វ៉ាស៊ីនតោន។

អត្ថន័យ​ដែល​ជា​ខ្លឹមសារ​សំខាន់​ជាង​គេ​នោះ​គឺ ​ប្រមុខ​ការទូត​អាមេរិក​បាន​រំលឹក​កម្ពុជា​កុំ​ឲ្យ​ពឹង​ពាក់​ខ្លាំង​ពេក​ទៅ​លើ​ប្រទេស​ណា​តែ​មួយ ​តែ​កម្ពុជា​គួរ​គប្បី​បង្កើន​កិច្ច​សហការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ឲ្យ​បាន​ច្រើន​ទើប​ជា​ការ​ប្រសើរ។ បើទោះបី​ជា​លោក​ស្រី ​ហ៊ីលឡារី ​គ្លីនតុន ​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណាមួយ​​ក៏ដោយ​ចុះ​ ក៏ប៉ុន្តែ ​គេ​អាច​យល់​បាន​ថា​ជា​ការ​សំដៅ​ទៅ​លើ​ប្រទេស​ចិន​ដោយ​ហេតុ​ថា​​ប្រសាសន៍​របស់​លោក​ស្រី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​និស្សិត​ខ្មែរ​ម្នាក់​ស្តីពី​​ទំនាក់​ទំនង​កម្ពុជានិង​ចិន។ ចិន​ដែល​ជា​គូ​សត្រូវ​នយោបាយ​ដ៏​យូរ​លង់​របស់អាមេរិក។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​ម្យ៉ាង​ទៀត​នោះ​គឺ​ការ​ប្រកាស​លុប​បំណុល​របស់​ចិន​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​តែ​ចរចា​ជា​មួយ​សហរដ្ឋ​​អាមេរិក​ដើម្បី​លុប​បំណុល​ចាស់​ពី​សម័យ ​លន់ ​នល់ ​ចំនួន​ជាង​៣០០​លាន​ដុល្លារ​ដែល​​កម្ពុជា​ជំពាក់។ ​តើ​នេះ​មិ​ន​មែន​ជា​ការ​ឌឺ​របស់​ក្រុង​ប៉េកាំង​ចំពោះ​សហរដ្ឋ​អាមេរិក​ទេ​ឬ? ​គួរ​កត់​សម្គាល់​ទៀត​ថា ​ភាព​ជួន​គ្នា​បែប​នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ។

កាល​ពី​ដើម​ឆ្នាំ​២០១០ ​កន្លង​ទៅ​នេះ​ គឺ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ប្រកាស​​ផ្អាក​ជំនួយ​យោធា​ដល់​កម្ពុជា​ដោយ​សារ​ថា​រដ្ឋាភិបាល​ភ្នំពេញ​បាន​បញ្ជូន​ជន​ភៀស​ខ្លួន​ជាតិ​អ៊ុយហ្គួរ​២០​នាក់​ត្រឡប់​ទៅ​ឲ្យ​ប្រទេស​ចិន​វិញ​នោះ​ ចិន​ក៏​បាន​ប្រកាស​ផ្តល់​​ជំនួយ​យោធា​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា។ ​ជំនួយ​យោធា​ចិន​ហាក់​ជំរុញ​ឲ្យ​សហរដ្ឋ​​អាមេរិក​បន្ទន់​ឥរិយាបថ​ជា​មួយ​យោធា​កម្ពុជា​បន្តិច​វិញ​តាម​រយៈ​ការ​រៀបចំ​លំហាត់​​យោធា​ពហុ​ជាតិសាសន៍​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

សរុប​មក​វិញ ​មហា​អំណាច​ពិភពលោក​និង​ជា​គូ​សត្រូវ​នយោបាយ​នឹង​គ្នា​ទាំង​ពីរ​គឺ​ចិន​និង​អាមេរិក​ហាក់​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​និយាយ​ជា​រួម ​និង​នៅ​កម្ពុជា​និយាយ​ដោយ​ឡែក។ ​ប៉ុន្តែ ​រហូត​មក​ទល់​នឹង​ពេល​នេះ​ មហា​​អំណាច​ចិន​ហាក់​ទទួល​បាន​ទីតាំង​ឈរ​ជើង​ធំជាង​សហរដ្ឋអាមេរិក​ទាំង​លើ​ទិដ្ឋភាព​ដែល​គេ​មើល​ឃើញ ​ទាំង​ក្នុង​សណ្តាន​ចិត្ត​នៃ​អ្នកដឹកនាំ​ខ្មែរ។  

មូលហេតុ​ដែល​គេ​អាច​យល់​បាន​នោះ​គឺ​រដ្ឋាភិបាល​ខ្មែរ​ចូល​ចិត្ត​ចិន​មក​ពី​ប្រទេស​នេះ​ផ្តល់​ជំនួយ​ច្រើន​ហើយ​គ្មាន​លក្ខខណ្ឌ័ ​ខុស​ពី​អាមេរិក​ដែល​ចូល​ចិត្ត​និយាយ​ដាក់​លក្ខខ័ណ្ឌ​ច្រើន​ជាង​ជំនួយ៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI