កម្ពុជា

ប្រធានសភាចិន​បញ្ចប់ទស្សនកិច្ច​នៅកម្ពុជា​

លោក​ប្រធាន​សភា​ចិន​Wu Bangghuor​ បំពេញទស្សនកិច្ច​នៅកម្ពុជា
លោក​ប្រធាន​សភា​ចិន​Wu Bangghuor​ បំពេញទស្សនកិច្ច​នៅកម្ពុជា © សុវណ្ណារ៉ា

ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​ចិន​លោក ​វូ ​បាងហ្គួ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចប់​ទៅ​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ​លោក​បាន​ចាក​ចេញ​ពី​កម្ពុជា​នៅ​ព្រឹក​មិញ​ដើម្បី​បន្ត​ដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី។ ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​វូ ​បាងហ្គួ ​នៅ​លើ​ទឹកដី​កម្ពុជា​នៅ​ពេល​នេះ​បាន​បង្កើត​ព្រឹត្តិការណ៍​ថ្មី​មួយ​ទៀត​ក្នុង​ទំនាក់​ទំនង​កម្ពុជា​ចិន។ ​មហា​អំណាច​អាស៊ី​មួយ​នេះ​បាន​ផ្តល់​ថវិកា​ដ៏​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា ​និង​ថែម​ទាំង​បាន​លុប​ចោល​បំណុល​ចាស់​របស់​កម្ពុជា​មួយ​ចំនួន​ផង។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ ប៉ែន បូណា

ប្រធាន​រដ្ឋសភា​ចិន​លោក​ វូ​ បាងហ្គួ ​បាន​ចាក​ចេញ​ពី​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ​រួច​មក។ ​លោក​ វូ ​បាងហ្គួ ​ដែល​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣​វិច្ឆិកា​បាន​បន្ត​ដំណើរ​ទស្សន​កិច្ច​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី។

 
ដំណើរ​ទស្សនកិច្ច​របស់​លោក​ វូ ​បាងហ្គួ ​នៅ​លើ​ទឹកដី​កម្ពុជា​បាន​បញ្ជាក់​អំពី​ភស្តុតាង​ថ្មី​ទៀត​នៃ​ចំណង​ការទូត​ដ៏ស្អិត​ល្មួត​រវាង​កម្ពុជា​និង​ចិន។ ​ដំណើរ​ទស្សនិច្ច​នេះ​បាន​បន្សល់​ទុក​នូវ​ជំនួយ​ដ៏​សន្ធឹក​សន្ធាប់​​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។ ​គឺ​ជា​ទស្សនកិច្ច​ដែល​គេ​មើល​ឃើញ​ថា​​មាន​អត្ថន័យ​ខាង​សេដ្ឋកិច្ច​ផង​ និង​នយោបាយ​ផង។

នៅ​ក្នុង​ជំនួប​ជា​មួយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន ​នា​ព្រលប់​ថ្ងៃ​ទី​៤​វិច្ឆិកា​ ប្រទេស​ចិន​បាន​សម្រេច​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​ចំនួន​ជាង​៤​លាន​​ដុលា្លរ​អាមេរិក​ និង​បាន​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​១០០​លាន​យន់​ថែម​ទៀត។ ​នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​វូ​នេះ​ដែរ​ កិច្ច​ព្រមព្រៀង ​និង​អនុស្សរណៈ​ចំនួន​១៦​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ។ ​លើស​ពី​នេះ​ទៅ​ទៀត​ ចិន​បាន​គាំទ្រ​​និង​ផ្តល់​ថវិកា​សម្រាប់​គំរោង​អភិវឌ្ឍន៍​ចំនួន​២៣​សម្រាប់​រយៈពេល​ពីឆ្នាំ២០១០​ដល់​២០១៥​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​១ ៦០០​លាន​ដុល្លារ​អាមេរិក។

បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​បំណុល​ដែល​ចិន​លុប​ចោល​ជាង​៤​លាន​ដុល្លារ​នេះ​ ជា​បំណុល​ដែល​កម្ពុជា​ត្រូវ​សង​ចិន​វិញ​ក្នុង​ឆ្នាំ​២០១០​នេះ។  ទន្ទឹម​នឹង​ការ​លុប​បំណុល​ ចាស់​និង​ផ្តល់​ជំនួយ​ថ្មី​បន្ថែម​នេះ​ លោក​ វូ ​បាងហ្គួ ​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​ចំពោះ​ការ​គាំទ្រ​ចិន​នៅ​ក្នុង​ជ​ម្លោះ​នៅ​សមុទ្រ​ចិន​ប៉ែក​ខាង​​ត្បូង ​ព្រម​ទាំង​ជំហរ​ឥត​ងាករេ​របស់​កម្ពុជា​ក្នុង​ការ​គាំទ្រ​នយោបាយ​ចិន​តែ​មួយ។

នៅ​ក្នុង​ជំនួប​កំពូល​នៃ​ប្រទេស​អាស៊ាន ​និង​អាស៊ាន​ជាមួយ​ដៃ​គូ​នៅ​ទីក្រុង​ហាណូយ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​បង្ហាញ​ជំហរ​គាំទ្រ​ប្រទេស​ចិន​នៅ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង។ ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​បាន​ស្នើ​ឲ្យ​សមាជិក​អាស៊ាន​មួយ​ចំនួន​ដែល​ពាក់ពន្ធ័​នឹង​ជម្លោះ​នោះ​ផ្តល់​យុត្តិធម៌​ដ​ល់​ប្រទេស​ចិន​ដោយ​ខិតខំ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ដោយ​សន្តិវិធី។ ​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ វូ​ បាងហ្គួ ​នេះ​ដែរ​ មេដឹកនាំ​ខ្មែរ​ក៏​បាន​សម្តែង​ការ​គាំទ្រ​ជាថ្មី​ទៀត​ដល់​នយោបាយ​ចិន​តែ​មួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI