កម្ពុជា

ពិធី​អុំទូក ទាក់ទាញ​ទេសចរបរទេស​អោយ​មក​កម្ពុជា

ពិធីអុំទូក ទាក់ទាញទេសចរបរទេសអោយមកកម្ពុជា
ពិធីអុំទូក ទាក់ទាញទេសចរបរទេសអោយមកកម្ពុជា ©Reuters

សក្តានុពល​ទេសចរ​នៅ​កម្ពុជា​មាន ប្រាង្គប្រាសាទ ឆ្នេរសមុទ្រ ព្រៃភ្នំ ជា​ការ​ទាក់ទាញ​អ្នកទេសចរ​បរទេស មិន​អោយ​មើល​រំលង​ប្រទេស​ក្រីក្រ និង​តូច​មួយ​នេះ​ទេ។ ក្រៅ​ពី​សម្បត្តិធម្មជាតិ កេរដំណែល បុព្វបុរសខ្លួន កម្ពុជា​នៅ​មាន​ទំនៀមទម្លាប់ ប្រពៃណី​ជា​ច្រើន​ដើម្បី​អូសទាញ​អ្នកទេសចរ​ក្រៅស្រុក។ ទំនៀមទម្លាប់ ប្រពៃណី​ទំាង​នោះ​រួម​មាន ព្រះពិធីបុណ្យ​អុំទូក ដែល​កំពុង​ប្រព្រឹត្ត​ទៅ នា​ពេល​នេះ ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ទាក់ទាញ​ទេសចរ​បរទេស​អោយ​មក​ទស្សនា​កម្ពុជា៕

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ អ៊ឹម ណាវិន ពីទីក្រុង​ភ្នំពេញ

ព្រះរាជាពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ មិនមែន​ទាក់ទាញ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់ស្រុក ម្ចាស់​ប្រពៃណី​នោះ​ទេ។ ភ្ញៀវ​ទេសចរបរទេស​ជា​ច្រើន​ផង​ដែរ បាន​ស្កាត់​ចូល​មក​កម្ពុជា ដើម្បី​ទស្សនា​ដោយ​ផ្ទាល់​នៃ​ព្រឹត្តិការណ៏​ប្រចំា​ឆ្នាំ​លើ​ដង​ទន្លេសាប​មុខ​ព្រះបរមរាជវំាង​មួយ​នេះ​ផង​ដែរ។

លោក ហូ វណ្ឌី សហប្រធាន​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន​បាន​អោយ​ដឹង​ថា នៅ​ឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​៥ ០០០នាក់ បាន​ចូល​មក​កម្ពុជា​ដើម្បី​ទស្សនា​ដោយ​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​នេះ។

ចំនួន​ភ្ញៀវ​ទេសចរ​ជាង ៥​ ០០០នាក់​នេះ គេ​រាប់​តែ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្ពុជា តាម​កញ្ចប់​ទេសចរ​ដែល​រៀប​ចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ទេសចរណ៍ និង​សណ្ឋាគារ​តែ​ប៉ុណ្ណោះ។​ គេ​មិន​រាប់​បញ្ចូល​ចំនួន​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​កម្ពុជា​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​នោះ​ទេ។

លោក ហូ វណ្ឌី បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ មុន​ព្រះរាជពិធី​អុំទូក​មក​ដល់ ក្រសួង​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ម្ចាស់​សណ្ឋាគារ​ធំៗ​តែង​តែ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​ជា​មុន ក្នុង​ប្រយោជន៍​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​អោយ​ចូល​មក​កម្ពុជា។

កញ្ចប់​ទេសចរ ពិសេស​សម្រាប់​ព្រះរាជពិធី​អុំទូក​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ច្រើន​រូបភាព។ ក្រសួង​ទេសចរណ៍​បាន​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អុំទូក​តាម​រយៈ​បណ្តាញ​ទូរទស្សន៍​អន្តរជាតិ ស៊ីអ៊ិនអ៊ិន។ បណ្តាញ​ភ្នាក់ងារ​ទេសចរណ៍​ឯកជន​ជាង ១០០ បាន​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អុំទូក តាមរយៈ​គេហទំព័រ និង​ដៃគូ​ជំនួញ​របស់​ពួក​គេ​នៅ​ទូទំាង​ពិភពលោក។

លោក ហូ វណ្ឌី អោយ​ដឹង​ថា នៅ​ឆ្នាំ​នេះ ក្រសួង​ទេសចរណ៍​បាន​ផ្តល់​កន្លែង​អង្គុយ​ចំនួន​១ ០០០កៅអី នៅ​លើ​វេទិកា​កិត្តិយស​ដល់​ភ្ញៀវ​ទេសចរ អោយ​បាន​ចូល​ទៅ​ទស្សនា​ព្រះរាជ​ពិធី​អុំទូក​ដោយ​ផ្ទាល់ ជាមួយ​ក្រុម​មន្រ្តី​ថ្នាក់​ដឹក​នាំ​របស់​កម្ពុជា។

លោក ហង់ ចិន បុគ្គលិក​ទីភ្នាក់ងារ​ទេសចរណ៍​បាយ័នដាយមេន​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​ខែ ក្រុមហ៊ុន​របស់​លោក​មាន​កញ្ចប់​ទេសចរ​តែ​មួយ​លើក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ប៉ុន្តែ​នៅ​ក្នុង​ខែ​វិច្ឆិកា រៀង​រាល់​ឆ្នាំ ក្រុមហ៊ុន​របស់​លោក​រៀបចំ​កញ្ចប់​ទេសចរ​ពីរ​លើក​ក្នុង​ខែ​ពិសេស​នេះ ដោយសារ​តែ​អ្នក​ទេសចរ​ចង់​ចូល​មក​ទស្សនា​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ។

ក្នុង​មួយ​កញ្ចប់​ដែល​មាន​អ្នកទេសចរ​មក​ពី​ប៉ែក​អឺរុប​ចំនួន​ពី ១០ ទៅ​២០នាក់ លោក ហង់ ចិន និយាយ​ថា ភ្ញៀវទេសចរ​ទំាង​នោះ​ត្រូវ​ចំណាយ​ប្រាក់​ពី ១​ ៥០០ ទៅ ​២ ០០០​ដុល្លារ​ក្នុង​រយៈពេល​​ស្នាក់​នៅ​កម្ពុជា​៥​ថ្ងៃ។

វិស័យ​ទេសចរ​បាន​ដើរ​តួសំខាន់​ក្នុង​ការ​ផ្តល់​ផលទុន​សរុប​ក្នុង​ស្រុក​របស់​កម្ពុជា។ ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​ជាង​២លាន​នាក់ ដែល​ផ្តល់​ប្រាក់​ចំណូល​ចន្លោះ​ពី ១៧០លាន ទៅ​២០០លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI