កម្ពុជា

រដ្ឋសភា​ផ្តើមពិភាក្សា​លើច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០១១​

រដ្ឋសភា​កម្ពុជា
រដ្ឋសភា​កម្ពុជា © ដឺលុច

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​រដ្ឋសភា​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១១ ឬ​ហៅ​ឲ្យ​ខ្លី​ថា​ ថវិកាជាតិ​ឆ្នាំ​២០១១។​ ​ថវិកាជាតិ​ឆ្នាំ​២០១១​មាន​ចំនួន ៩.៨៤៩.៦៥២ លាន​រៀល ស្មើ​ប្រមាណ​ជាង ២ ៤០០ លាន​ដុល្លារ​។ ថវិកាជាតិ​ឆ្នាំ​២០១១​កើន​លើស​ថវិកាជាតិ​ឆ្នាំ​២០១០​ដែល​មាន​ត្រឹមតែ​១ ៩៧០ លាន​ដុល្លារ ។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ

សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១១​មាន​៥​ជំពូក​និង​១៧ មាត្រា ត្រូវ​បាន​សមាជិក​រដ្ឋសភា​បើក​កិច្ច​ប្រជុំ​ពិភាក្សា ​នៅ​ថ្ងៃ​ទី​២៥​វិច្ឆិកា​នេះ​។​ ឆ្លង​កាត់​កិច្ច​ប្រជុំ​ពិភាក្សា​រយៈពេល​ពេញ​មួយ​ថ្ងៃនេះ​សមាជិក​សភា ៧៥​រូប​ក្នុង​ចំណោម​សមាជិក​៩០​រូប​ដែល​មាន​វត្តមាន​ក្នុង​អង្គ​ប្រជុំ ​បាន​លើក​ដៃ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១១ បាន ២ ជំពូក។​ រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃស្អែក​បន្តទៀត​។​ ​លោក អ៊ុក រ៉ាប៊ុន​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ដែល​តំណាង​រដ្ឋាភិបាល ដើម្បី​ការពារ​សេចក្តី​ព្រាងច្បាប់​បាន​ថ្លែង​នៅ​ចំពោះមុខ​អង្គ​ប្រជុំ​រដ្ឋសភា​ថា​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១១ ​គឺជា​ឧបករណ៍​គោល​នយោបាយ​ដ៏​មាន​សារៈសំខាន់​បំផុត ដើម្បី​អនុញ្ញាត​ឲ្យ​រាជ​រដ្ឋាភិបាល​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្នភាព​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ ​ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​របៀប​វារៈ​គោល​នយោបាយ​សង្គម-សេដ្ឋកិច្ច​នៃ​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៤។

 
ក្នុង​សេចក្តី​ថ្លែងហេតុ​នៃ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១១ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១១​ក៏​នឹង​អនុញ្ញាត​ឲ្យ​រាជ​រដ្ឋាភិបាល​បន្ត​ជម្រុញ​ការ​អនុវត្ត​កម្មវិធី​គោល​នយោបាយ​និង​កម្មវិធី​អភិវឌ្ឍន៍​ជា​អាទិភាព​ពិសេស​គោល​នយោបាយ​ជម្រុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំចេញ​អង្ករ​និង​កម្មវិធី​កំណែ​ទម្រង់​សំខាន់ៗ។

អាទិភាព​ចំណាយ​នៃ​ថវិកាជាតិ​ឆ្នាំ​២០១១​ក៏​បាន​ផ្តោត​សំខាន់​ជា​ពិសេស​លើ​វិស័យ​អប់រំ​ សុខាភិបាល​ កសិកម្ម​ កសិ-ឧស្សាហកម្ម​ ធារាសាស្ត្រ ​អភិវឌ្ឍន៍​ជនបទ​ការបន្ត​ពង្រឹង​និង​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ ដូចជា​ផ្លូវថ្នល់​ ស្ពាន​ ទំនប់​ប្រឡាយ​ និង​ប្រព័ន្ធ​ស្រោចស្រព។

ក្នុង​អង្គ​ប្រជុំ​រដ្ឋសភា​នៅថ្ងៃនេះ​ លោក ​យឹម សុវណ្ណ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​កែ​សម្រួល​នូវ​ខ្ទង់​ចំណាយ​មួយ​ចំនួន​ដើម្បី​បង្កើន​ចំណាយ​បន្ថែមទៀត​លើ​វិស័យ​សេដ្ឋកិច្ច​និង​សង្គម​ពិសេស​លើ​វិស័យ​កសិកម្ម។

ក៏​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ​លោក អ៊ុក រ៉ាប៊ុន​ រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​បាន​បញ្ជាក់​ទៅ​កាន់​អង្គ​ប្រជុំ​រដ្ឋសភា​ថា ថវិកា​ជាតិ​ឆ្នាំ​២០១១​គួរ​ជាទី​គាំទ្រ​មិនមែន​ជា​ការ​ដែល​គួរ​ពិនិត្យ​ពិចារណា​ឡើង​វិញ​ទេ ព្រោះ​ក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​ផែនការ​ថវិកា​ជាតិ​នេះ រដ្ឋាភិបាល​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ជា​ពិសេស​រដ្ឋាភិបាល​ក៏​បាន​រក្សា​ទុក​ថវិកា​ប្រមាណ ​៩៩៥ ​ពាន់លាន​រៀល ( ជាង ២៤៨ លាន​ដុល្លារ ) ដើម្បី​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្រោចស្រព​និង​ធនធានទឹក​។

ថវិកាជាតិ​ឆ្នាំ​២០១១​ក៏​បាន​កំណត់​ពី​ការផ្តល់​ហិរញ្ញប្បទាន​ពិសេស សម្រាប់​ការ​ប្រមូល​ទិញស្រូវ​និង​ការ​កែច្នៃ​ស្រូវ​ដោយ​អនុម័ត​ ឥណទាន​ពិសេស ​សរុប​ចំនួន​ជាង ៥០ លាន​ដុល្លារ​។

ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១១​មាន​ចំនួន​ ៩.៨៤៩.៦៥២ លាន​រៀល ​ស្មើ​ប្រមាណ​ ២.៤៦២​ លាន​ដុល្លារ​។​ ក្នុង​នោះ ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​និង​សន្តិសុខ​ ចំនួន​ ១.២៤៧.៧៨២,៧ លាន​រៀល ស្មើ​ប្រមាណ​ ៣១២​ លាន​ដុល្លារ​ វិស័យ​សង្គមកិច្ច ​ចំនួន ២.១០៦.៥៩០,២ លាន​រៀល ស្មើ​ប្រមាណ​ជាង ៥២៦ លាន​ដុល្លារ​ ក្រសួង​អប់រំ​ ចំនួន​ ៩១៥.៨៩៨,៣ លាន​រៀល ​ស្មើ​ប្រមាណ ២៣០ លាន​ដុល្លារ​ ក្រសួង​សុខាភិបាល ​ចំនួន​ ៦៩៤.៣៣១,៤ លាន​រៀល​ស្មើ​ប្រមាណ​ ១៧៣ លាន​ដុល្លារ។​ ចំណែក​ចំណាយ​មិនទាន់​បែងចែក​មាន​ចំនួន​៥.២៤២.៧៤៩ លាន​រៀល​ស្មើ​ប្រមាណ​ជាង​ ១៣០០ លានដុល្លារ​៕       ​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI