អានតួអត្ថបទ
កម្ពុជា

ខិត្តប័ណ្ណ​អនាមិក​រិះគន់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​វៀតណាម​និង​ថ្ងៃ៧មករា​

ទិវាបុណ្យជាតិ​ថ្ងៃជ័យជម្នះ​៧មករា​
ទិវាបុណ្យជាតិ​ថ្ងៃជ័យជម្នះ​៧មករា​ © សុវណ្ណរ៉ា
ដោយ៖ លី ម៉េងហួរ
1 នាទី

កាល​ពី​យប់​​មិញ ​មាន​ខិត្តប័ណ្ណ​រិះគន់​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ជាង​១០០​សន្លឹក​ត្រូវបាន​ជន​អនាមិក​បាច​នៅ​ទឹកដី​ខេត្ត​សៀមរាប។​ ការបា​ច​ខិត្តប័ណ្ណ​ដោយ​ប្រដូច​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ទៅ​នឹង​របប​ប៉ុល ពត​ទី​២ ​ដោយ​មាន​ទាំង​ការ​លាក់​ទុក​ក្រុម​ភេរវជន​វៀតណាម​ផង​នោះ ​បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ ប្រារព្ធ​ទិវា​បុណ្យ​ជាតិ​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា​ខួប​លើក​ទី​៣២​ដែល​ជា​ថ្ងៃ ​រំដោះ​ប្រទេស​និង​ប្រជាជន​កម្ពុជា​ចេញពី​របប​វាលពិឃាត​ខ្មែរក្រហម។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ

ខិត្តប័ណ្ណ​វាយ​អក្សរ​កុំព្យួទ័រ​ដែល​ឈ្មោះ​ថា​សម្លេង​ខ្មែរ​ជាតិនិយម​បាន​ប្រដូច​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថាជា​របប​ប៉ុល ពត​ទី​២​និងបាន​លាក់​ទុក​ក្រុម​ភេរវជន​វៀតណាម។​ ខិត្តប័ណ្ណ​រិះគន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ជាង​១០០​សន្លឹក​ត្រូវបាន​គេ​ប្រទះ​ឃើញ​កាលពី​យប់​រំលង​អធ្រាត្រ​ថ្ងៃទី​៥​មករា​ឈានចូល​ថ្ងៃ​ទី​៦​មករា​ឆ្នាំ​២០១១​ក្នុង​ក្រុង​សៀមរាប។

 

អត្ថន័យ​នៃ​ខិត្តប័ណ្ណ​អនាមិក​ទាំង​នោះ​បាន​ប្រដូច​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ថា​ជា​របប​ប៉ុល ពត​ទី​២​ ដោយ​វៀតណាម​បាន​ចូល​មក​គ្រប់គ្រង​កម្ពុជា​និង​បង្កឲ្យ​មាន​ការបន្ត​សម្លាប់​ខ្មែរ​តាម​យុទ្ធសាស្ត្រ​ថ្មី និង​ជាសម្ងាត់​ចាប់ពី​តាំងពី​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩។​ ក្នុងនោះ មាន​ទាំង​ការចាប់​បង្ខំ​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ទាហាន​ហើយ​ត្រូវ​ស្លាប់​នៅ​តំបន់ ​ក​៥ ដោយ​ជាន់​មីន និង​គ្រុន​ចាញ់​ជាដើម​។

 
ខិត្តប័ណ្ណ​ដដែល​នោះ​បាន​លើកឡើង​ថា​ វៀតណាម​បាន​បញ្ចូល​ពួក​ភេរវជន​មក​ឲ្យ​ក្រុម​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​លាក់ទុក ​ហើយ​បាន​ហ្វឹកហ្វឺន​ក្រុម​ភេរវជន​ទាំងអស់​នោះ​ឲ្យធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេ​ស​ថៃ​ និង​ប្រឆាំង​ជាមួយ​សហរដ្ឋអាមេរិក។

 
ចំពោះ​ករណី​បាច​ត្រាក់​នៅ​ខេត្ត​សៀមរាប​នេះ​ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក​ ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ជា​អំពើ​ល្មើស​មួយ​ដែល​នាំឲ្យ​បាត់បង់​ស្ថិរភាព​និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ដែល​អាជ្ញាធរ​សមត្ថកិច្ច​ត្រូវ​ស្វែងរក​មុខ​អ្នក​បាច​ត្រាក់​និង​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទាទោស​ដូច​ករណី​បាច​ត្រាក់​មុនៗ។

 
ចំពោះ​អត្ថន័យ​ក្នុង​ខិត្តប័ណ្ណ​ដែល​បាន​រិះគន់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​និង​ថ្ងៃ​រំដោះ​៧​មករា ថា​ជា​ថ្ងៃ​វៀតណាម​ចូល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ផង​នោះ ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក​ ខៀវ សុភ័គ​ គូស​បញ្ជាក់​ថា ​អ្នក​រិះគន់​ថ្ងៃ​៧​មករា មាន​តែ​សត្វ​តិរច្ឆាន​ប៉ុណ្ណោះ​ព្រោះថា​ជនជាតិ​ខ្មែរ​ទាំងអស់​សុទ្ធតែ​មាន​សាច់​ញត្តិ​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។

 
ប្រតិកម្ម​ដ៏​ខ្លាំងក្លា​ចំពោះ​អ្នក​រិះគន់​ថ្ងៃ​៧​មករា​ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​លើក​ឡើង​កាលពី​ថ្ងៃ​៥​មករា​ម្សិលមិញ​។ ​តាម​លោកនាយក​រដ្ឋមន្ត្រី ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​និង​ជា​ថ្ងៃ​កំណើត​ទី​២​ របស់​ប្រជាជន​កម្ពុជា​ក្រោយ​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ដោយ​កងទ័ព​វៀតណាម៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ