សហជីពកម្មករផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សហជីព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកមិញ ក្រុមសហជីពកម្មករនិងអង្គការច្បាប់ជាច្រើនទៀតបានជួបជុំ ផ្តល់យោបល់ ដើម្បីកែប្រែលើសេចក្តីព្រាងច្បាប់សហជីព។ សេចក្តីព្រាងច្បាប់សហជីពចំនួន ១៧ ជំពូក និង៩២ មាត្រាត្រូវបានសហជីពកម្មករចាត់ទុកថា បានកម្រិតខ្លាំងលើសិទ្ធិបង្កើតសហជីពតាមរោងចក្រ ហើយបើច្បាប់ដាក់ឲ្យប្រើប្រាស់ដោយគ្មានការកែប្រែនោះនឹងមិនមានការ តវ៉ាដំឡើងប្រាក់ខែ ឬការទាមទារគោរពសិទ្ធិកម្មករទៀតឡើយ។
សេចក្តីរាយការណ៍របស់លី ម៉េងហួរ
ក្រុមសហជីពកម្មករបានលើកឡើងថា សេចក្តីព្រាងច្បាប់សហជីពដែលតាក់តែងដោយក្រសួងការងារ និងអង្គការ ILO បានកម្រិតយ៉ាងខ្លាំងទៅលើសិទ្ធិក្នុងការបង្កើតសហជីពតាមបណ្តារោងចក្រ និងការធ្វើសកម្មភាពរបស់សហជីព។ មានន័យថា បើច្បាប់សហជីព កើតឡើងដោយគ្មានការកែប្រែនោះសហជីពកម្មករតាមរោងចក្រនានាមិនអាចធ្វើការតវ៉ាទៀតទេ។
ក្នុងសន្និសីទស្តីពីការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សហជីពនាព្រឹកថ្ងៃទី១៥មីនាឆ្នាំ២០១១ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា សេចក្តីព្រាងច្បាប់សហជីពមានលក្ខណៈរឹតបន្តឹងឬកម្រិតសិទ្ធិយ៉ាងខ្លាំងក្នុងការបង្កើតសហជីព។ ការបង្កើតសហជីពកម្មករតាមរោងចក្រមួយដែលច្បាប់តម្រូវឲ្យមានការចូលរួមយ៉ាងហោចណាស់ ២០% នៃសមាជិកសរុប។ ម្យ៉ាងទៀត បើថៅកែមិនអនុញ្ញាតឲ្យបង្កើតសហជីព គឺសហជីពកម្មករមិនអាចបង្កើតបានឡើយ។
តាមលោក អាត់ ធន់ ខ្លឹមសារច្បាប់សហជីព បើបង្កើតសហជីពបាន ទាល់តែសហជីពនោះនៅក្រោមការគ្រប់គ្រងរបស់ថៅកែឬរបស់អ្នកមានអំណាចណាមួយដែលបម្រើឲ្យផលប្រយោជន៍របស់ថៅកែ។ ប៉ុន្តែសហជីពដែលបម្រើឲ្យផលប្រយោជន៍កម្មករមិនអាចបង្កើតបានទេ។ ច្បាប់ថ្មីនោះក៏ធ្វើឲ្យសហជីពងាយត្រូវរំលាយចោលទៅវិញ ហើយថ្នាក់ដឹកនាំសហជីពក៏ប្រឈមជាប់ទោសក្នុងពន្ធនាគារចាប់ពី១ខែទៅ៣ឆ្នាំ និងរងការពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល បើសិនជាគ្រាន់តែដឹកនាំកម្មករធ្វើបាតុកម្មឬកូដកម្មតវ៉ាដែលនាំឲ្យដំណើរការក្នុងរោងចក្រមិនប្រក្រតី។
ក្រុមអង្គការសហជីពកម្មករនៅព្រឹកមិញក៏បានស្នើសុំឲ្យរដ្ឋាភិបាល ផ្លាស់ប្តូរឈ្មោះសេចក្តីព្រាងច្បាប់សហជីពទៅជាច្បាប់ទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងលើកឡើងនូវយោបល់កែប្រែសេចក្តីព្រាងច្បាប់ជាច្រើនចំនុច។
ក្រុមមេដឹកនាំសហជីពបានព្រមានថា បើសិនជារដ្ឋាភិបាលច្រានចោលនូវការផ្តល់យោបល់ របស់សហជីពខាងលើនោះពួកគេនឹងដឹកនាំកម្មករធ្វើកូដកម្មតវ៉ា។ ច្បាប់សហជីពត្រូវបានបង្កើតឡើងតាមការទាមទាររបស់ថៅកែ ដោយសារតែនៅតាមរោងចក្រកាត់ដេរនិងផលិតស្បែកជើង សព្វថ្ងៃមានសហជីពតំណាងកម្មករច្រើនរហូតដល់មានសហជីព ៤ ឬ ៥ នៅក្នុងរោងចក្រមួយ។ ច្បាប់នេះ ក៏ទប់ស្កាត់ការធ្វើបាតុកម្មដោយខុសច្បាប់។
ក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៥ កាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០១០លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសយល់ព្រមជាមួយតំណាងការងារវិស័យឯកជនខាងរោងចក្រកាត់ដេរពីការបង្កើតច្បាប់សហជីព ហើយថាច្បាប់គ្រប់គ្រងសហជីពកម្មករនឹងត្រូវចេញឲ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ២០១១នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ