អានតួអត្ថបទ
កម្ពុជា-ជប៉ុន

ទូរទស្សន៍ CTN ប្រមូល​ថវិកា​ជួយ​ប្រជាជន​ជប៉ុន

ទូរទស្សន៍ CTN ប្រមូល​ថវិការ​ជួយ​ប្រជាជន​ជប៉ុន
ទូរទស្សន៍ CTN ប្រមូល​ថវិការ​ជួយ​ប្រជាជន​ជប៉ុន ©វណ្ណារ៉ា
ដោយ៖ លាង ដឺលុច
១៨ នាទី

ក្រុម​សិល្បៈករ​ដែល​ជា​បុគ្គលិក​ទូរទស្សន៍ CTN នឹង​បើក​យុទ្ធនាការ​ប្រមូល​មូលនិធិ​មនុស្សធម៌​រយៈពេល​មួយ​សប្តាហ៍ ដើម្បី​ជួយ​ប្រជាជន​រងគ្រោះ​ជប៉ុន។ អ្នក​ទទួល​ខុស​ត្រូវ​មួយ​រូប​របស់​ស្ថានីយ​ទូរទស្សន៍ CTN ថ្លែង​ថា នេះ​គឺ​ជា​កាយវិការ​សប្បុរស​របស់​កម្ពុជា ក្នុង​នាម​ជា​មិត្ត​របស់​ជប៉ុន និង​ជា​មនុស្សជាតិ​ដូច​គ្នា។ ស្ថានទូត​ជប៉ុន​បាន​កោតស្ញប់ស្ញែង និង​អរគុណ​សម្មានចិត្ត​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំពោះ​ប្រជាជន​ជប៉ុន។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុងភ្នំពេញ

ទូរទស្សន៍ CTN នឹង​ចាប់​ផ្តើម​យុទ្ធការ​រយៈពេល​មួយ​សប្តាហ៍​ចាប់​ពី​ថ្ងៃ​អាទិត្យ ​ទី២០ មីនា​ខាង​មុខ​នេះ​ទៅ ដើម្បី​ប្រមូល​ថវិកា​ជា​ជំនួយ​សប្បុរស​ពី​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ជួយ​ប្រជាជន​ជប៉ុន​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​រញ្ជួយដី និង​រលក​យក​ស៊ូណាមិ។ នាយក​ផ្នែក​ព័ត៌មាន​នៃ​ទូរទស្សន៍ CTN លោក​ហ៊ុយ វណ្ណៈ​បាន​ប្រាប់​អោយ​ដឹង​ថា ប្រអប់​ទទួល​ជំនួយ​សប្បុរស​នឹង​ដាក់​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍ ហើយ​ក៏​នឹង​មាន​ក្រុម​សិល្បៈករ សិល្បៈការិនី​របស់​ទូរទស្សន៍​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ទី​សាធារណៈ​នានា​ដើម្បី​ប្រមូល​ថវិកា ហើយ​ថា ក្រោយ​រយៈ​ពេល​មួយ​សប្តាហ៍ ប្រអប់​ថវិកា​ទាំង​នោះ​នឹង​ត្រូវ​ប្រគល់​ជូន​ទៅ​ស្ថានទូត​ជប៉ុន។ លោក​ហ៊ុយ វណ្ណៈ​បាន​អត្ថាធិប្បាយ​ថា គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ប្រទេស​ជប៉ុន គឺ​ជា​វិបត្តិ​ដ៏​ធំធេង​មិន​អាច​គណនា​បាន​របស់​ជប៉ុន និយាយ​ដោយ​ឡែក ប៉ុន្តែ​វា​គឺ​ជា​ទុក្ខសោក​របស់​មនុស្សជាតិ​ទាំងមូល និយាយ​ជា​រួម។ នាយក​ព័ត៌មាន​នៃ​ទូរទស្សន៍ CTN បន្ត​ថា សកម្មភាព​របស់ CTN គឺ​ជា​ការ​បង្ហាញ​ពី​ការ​ចែក​រំលែក​ទុក្ខសោក ​ដោយសារ​ជប៉ុន​គឺ​ជា​មិត្តភក្តិ​របស់​កម្ពុជា បង្ហាញ​ពី​ស្មារតី​រួបរួម​គ្នា ក្នុង​នាម​ជា​មនុស្ស​ជាតិ។

លេខាទីមួយ​ប្រចាំ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា លោក​កាម៉ាដា យ៉ាស៊ុហ៊ិកុ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​កោតសរសើរ​ចំពោះ​សម្មានចិត្ត​របស់​ប្រជាជន​កម្ពុជា​ទាំង​មូល រួម​ទាំង​កាយវិការ​របស់​បុគ្គលិក​ទូរទស្សន៍ CTN ផង។ លោក​លេខាទីមួយ​បាន​ប្រាប់​អោយ​ដឹង​ថា ចាប់​តាំង​ពី​ព្រឹត្តិការណ៍​រញ្ជួយដី​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ជប៉ុន ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​បាន​ទទួល​លិខិត​រំលែក​ទុក្ខ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា ព្រះមហាក្សត្រ​ព្រះបរមនាថ នរោត្តមសីហមុនី រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​ថវិកា១សែនដុល្លារ អតីត​និស្សិត​ធ្លាប់​សិក្សា​នៅ​ប្រទេស​ជប៉ុន គ្រូបង្រៀន និង​អ្នក​រត់ម៉ូតូឌុប​ផង។

លោក​កាម៉ាដា យ៉ាស៊ុហ៊ិកុ​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃពុធ​ម្សិល​មិញ ស្ថានទូត​ជប៉ុន​បាន​បើក​ដាក់​សៀវភៅ​រំលែកទុក្ខ​នៅ​ក្នុង​បន្ទប់​ធំ​នៃ​ស្ថានទូត ដើម្បី​ទទួលភ្ញៀវ​ដែល​ចង់​សរសេរ​អំពី​អារម្មណ៍​រំលែកទុក្ខ​របស់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ