ករណីលោក សម រង្ស៊ី​ ជាវិញ្ញាសា​ប្រជាធិបតេយ្យ​នៅកម្ពុជា​

សំឡេង ០៤:០៧
លោក​សម រង្ស៊ី ​មេដឹកនាំ​បក្ស​ប្រឆាំង
លោក​សម រង្ស៊ី ​មេដឹកនាំ​បក្ស​ប្រឆាំង ©​ វណ្ណារ៉ា

លោក​សម រង្ស៊ី ​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​បាត់បង់​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ​ហើយ​ចាប់​ តាំង​ពី​ថ្ងៃទី​១៥​មីនា​មក​បន្ទាប់​ពី​រដ្ឋសភា​បាន​សម្រេច​បញ្ចប់​តួនាទី​របស់​លោក​ជា​ស្ថាពរ​ដោយសារ​តែ​លោក​ត្រូវ​បាន​តុលាការ​កំពូល​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ក្នុង​រឿង​ដក​តម្រុយ​បង្គោល​​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង។ ​រយៈពេល​ជាង​មួយឆ្នាំ​កន្លង​ទៅ​នេះ​ដោយសារ​តែ​គ្មាន​ការ​សម្រប​សម្រួល​ រឿង​ក្តី​លោក​សម រង្ស៊ី ​បាន​វិវឌ្ឍ​ទៅ​រក​ស្ថានភាព​អាក្រក់​ជា​លំដាប់​រហូត​ធ្វើ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រូបនេះ​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ​ក្នុង​ប្រទេស។ តើព្រឹត្តិការណ៍​នេះ​បាន​បាន​ឆ្លុះ​បញ្ចាំង​បែបណា​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

ផ្សាយពាណិជ្ជកម្ម

ទី​បំផុត​ទៅ ​លោក​សម រង្ស៊ី​មិន​ត្រឹមតែ​បាត់​មុខ​ពី​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ ​លោក​ក៏​បាត់​បង់​អាជីព​នយោបាយ​នៅ​ក្នុង​ប្រទេស​ថែម​ទៀត​ផង។ ​ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ចំពោះ​ក្រសែ​​ភ្នែក​ក្រុម​អ្នកវិភាគ​នូវ​ទិដ្ឋភាព​ពីរ​យ៉ាងៈ​ ទី១​គឺ​ឆាក​នយោបាយ​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ដំណាក់កាល​តានតឹង​ជាថ្មី​នៅ​ខណៈ​ដែល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។ ​និង​ទី២​គឺ ​វា​គឺ​ជា​វិញ្ញាសា​មួយ​សម្រាប់​ឆ្លុះ​បញ្ចាំង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

 
ជា​ការពិត ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​ឡើង​កម្តៅ​កាន់​តែ​ខ្លាំង​នៅ​ក្រោយ​ពេល​ដែល​រដ្ឋសភា​ជាតិ​បាន​សម្រេច​បញ្ឈប់​លោក​សម រង្ស៊ី​ពី​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​១៥​មីនា​នេះ។ ​ឡើង​កម្តៅ​ដោយ​ហេតុ​ថា ​លោក​សម​ រង្ស៊ី​មិន​មែន​គ្រាន់តែ​ជា​តំណាងរាស្ត្រ​ម្នាក់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ លោក​ក៏ជា​ប្រធាន​គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​ផង​ដែរ។ ​ដូច្នេះ ​ការ​បាត់​បង់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​សម​ រង្ស៊ី ​ទោះជា​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ​ វា​ប្រាកដ​ជា​ចៀស​មិន​ផុត​ឡើយ​ពី​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​ពាក្យ​សម្តី​ រវាង​បក្ស​ប្រឆាំង​និង​រដ្ឋាភិបាល។

ស្ថានភាព​ជាក់ស្តែង​បាន​កើត​ឡើង​រួច​ទៅហើយ​តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ម្ល៉េះ។ ​គណបក្ស​សម រង្ស៊ី​ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​ចោទ​គណបក្ស​កាន់អំណាច​ថា​មាន​ចេតនា​ផាត់​លោក សម រង្ស៊ី​ចេញ​ពី​ឆាក​នយោបាយ​តាម​រយៈ​ការ​ប្រើ​ប្រាស់​អំណាច​តុលាការ។ ​ការ​ចោទ​ប្រកាន់ នេះ ​ថ្វីដ្បិត​តែ​មិន​មែន​ជារឿង​ថ្មី ​ប៉ុន្តែ ​ទោះតិច​ឬ​ច្រើន​វា​បា្រកដ​ជា​ចៀស​មិនផុត​ឡើយ​ពីការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រូបភាព​របស់​រដ្ឋាភិបាល​ពោលគឺ​វា​មិន​ខុស​អ្វី​ពី​ស្ថានភាព ​«មនុស្ស​ពីរ​នាក់​បាច​ទឹក​ដាក់​គ្នា» នោះ​ឡើយ។ ​យ៉ាងណា​ក៏ដោយ​រដ្ឋាភិបាល​បាន​ខំ​ការពារ​ខ្លួន​ដោយ​សំអាង​លើ​ហេតុផល​នៃ​ការ​អនុវត្តន៍​ច្បាប់។
មក​ដល់​ចំណុច​នេះ ​សំណុំ​រឿង​លោក​សម រង្ស៊ី ​ក៏ជា​វិញ្ញាសា​មួយ​ដែល​អាច​ឆ្លុះ​បញ្ចាំង​បាន​ពី​ការ​អនុវត្តន៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។ ​វិញ្ញាសា​ប្រជាធិបតេយ្យ​ដែល​កម្លាំង​នយោបាយ​ទាំងពីរ​បាន​និង​កំពុង​អនុវត្ត​រយៈពេល​១៨​ឆ្នាំ​មក​ហើយ​នេះ​គឺ​មាន​សភាព​ស្រួចស្រាល់​និង​ប្រកប​ដោយ​ភាព​ប្រទាំង​ប្រទើស​ចាក់​ស្រេះ​ដូច​សំបុក​ពីងពាង។ ​គូ​បដិបក្ស​នយោបាយ​នៅ​កម្ពុជា​ហាក់​ដូច​ជា​ប្រើប្រាស់​ប្រជាធិបតេយ្យ​តាម​បែប​ទ្រឹស្តី​ច្រើន​ជាង​ខ្លឹមសារ។ ​មាន​រឿងរ៉ាវ​ច្រើន​យ៉ាង​រាប់​មិនអស់​ដែល​អាច​យក​មក​ធ្វើ​អំណះ​អំណាង​អំពី​បញ្ហានេះ​បាន​ក្នុង​រយៈពេល​ជិត​ពីរទសវត្សរ៍​ចុងក្រោយ​នេះ។

ករណី​លោក​សម រង្ស៊ី ​ដែល​កំពុង​កើត​ឡើង​នៅ​ចំពោះ​មុខ​យើង​នា​ពេល​នេះ​ក៏​មាន​ដើម​ហេតុ​ចេញ​ពី​ភាព​ប្រទាំង​ប្រទើស​នៃ​ការ​អនុវត្តន៍​​ប្រជាធិបតេយ្យ​នេះ​ដែរ។ ​លោក​សម រង្ស៊ី ​បាន​សំអាង​លើ​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ក្នុង​ឋានៈ​ជា​អ្នក​តំណាងរាស្ត្រ​ដែល​មាន​កាតព្វកិច្ច​ការពារ​ផល​ប្រយោជន៍​រាស្ត្រ ​ក៏ដូច​ជា​ការពារ​បូរណភាព​ទឹកដី​ខ្មែរ។ ​សិទ្ធិ​ប្រជាធិបតេយ្យ​នេះ​ហើយ​ ដែល​ជំរុញ​រូបលោក​ឱ្យ​ដក​តម្រុយ​បង្គោល​ព្រំដែល​លេខ​ ១៨៥​ គ្រវាត់​ចោល​ពី​ព្រោះ​លោក​គិត​ថា​ តម្រុយ​នោះ​ធ្វើ​ឱ្យ​បាត់​បង់​ដី​ខ្មែរ។ ​ប៉ុន្តែ ​រដ្ឋាភិបាល​បាន​ចាត់​ទុក​ទង្វើ​របស់​លោក​សម រង្ស៊ី​ ថា​ការបំពាន​ច្បាប់​ ហើយ​បាន​ដាក់​ទោស​លោក​សម រង្ស៊ី​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ។​ នេះហើយ​ផលវិបាក​នៃ​ភាព​ប្រទាំង​ប្រទើស​នៃ​ការអនុវត្តន៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សរុប​មក​វិញ​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពិតជា​មាន​ដំណើរ​លូតលាស់​ទៅ​មុខ​ក្នុង​រយៈពេល​១៨​ឆ្នាំ​ចុងក្រោយ​នេះ ​ហើយ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​សុទ្ធតែ​មាន​គុណសម្បត្តិ​ក្នុង​ការ​រួម​ចំណែក។ ​ប៉ុន្តែ ​ផ្លូវ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មាន​សភាព​រលាក់ ​និង​គ្រោតគ្រាត​យ៉ាង​ខ្លាំង។ ​ភាព​គ្រោតគ្រាត​ទាំង​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​កើត​ចេញ​ពី​ចរិត​នយោបាយ​ខ្លះ​ដែល​មិន​ទាន់​បាន​ផ្លាស់ប្តូរ​ឱ្យ​សម​ស្រប​ទៅ​នឹង​បរិបទ​ប្រជាធិបេតយ្យ​សេរី​ពហុបក្ស​នៅឡើយ។​ រឿង​ក្តី​លោក​សម រង្ស៊ី​ដែល​បាន​ក្លាយ​ជា​អធិករណ៍​ថ្មីទៀត​ដែល​កំពុង​បោកបក់​លើ​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា។

អធិករណ៍​នេះ​នឹង​ផ្តល់​ផល​អវិជ្ជមាន​ពីរយ៉ាង​ដោយ​ចៀស​មិនផុត៖​ ទី១​គឺ​អនាគត​បក្សប្រឆាំង​នឹង​ត្រូវ​ស្ថិត​នៅពីមុខ​សញ្ញា​សួរ (?)​ និង​ទី២ រូបភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ទទួលរង​រលក​នៃ​ការរិះគន់។​ តើ​អ្នក​ណា​ទទួល​ផល​ចំណេញ​ពីលទ្ធផលនេះ?
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI