គណបក្សប្រឆាំង​កំពុង​ដើរ​បញ្រ្ចាស ពី​ទិសដៅ​ជោគជ័យ

សំឡេង ០៤:១១
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី ©វណ្ណារ៉ា

លោក​ ម៉ៅ មុនីវណ្ណ ​អតីត​តំណាងរាស្ត្រ​គណបក្ស ​សម រង្ស៊ី ​មណ្ឌល​កំពង់ចាម​បាន​ដឹកនាំ​សកម្មជន​មួយក្រុម​ដែល​មាន​គ្នា​ជិត​២០​នាក់​ទៅ​ ចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្សរ​បស់​លោក កឹម សុខា ​កាលពី​ដើម​សប្តាហ៍​នេះ។ ​ជាធម្មតា ​នៅ​ពេល​ដែល​មាន​ចលនា​ផ្តាច់​ខ្លួន​ពី​គណបក្ស​ប្រឆាំង​ អ្នក​ផ្តាច់ខ្លួន​ច្រើន​តែ​ទៅ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ​ប៉ុន្តែ ​ម្តងនេះ ​គឺជា​ចលនា​ផ្តាច់​ខ្លួន​ពី​បក្ស​ប្រឆាំង​មួយ​ទៅ​ចូល​ជាមួយ​បក្ស​ប្រឆាំង​ មួយ​ទៀត។ ​ព្រឹត្តិការណ៍​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​កំពុងតែ​ធ្វើ​នយោបាយ​បញ្រ្ចាស​ទិស​ដោយ​ប្រណាំង​ ប្រជែង​គ្នាឯង​ជំនួស​ឱ្យ​ការ​រួប​រួម​គ្នា​ដើម្បី​ប្រជែង​ជាមួយ​គណបក្ស​ កាន់អំណាច។

ផ្សាយពាណិជ្ជកម្ម

ចលនា​ផ្តាច់​ខ្លួន​ពី​គណបក្ស​មួយ​ទៅ​មួយ​ទៀត​មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ឆាក​នយោបាយ​ប្រទេស​កម្ពុជា ​ជាពិសេស​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជិត​ឈាន​មក​ដល់។​ ប៉ុន្តែ ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ ជា​ធម្មតា ​អ្នក​ផ្តាច់​ខ្លួន​ចេញ​ពី​បក្ស​ប្រឆាំង​ច្រើន​តែ​ទៅ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ​ប៉ុន្តែ ​ពេល​នេះ​ លោក​ ម៉ៅ មុនីវណ្ណ​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​បាន​ដឹកនាំ​សមាជិក​គណបក្ស ​សម រង្ស៊ី ​មួយចំនួន​ទៀត​ទៅ​ចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​ដែល​ជា​គណបក្ស​ប្រឆាំង​ដូចគ្នា​ទៅវិញ។

ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ចំពោះ​ក្រសែភ្នែក​មនុស្ស​គ្រប់​គ្នា​ថា​ គណបក្ស​ប្រឆាំង​មិន​ត្រឹម​តែ​មិន​អាច​បង្រួប​បង្រួម​គ្នា​បាន​ប៉ុណ្ណោះ​ទេ ​ក៏ប៉ុន្តែ ​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​នៅ​ក្នុង​សភា​បែរ​ជា​ងាក​មក​ប្រយុទ្ធ​គ្នា​ឯង​ដើម្បី​ដណ្តើម​យក​សកម្មជន​ពីគ្នា​ទៅវិញ​ទៅមក។ ព្រឹត្តិការណ៍​នេះ​បាន​ស្តែង​ចេញនូវ​ផលវិបាក​ពីរយ៉ាង ៖

ទី១៖ ​គឺជា​បញ្ហា​ដោយ​ឡែក​របស់​គណបក្ស ​សម រង្ស៊ី ​ដែល​កំពុង​ជួប​ប្រទះ​ជាថ្មី​ម្តង​ទៀត​នូវ​រលក​ចលនា​ផ្តាច់​ខ្លួន​របស់​សកម្មជន​មួយចំនួន។ ​បក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​មួយ​នេះ​ តែង​តែ​ទទួល​រង​ជារឿយៗ​នូវ​ការ​ផ្តាច់​ខ្លួន​ទោះ​ជា​បុគ្គល​ក្តី​ ឬ​ជា​ក្រុម​ក្តី។​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ត្រង់​ចំណុច​នេះ​គឺ​ អ្នក​ដែល​បាន​ចាក​ចេញ​ពី​គណបក្ស​ សម រង្ស៊ី ​បាន​លើក​បញ្ហា​ដដែល​ៗ​មក​រិះគន់​ថ្នាក់​ដឹកនាំ​របស់​ខ្លួន។ ​បញ្ហា​សំខាន់​ជាង​គេ​ដែល​ក្រុម​អ្នក​ផ្តាច់​ខ្លួន​តែង​លើក​ឡើង​គឺ​ការ​ដឹកនាំ​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី«លក្ខណៈប្រជាធិបតេយ្យ»។

ទី២៖​ សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​បក្ស​ប្រឆាំង​និង​បក្ស​ប្រឆាំង​គ្នាឯង​កំពុង​ផ្តើម​ផ្ទុះ​ជាថ្មី​ទៀត​ហើយ។ គេ​នៅ​ចាំ​បាន​ថា ​ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ២០០៨​មក ​គណបក្ស ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ប៉ុន​ប៉ង​ចង​សម័្ពន្ធភាព​ជាមួយ​គ្នា ​ឬ​ពេល​ខ្លះ​ពួកគេ​បាន​និយាយ​រហូត​ដល់​ការ​រំលាយ​ចូលគ្នា​ជា​គណបក្ស​តែ​មួយ​ទៀត​ផង។ ​គោលដៅ​នោះគឺ​ការ​ប្រមូល​ផ្តុំ​កម្លាំង​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ដើម្បី​ទប់ទល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។​ ក៏​ប៉ុន្តែ ​ទស្សនវិជ្ជា​ស្តីពី​ការ​«រួមគ្នា​ជាកម្លាំង»​នេះ​មាន​តែ​ត្រឹម​ទ្រឹស្តី​និង​ការ​ស្រមើ​ស្រមៃ​តែ​ប៉ុណ្ណោះ ​គ្មាន​ឡើយ​ការ​ពិត​ជាក់ស្តែង។

ឥឡូវ​នេះ ​និន្នាការ​បាន​ដើរ​បញ្ច្រាស​ពី​គោលដៅ​នេះ​កាន់​តែ​ឆ្ងាយ​ឡើង។ ​ជំនួស​ឱ្យ​ការ​បង្រួប​បង្រួម​ បក្ស​ប្រឆាំង​ទាំងពីរ​ងាក​បែរ​មក​តតាំង​គ្នា​ឯង​វិញ​ម្តង។ ​ការ​ទទួល​យក​សកម្មជន​គណបក្ស​សមរង្ស៊ី​ពី​សំណាក់​គណបក្ស​សិទ្ធិមនុស្ស​នឹង​ធ្វើ​ឱ្យ​ចំណង​ទាក់ទង​រវាង​គណបក្ស​ប្រឆាំង​ទាំងពីរ​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ដោយ​ចៀស​មិន​ផុត​ពោលគឺ​វា​នឹង​ធ្វើ​ឱ្យ​សម័្ពន្ធភាព​រវាង​គណបក្ស​ទាំងពីរ​ដែល​ស្ថិត​នៅ​ជា​ស្រមោល​នៅ​ឡើយ​នោះ​ធ្លាក់​ក្នុង​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង​ឬ​ក៏​អាច​ឈាន​ដល់​ទី​បញ្ចប់​ក៏ថា​បាន។

ដូច្នេះ ​ពីអំណើះ​តទៅ ​គណបក្ស ​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​សម្រាប់​រិះរក​យុទ្ធសាស្រ្ត​អូសទាញ​សកម្មជន​ពីគ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​ជាង​ការ​ស្វែង​រក​វិធី​បង្រួប​បង្រួម​គ្នា​ហើយ​មើល​ទៅ។ ​ប្រសិន​បើ​ដូច្នេះ​មែន​ វា​ពិត​ជា​រឿង​គួរ​ឱ្យ​អនិច្ចា​ខ្លាំង​ណាស់​សម្រាប់​អនាគត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

សរុប​មក​វិញ​ ថ្វី​បើ​ព្រឹត្តិការណ៍​បែប​នេះ​វា​បាន​ក្លាយ​ជា​រឿង​ធម្មតា​មួយ​ទៅ​ហើយ​ក៏​មែន​ពិត ក៏ប៉ុន្តែ ​មេដឹកនាំ​បក្ស​ប្រឆាំង​ជាពិសេស​គណបក្ស ​សម រង្ស៊ី ​តែ​ម្តង​មិន​គួរ​មើល​ស្រាល​បញ្ហា​នេះ​ឡើយ។ ​ដោយ​ឈរ​លើ​ទស្សនៈ​ «មានភ្លើងទើបមានផ្សែង» ​គណបក្ស ​សម រង្ស៊ី​ គួរ​គប្បី ពិនិត្យ​មើល​ឡើង​វិញ​នូវ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​ ហើយ​ប្រញាប់​កែសម្រួល​ជា​បន្ទាន់​នូវ​ចំណុច​ដែល​រង​ការ​រិះគន់​ដដែលៗ ​ដែល​ជា​ដើម​ហេតុ​នៃ​ការ​ផ្តាច់​ខ្លួន​ជា​បន្ត​បន្ទាប់។

នៅ​ក្នុង​បរិបទ​នៃ​បក្ស​ប្រឆាំង​ជារួម​វិញ​ ការ​ដណ្តើម​យក​សកម្មជន​គ្នា​ក្នុង​រង្វង់​បក្ស​ប្រឆាំង​មិន​មែន​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ឡើយ។ ​បក្សនយោបាយ​មួយ​ដែល​ខ្លាំង​គឺ​ជា​បក្ស​ដែល​មាន​សមត្ថភាព​អាច​ទាញ​យក​ការ​គាំទ្រ​ពី​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​ខ្លួន​ និយាយ​ឱ្យ​ចំ ​គោលដៅ​របស់​បក្ស​ប្រឆាំង​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទាក់​ទាញ​សំឡេង​គាំទ្រ​ពី​គណបក្ស​កាន់​អំណាច​ឱ្យ​ងាក​មក​បោះឆ្នោត​ឱ្យ​ខ្លួន​វិញ។ ​ក្នុង​ន័យ​នេះ​ ការ​ដណ្តើម​សកម្មជន​គ្នា​ក្នុង​ចំណោម​អ្នក​ប្រឆាំង​ដូច​គ្នា​នឹ​ងមិន​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​ទៅ​មុខ​រួច​នោះឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI