Air France ត្រូវបានសម្ពោធជាផ្លូវការ នៅភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ មីនានេះ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ទាំងតំណាងរដ្ឋាភិបាលកម្ពុជា ទាំងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអាកាសចរណ៍បារាំងបានបង្ហាញក្តីរំភើប និងក្តីសង្ឃឹមថា វត្តមាន Air Franceនៅកម្ពុជា នាពេលនេះ នឹងរឹតតែពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសចរណ៍រវាងទីក្រុងភ្នំពេញ និងប៉ារីស។
សេចក្តីរាយការណ៍របស់ លាង ដឺលុច ពីទីក្រុងភ្នំពេញ
ជើងយន្តហោះ A340 របស់ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France បានទម្លាក់កង់ដល់ទឹកដីកម្ពុជា នៅម៉ោង៣ និង៥នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ នៅក្នុងពិធីរៀបចំសម្ពោធការហោះហើរឡើងវិញ បន្ទាប់ពីអាកាសចរណ៍បារាំងមួយនេះបានអវត្តមានពីប្រទេសកម្ពុជាចំនួន៣៧ឆ្នាំមក។ យន្តហោះ Air France បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បារាំងប្រមាណ ៥០រូប ដើម្បីចូលរួមក្នុងពិធីសម្ពោធជើងហោះហើរឡើងវិញ ប៉ារីស-ភ្នំពេញដែលត្រូវបានរៀបចំឡើង ឱឡារិកក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងរដ្ឋលេខាធិការទទួលបន្ទុកផ្នែកដឹកជញ្ជូនរបស់រដ្ឋាភិបាលបារាំងលោក Thierry Mariani។
នៅលើឆាកដែលត្រូវបានរៀបចំនៅពីមុខយន្តហោះលេខ AF 274 រដ្ឋលេខាធិការក្រសួងដឹកជញ្ជូនរបស់បារាំងបានអត្ថាធិប្បាយថា ក្រុមហ៊ុន Air France នៅពេលនេះ គឺជានិមិត្តរូបនៃទំនាក់ទំនងរវាងបារាំង និងកម្ពុជាក្នុងវិស័យវប្បធម៌ សេដ្ឋកិច្ច និងទេសចរណ៍។ លោក Pierre Henrie Guorgeon នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Franceបារាំងបានថ្លែងនៅក្នុងពិធីសម្ពោធជើងហោះហើរ Air France នៅកម្ពុជាឡើងវិញថា Air France មានមោទនភាពយ៉ាងខ្លាំង នៅពេល Air France គឺជាក្រុមហ៊ុនអឺរ៉ុបទីមួយដែលបានបង្កើតការហោះហើរឡើងវិញនៅកម្ពុជា។ លោកបន្តថា វត្តមានរបស់ Air France នៅពេលនេះ នឹងផ្តល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនទំនិញ ដូចជាផលិតផលស្រស់ៗ និងផលិតផលវាយណភណ្ឌរវាងបារាំង និងកម្ពុជា។ ជើងហោះហើរបារាំង កម្ពុជា ដោយឆ្លងកាត់តាមប្រទេសថៃនោះ មាន៣ដងក្នុងមួយសប្តាហ៍។ គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អានបានអបអរចំពោះវត្តមានសាជាថ្មីរបស់ក្រុមហ៊ុន Air France នៅប្រទេសកម្ពុជា ហើយលោកប្រាថ្នាចង់ឃើញមានការហោះហើរដោយផ្ទាល់ពីប្រទេសបារាំង ទៅកម្ពុជា។ សម្រាប់លោក សុខ អាន វត្តមាន Air France ក៏ជាមធ្យោបាយទំនាក់ទំនងរវាងកម្ពុជា និងទី្វបអឺរ៉ុបផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ