កម្ពុជា-ថៃ

ព្រំដែន៖ ​កម្ពុជាប្រតិកម្ម​ទៅនឹង​លិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​

លោក​ហោ ណាំហុង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា
លោក​ហោ ណាំហុង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា © វណ្ណារ៉ា

លោក​ហោ ណាំហុង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ជំហរ​យ៉ាង​ដាច់​ខាត​ ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ថា​ ដំណោះស្រាយ​ណា​ផ្សេង​ក្រៅពី​វិធានការ​ជា​កញ្ចប់​ដែល​បាន​ព្រម​ព្រៀង​គ្នា​ កាលពី​ថ្ងៃទី​៩​ឧសភា​នៅ​ហ្សាការតា​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា​ថៃ​មិន​អាច ​ទទួល​យក​បាន​ឡើយ។ ​ប្រតិកម្មបែប​នេះ​ត្រូវ​បាន​ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​ប្រាប់​ប្រធាន​ អាស៊ាន​ក៏​ដូច​ជា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​អស់​ឲ្យ​បាន​ដឹង​កាលពី​ ល្ងាច​ថ្ងៃ​អង្គារម្សិល​មិញ​បន្ទាប់​ពី​ថៃ​បាន​ព្យាយាម​គេច​វេះ ​និង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ផ្តល់​ព័ត៌មាន​ដោយ​ភាន់​ ច្រឡំដែលកម្ពុជាចាត់ទុកថាបានលើកមុខមាត់ឲ្យថៃ។ 

ផ្សាយពាណិជ្ជកម្ម

 

កម្ពុជា​មិន​ទទួល​យក​ដំណោះស្រាយ​ណា​ផ្សេង​ក្រៅពី​វិធានការ​ជា​កញ្ចប់​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​៩​ឧសភា​រវាង​កម្ពុជា​ ថៃ ​និង​ឥណ្ឌូនេស៊ី​នៅ​ហ្សាការតា​នោះ​ឡើយ។ ​នេះ​ជា​ការ​បញ្ជាក់​ក្នុង​លិខិត​របស់​លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ផ្ញើ​ទៅ​លោក​ ម៉ាទី ណាតាលេហ្គាវ៉ា ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ឧសភា​ម្សិលមិញ​។

លោក​កុយ​ គួង ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​ការ​បញ្ជាក់​ជំហរ​ច្បាស់​លាស់​របស់​កម្ពុជា​ប្រាប់​ប្រធាន​អាស៊ាន​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ម៉ាកទី ​ណាតាលេហ្គាវ៉ា ​បាន​ផ្តល់​ព័ត៌មាន​ភាន់​ច្រឡំ​មួយ​ដែល​ហាក់​បាន​លើក​មុខ​មាត់​ដល់​ភាគី​ថៃ។ ​បើ​យោង​តាម​លោក​កុយ គួង ​លិខិត​របស់​លោក​ម៉ាកទី​ដែល​បាន​ផ្ញើ​មក​លោក​ហោ ណាំហុង​កាលពី​ថ្ងៃ​ទី២៣​ឧសភា​បាន​បញ្ជាក់​ថា៖
ទី១​-លោក​បាន​ទទួល​ព័ត៌មាន​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​និង​ថៃ​នៅ​ក្នុង​ជំនួប​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នៅ​ហ្សាការតា​ថា ​នឹង​មាន​ការ​កោះប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​( GBC )​រវាង​ប្រទេស​ទាំង​ពីរ។
ទី២​-លោក​ម៉ាកទី​អះអាង​ថា​បាន​ទទួល​ដំណឹង​ថា​ ថៃ​និង​កម្ពុជា​ត្រៀម​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ត្រូវ​បាន​លោក​កុយ គួង ​អះអាង​ថា​ជាការ​ទទួល​បាន​ព័ត៌មាន​តែ​ពី​ភាគីថៃ​ប៉ុណ្ណោះ ​ប៉ុន្តែ ​លោក​ ម៉ាកទី ​បែរ​ជា​អះអាង​ថា​បាន​ទទួល​ពី​ភាគី​ទាំង​ពីរ។ ​នេះជា​អ្វី​ដែល​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ចាត់ទុក​ថា​ជា​ការ​លើក​មុខ​មាត់​ឲ្យ​ប្រទេស​ថៃ។ ​ហេតុ​ដូច្នេះ​ហើយ​បានជា​ប្រមុខ​ការទូត​កម្ពុជា​ បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ដោយ​ប្រើ​ភាសា​ការទូត​ធ្ងន់ៗ​និង​យ៉ាង​ដាច់​ណាត់​ថា​កម្ពុជា​មិន​ទទួល​យក​ដំណោះស្រាយ​ណា​ផ្សេង​ក្រៅ​ពី​វិធានការ​ជា​កញ្ចប់​ដែល​បាន​ព្រមព្រៀង​គ្នា​នោះ​ឡើយ។​ លោក​ ហោ ណាំហុង ​រំលឹក​ថា ​ចម្លើយ​ជា​វិជ្ជមាន​របស់​ថៃ​គឺជា​ការ​ចាំបាច់​មិន​អាច​ខ្វះបាន។

សូម​រំលឹក​ថា ​វិធានការ​ជា​កញ្ចប់​៦​ចំណុច​នោះ​បាន​បញ្ជាក់​ច្បាស់​ថា ​ថៃ​ត្រូវ​ឆ្លើយ​យល់​ព្រម​ទទួល​យក​លក្ខខណ្ឌ​ប្រតិបត្តិ​ស្តីពី​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី។ ​ប្រាំថ្ងៃ​ក្រោយ​ទទួល​បាន​លិខិត​ផ្លូវការ​ពី​ថៃ ​ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នក​វាយ​តម្លៃ​សភាពការណ៍​មក​កាន់​ព្រំដែន ​ហើយ​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ ​និង​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​ថៃ​ក៏​នឹង​បើក​ធ្វើ​ព្រម​គ្នា​ដែរ។ ​ប្រាំថ្ងៃ​ក្រោយ​មក​ទៀត​ ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នកសង្កេតការណ៍​មក​ដល់​ព្រំដែន​កម្ពុជា​ថៃ។​ប៉ុន្តែ ​រហូត​មក​ទល់​ពេល​នេះ ​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​មិន​ទាន់​បាន​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ​នៅ​ឡើយ​ទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI