កម្ពុជា

កម្ពុជា​ បង្ហាញ​ការវាយប្រហារ​របស់​ថៃ​ដល់​អនុព័ន្ធ​យោធា​ប្រចាំ​កម្ពុជា

កម្ពុជា​​​កោះ​ប្រជុំ​អនុព័ន្ធ​​យោធា​​របស់​ស្ថានទូត​បរទេស​ចំនួន​​​១៥​​ប្រទេស​​នាថ្ងៃ​ព្រហស្បតិ៍​​២៨​មេសា​​បង្ហាញ​ពី​សង្គ្រាម​​ឈ្លានពាន​ថៃ​មក​លើ​កម្ពុជា។
កម្ពុជា​​​កោះ​ប្រជុំ​អនុព័ន្ធ​​យោធា​​របស់​ស្ថានទូត​បរទេស​ចំនួន​​​១៥​​ប្រទេស​​នាថ្ងៃ​ព្រហស្បតិ៍​​២៨​មេសា​​បង្ហាញ​ពី​សង្គ្រាម​​ឈ្លានពាន​ថៃ​មក​លើ​កម្ពុជា។ © លី ម៉េងហួរ

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​ការពារជាតិ របស់​ប្រទេស​កម្ពុជា បាន​កោះប្រជុំ​អនុព័ន្ធ​យោធា របស់​ស្ថានទូត​បរទេស​ចំនួន ១៥ ប្រទេស ប្រចាំ​កម្ពុជា។ អនុព័ន្ធ​យោធា​ថៃ ក៏​បាន​ចូល​រួម​ស្តាប់​បទ​បង្ហាញ​ពី​សង្គ្រាម​ឈ្លានពាន​របស់​ថៃ លើ​កម្ពុជា​ផង​ដែរ​។​

ផ្សាយពាណិជ្ជកម្ម

 

មន្ត្រី​យោធា​កម្ពុជា បាន​ផ្សព្វផ្សាយ​ពី​ការវាយប្រហារ ឈ្លានពាន​របស់​កងទ័ព​ថៃ នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ប្រាប់​ដល់​អនុព័ន្ធយោធា របស់​ស្ថានទូត​បរទេស​ចំនួន ១៥ ប្រទេស ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៨​មេសា ឆ្នាំ​២០១១ នៅ​ទីស្តីការ​ក្រសួង​ការពារជាតិ​។ អនុព័ន្ធ​យោធា​ថៃ ៣ រូប ក៏​បាន​ចូលរួម​ស្តាប់​បទ​បង្ហាញ​នោះ​ផង​ដែរ​។

​ចំពោះមុខ​អនុព័ន្ធ​យោធា​បរទេស លោក​ឧត្តមសេនីយ៍ទោ ផាត វិបុល​សុភ័ក្ត្រ ប្រធាន​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ របស់​ក្រសួង​ការពារជាតិ បានលើកឡើង​ពី​ថ្ងៃ​ខែ និង​ម៉ោង​ពេល ដែល​ទាហាន​ថៃ​បើក​ការវាយលុក​មក​លើ​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ជា​បន្តបន្ទាប់ ចាប់​តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា ឆ្នាំ​២០១១ រហូតដល់​ព្រឹក​ថ្ងៃទី​២៨​មេសា ឆ្នាំ​២០១១​។

​ក្នុង​បទ​បង្ហាញ​នោះ ក៏​មាន​ការចង្អុលបង្ហាញ​លើ​ផែនទី​​ទីតាំង​កងទ័ព​ថៃ​វាយប្រហារ​លើ​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ព្រម​ទាំង​ភូមិ​ប្រជាជន​កម្ពុជា នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។ រូបភាព​ទាហាន​កម្ពុជា​របួស ស្លាប់ និង​ជនភៀសសឹក​ជាច្រើន​ផ្សេង​ទៀត ក៏​ត្រូវ​បាន​បង្ហាញ​ផងដែរ​។​

​តាម​បទ​បង្ហាញ កងទ័ព​ថៃ​បាន​ប្រើប្រាស់​ទាំង​យន្តហោះ​ប្រយុទ្ធ ព្រមទាំង​អាវុធ​គាំទ្រ​ថ្មើរជើង​ធុន​ធ្ងន់ DK 75 mm, DK 82 mm និង​កាំភ្លើង​ផ្លោង​ធុន 105 mm និង 155 mm ។ ថៃ​បាន​បាញ់​គ្រាប់ផ្លោង​ជា​ច្រើន​គ្រាប់ ចូល​ទឹកដី​កម្ពុជា​ចម្ងាយ ២២ គីឡូម៉ែត្រ ដែល​ជា​តំបន់​ប្រជាជន​ស៊ីវិល​រស់នៅ​។
​មន្ត្រី​យោធា​កម្ពុជា អះ​អា​ថា ការវាយលុក​របស់​ថៃ​លើ​កម្ពុជា​ពេល​នេះ ថៃ​មាន​បំណង ដណ្តើម​កាន់កាប់​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី របស់​កម្ពុជា នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។​

​តុល្យការ នៃ​ការវាយលុក​របស់​ថៃ មក​កម្ពុជា​ទាំង​យប់​ទាំង​ថ្ងៃ រយៈពេល ៧ ថ្ងៃ​ជាប់ៗ​គ្នា ចាប់ពី​ថ្ងៃ​២២​មេសា ក៏​ត្រូវ​បាន​ឧត្តមសេនីយ៍​យោធា​កម្ពុ​ជា​លើក​បង្ហាញ​ដល់​អនុព័ន្ធ​យោធា​បរទេស​ផងដែរ​។ នោះ​គឺ​យោធា​កម្ពុជា បាន​ពលី ៧ នាក់ និង​របួស​ចំនួន ១៧ នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា ភៀស​សឹក​ប្រមាណ ៣០.០០០ នាក់​។ ជនភៀសសឹក ភាគច្រើន​ជា​ស្ត្រី កុមារ និង​ចាស់ជរា​។ ការវាយប្រហារ​របស់​ថៃ ក៏​បាន​ធ្វើឲ្យ​ឆេះ​សាលារៀន ១ ខ្នង និង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១០ ខ្នង​។​

​ជា​ការកត់សម្គាល់ ក្រោយពី​ព្រឹត្តិការណ៍​ថៃ វាយប្រហារ​ទ្រង់ទ្រាយ​ធំ លើ​កម្ពុជា កាលពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧​កុម្ភៈ ឆ្នាំ​២០១១ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ កម្ពុជា​ក៏​បាន​កោះប្រជុំ​អនុព័ន្ធ​យោធា​​បរទេស និង​បង្ហាញ​ពី​ការបង្ក​សង្គ្រាម​របស់​ថៃ​លើ​ទឹកដី​កម្ពុជា​។ កាលណោះ មន្ត្រី​យោធា​កម្ពុជា ក៏​បាន​នាំ​អនុព័ន្ធ​យោធា​បរទេស​ជាច្រើន​នាក់ ចុះ​ទៅ​ត្រួតពិនិត្យ​ដោយផ្ទាល់ នៅ​សមរភូមិ​ព្រំដែន​ព្រះវិហារ​ផងដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI