សហជីពកម្មករច្រើនពាន់នាក់ចុះដង្ហែក្បួនទាមទារសិទ្ធិនៅថ្ងៃទិវាពលកម្មអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កម្មករសហជីពនិងគណបក្សនយោបាយទាមទារអោយមានការគោរពសិទ្ធិកម្មករនិងឈប់ធ្វើបាបតំណាងសហជីព។ លើសពីនេះទៅទៀត តំណាងកម្មករទាមទារសូមអោយរោងចក្រចំនួន១៣ដែលបានបញ្ឈប់កម្មករចំនួន ១៤០នាក់ពីការងារអោយចូលធ្វើការឡើងវិញជាបន្ទាន់។
កម្មករ-កម្មការិនីច្រើនពាន់នាក់បានអំពាវនាវនៅថ្ងៃទី១ខែឧសភាត្រូវនឹងទិវាពលកម្មអន្តរជាតិអោយដោះលែងប្រធានសហជីព សួស ចន្ថា ដែលត្រូវបានអាជ្ញាធរចោទប្រកាន់និងចាប់ដាក់ពន្ធនាគារអស់រយៈពេលជិត៥ខែមកហើយ។
ការចោទប្រកាន់លោក សួស ចន្ថា គឺជាការធ្វើទុក្ខបុកម្នេញប្រឆាំងរើសអើងនឹងសហជីពដែលតែងតែការពារសិទ្ធិផលប្រយោជន៍និងសេរីភាពរបស់កម្មករ។ ការទាមទាររបស់កម្មករកាលពីព្រឹកមិញនេះបានធ្វើឡើងត្រង់ទៅកាន់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានអត្ថាធិប្បាយថា កន្លងមក តុលាការតែងតែដោះស្រាយដោយមានប្រសិទ្ធភាពនៅពេលដែលមានពាក្យបណ្ដឹងពីនិយោជកប្រឆាំងនឹងកម្មករឬថ្នាក់ដឹកនាំសហជីពប៉ុន្តែនៅពេលដែលសហជីពដាក់ពាក្យបណ្ដឹងប្រឆាំងនឹងថៅកែវិញសំណុំរឿងភាគច្រើនមិនត្រូវបានគេដោះស្រាយទេ។
កម្មករកាត់ដេរ កម្មករសំណង់ អ្នករត់ម៉ូតូឌុប និងមន្រ្តីរាជការមួយចំនួនកាលពីព្រឹកមិញបានទាមទារច្រើនចំនុចក្រៅពីសំណុំរឿងលោក សួស ចន្ថាប្រធានសហជីពប្រចាំរោងចក្រយូណាយធិត។ សេចក្តីប្រកាសព័ត៌មានរបស់សហភាពការងារកម្ពុជាបានអំពាវនាវដល់រាជរដ្ឋាភិបាលនិងនិយោជកអោយបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគំរាមកំហែងចាប់ខ្លួនសកម្មជនសហជីព អោយបញ្ចុះតម្លៃប្រេងសាំង អោយកំណត់ប្រាក់ឈ្នួលសមរម្យនិងចំនុចចុងក្រោយ កម្មករ-កម្មការិនីអំពាវនាវអោយរោងចក្រចំនួន១៣ទទួលយកកម្មករចំនួន១៤០នាក់ចូលធ្វើការឡើងវិញ។
កម្មករចំនួន១៤០នាក់នេះត្រូវបានរោងចក្រកាត់ដេរបញ្ឈប់ពីការងារបន្ទាប់ពីពួកគេបានចូលរួមធ្វើកូដកម្មកាលពីខែកញ្ញាឆ្នាំ២០១០កន្លងមក។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានព្រមានថា ប្រសិនបើរោងចក្រដែលពាក់ព័ន្ធចំនួន១៣នេះមិនអើពើនឹងការទាមទារអោយចូលធ្វើការវិញនោះទេ សហភាពការងារកម្ពុជាអាចនឹងរៀបចំធ្វើកូដកម្មនៅក្នុងរោងចក្រទាំង១៣នេះតែម្តងនៅក្នុងពេលខាងមុខនេះ។
ចំពោះគណបក្សសិទ្ធិមនុស្សឯណេះវិញ ពួកគេអំពាវនាវអោយមានការស្វែងរកឃាតករដែលបានបាញ់សម្លាប់កម្មករពលករនិងតំណាងសហជីពនាពេលកន្លងមក។ លោក ជា វិជ្ជា មេដឹកនាំសហជីពដ៏ល្បីល្បាញមួយរូបត្រូវបានឃាតករបាញ់សម្លាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះប៉ុន្តែជនល្មើសនៅមិនទាន់រកឃើញនៅឡើយទេ។
លោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីបានអត្ថាធិប្បាយជារួមនៅថ្ងៃទិវាពលកម្មអន្តរជាតិនេះថា កម្មករគួរអត់ធ្មត់និងចៀសវាងការធ្វើកូដកម្មបាតុកម្មពីព្រោះការធ្វើកូដកម្មនិងបាតុកម្មមិនចំណេញនោះទេ។ លោក បានបន្តទៀតថា រដ្ឋាភិបាលបានជំរុញការដំឡើងប្រាក់ខែជូនកម្មករជាបន្តបន្ទាប់មកហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ