កម្ពុជា

នាវា​ល្បាត​បារាំង​ចូលចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ រយៈពេល​ ៥​ ថ្ងៃ

នាវាល្បាត​នៃ​កងទ័ព​ជើង​ទឹក​បារាំង​ ឈ្មោះ ​Vendémiaire​
នាវាល្បាត​នៃ​កងទ័ព​ជើង​ទឹក​បារាំង​ ឈ្មោះ ​Vendémiaire​ © រូបថត​រក្សាសិទ្ធិ

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ប្រកាស​ថា នាវា​ល្បាត​នៃ​កងទ័ព​ជើងទឹក​បារាំង ឈ្មោះ Vendémiaire ដែល​ទើប​មក​ពី​ប្រទេស​វៀតណាម បាន​ធ្វើការ​ចូល​ចត សំដែង​ការ​គួរសម នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ទី​៨ ខែ​ឧសភា​នេះ មុន​នឹង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​ថៃ។ ការ​ចូល​សំចត​នាវា​ល្បាត​បារាំង ដែល​បាន​គ្រោង​ទុកជា​យូរ​មក​ហើយ​នេះ គឺ​ជា​ឱកាស​មួយ ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​កងទ័ព​ជើងទឹក​ប្រទេស​បារាំង និង​កម្ពុជា តាម​រយៈ​កម្មវិធី​ជួបពិភាក្សា​មួយ​ចំនួន​នៅ​មូលដ្ឋាន​រាម ការ​ទស្សនា​លើ​នាវា និង​ការ​ប្រកួត​កីឡា​ផ្សេងៗ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន ចុះ​ថ្ងៃ​ទី​៤​ឧសភា​​នេះ ស្ថានទូត​បារាំង បាន​លើក​ឡើង​ថា ការ​ចូល​សំចត នៃ​នាវា​ល្បាត​កងទ័ព​ជើងទឹក​បារាំង ដែល​បាន​គ្រោង​ទុក​ជា​យូរ​មក​ហើយ​ គឺ​ជា​ឱកាស​មួយ ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​កងទ័ព​ជើងទឹក​ប្រទេស​បារាំង និង​កម្ពុជា។ ក្នុង​រយៈ​ពេល ៥ ថ្ងៃ​នៅ​កំពង់សោម កងទ័ព​ជើង​ទឹក​កម្ពុជា និង​បារាំង មាន​កម្មវិធី​ជួប​ពិភាក្សា​មួយ​ចំនួន​នៅ​មូលដ្ឋាន​រាម ការទស្សនា​លើ​នាវា និង​ការ​ប្រកួត​កីឡា។

សេចក្តី​ប្រកាស​ដដែល ក៏​បាន​លើក​ឡើង​ថា បន្ទាប់ពី​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៩៣ នាវា Vendémiaire ត្រូវ​បាន​ដាក់ពង្រាយ​ភ្លាម នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ក្នុង​ពេល​មាន​សន្តិភាព នាវា​ល្បាត​ប្រភេទ​នេះ អាច​បំពេញ​បេសកកម្ម​ជា​ច្រើន​ទៀត​ដូចជា​ប្រចាំ​ការ​​​នៅ​សមុទ្រ ដោយ​មាន​សមត្ថភាព​ក្នុង​ការ​ល្បាត យកការណ៍ និង​ប្រឆាំង​បទល្មើស​ផ្សេងៗ។

សេចក្តី​ប្រកាស បាន​បញ្ជាក់​ថា នាវា​ល្បាត​នេះ ក៏​អាច​ប្រើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ទ័ព និង​គ្រឿង​សម្ភារៈ​សម្រាប់​ការ​ធ្វើ​អន្តរាគមន៍​ផ្សេងៗ​ផង​ដែរ ហើយ​វា​អាច​បំពេញ​កិច្ចការ​រដ្ឋ​លើ​ផ្ទៃ​សមុទ្រ មាន​ជាអាទិ៍ ការ​បំពេញ​ការងារ​ជា​នគរបាល​ផ្នែក​នាវាចរណ៍ និង​ឃ្លាំមើល​ការ​នេសាទ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​បរិស្ថាន និង​ការ​ធ្វើ​សកម្មភាព​មនុស្សធម៌។ ជាងនេះ​ទៅទៀត នាវា​ល្បាត​កងទ័ព​ជើងទឹក​បារាំង ក៏​មាន​ភារកិច្ច​ជម្លៀស​ពលរដ្ឋ​បារាំង ក្នុង​ករណី​មាន​គ្រោះអាសន្ន។

លោក​ឧត្តម​សេនីយ៍ឯក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ បាន​ចាត់​ទុក​វត្តមាន របស់​នាវា​ល្បាត​បារាំង​នៅ​កម្ពុជា​លើក​នេះ ថា​ជា​ការ​បង្កើន​នូវ​ទំនាក់​ទំនង​ទ្វេភាគី​ល្អ​ថែម​ទៀត រវាង​កម្ពុជា​-​បារាំង។ ប្រទេស​បារាំង ដែល​កន្លង​មក បាន​បង្រៀន​ដល់​នាយទាហាន​សកម្ម​កម្ពុជា នៅ​បន្ទាយ​ត្មាតពង ជួយ​ពង្រឹង និង​បណ្តុះបណ្តាល​កងរាជ​អាវុធហត្ថ​កម្ពុជា។ សិក្ខាកាម​យោធា​កម្ពុជា​មួយ​ចំនួន ក៏​ត្រូវបាន​បញ្ជូន​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ផង​ដែរ។

កន្លង​មក នៅ​កំពង់ផែ​កំពង់សោម ក្រៅពី​នាវា​ចម្បាំង​បារាំង ក៏​មាន​នាវា​ចិន និង​នាវា​ចំបាំង​​អាមេរិក​ជា​ច្រើន​គ្រឿង បាន​ឈប់​សំចត ក្នុង​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​​យោធា​ទៅ​វិញ​ទៅ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI