កម្ពុជា-អង្គការសហប្រជាជាតិ

លោក Christophe Peschoux ចាក​ចេញ​ពី​កម្ពុជា

លោក Christophe Peschoux ប្រធាន​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា
លោក Christophe Peschoux ប្រធាន​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ©RFI

ប្រធាន​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ​លោក​ Christophe Peschoux ​បាន​ចាក​ចេញ​ពី​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​បន្ទាប់​ពី​លោក​បាន​ប្រកាស​លា​ចេញ​ពី​មុខ​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ។ ​ការ​ចាក​ចេញ​របស់​លោក ​Christophe Peschoux ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បញ្ហា​ចម្រូង​ចម្រាស​ជាច្រើន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ការ​លាឈប់​របស់​អ្នកតំណាង​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​រូបនេះ​ស្រប​តាម​សំណូមពរ​របស់​រដ្ឋាភិបាល ​ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​សម្តែងការ​សោក​ស្តាយ។

ផ្សាយពាណិជ្ជកម្ម

លោក ​Christophe Peschoux ​ជនជាតិ​បារាំង ​អាយុ ​៥២​ឆ្នាំ ​ដែល​បាន​កាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​សិទ្ធិមនុស្ស​របស់​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​អស់​រយៈពេល​៤​ឆ្នាំ​បាន​ចាក​ចេញ​ពី​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍នេះ។

ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ជូន​ដំណឹង​ស្តីពី​ការ​លាឈប់​របស់​លោក​ Christophe Peschoux ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​តាំងពី​ខែ​មេសា​ម៉្លេះ។ ​មូលហេតុ​ផ្លូវការ​ដែល​គេ​បាន​លើក​ឡើង​គឺ​លោក​ Christophe Peschoux ​ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​នៅ​ឯ​ទីស្នាក់ការ​ធំ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​និង​មក​ពី​បញ្ហា​ផ្ទាល់​ខ្លួន។

ប៉ុន្តែ ​ការ​លាឈប់​ពីតំណែ​ងរបស់​លោក ​Christophe Peschoux ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ចម្រូង​ចម្រាស​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ​ រដ្ឋាភិបាល​កម្ពុជា​បា​ន​ស្នើឲ្យ​ដក​រូប​លោក​ចេញ​ពី​តំណែង​ដោយ​មូលហេតុ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការងារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ស្នើ​ឲ្យ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ដក​រូប​លោក ​Christophe Peschoux ​ចេញ​ដោ​យ​លោក​ចោទ​ថា ​លោក​ Christophe Peschoux ធ្វើការ​ជា​អ្នក​នាំពាក្យ​ឲ្យ​បក្ស​ប្រឆាំង​ច្រើន​ជាង​ការងារ​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ។

រដ្ឋាភិបាល​កម្ពុជា​បាន​គំរាម​បិទ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ប្រសិន​បើ​លោក​ Christophe Peschoux​ មិន​ត្រូវ​បាន​ដក​ចេញ​ពី​មុខ​តំណែង​ទេ​នោះ។ ​វិទ្យុបារាំង​អន្តរជាតិ មិនអាច​ទាក់​ទង​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​នេះ។ រីឯ​មន្ត្រីរដ្ឋាភិបាល​ក៏​មិន​អាច​ទាក់ទង​សុំ​ប្រតិកម្ម​អំពី​បញ្ហា​នេះ​បាន​ដែរ។

ប៉ុន្តែ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះកា​រចាក​ចេញ​របស់​លោក​ Christophe Peschoux ។ នៅ​ពេល​ដែល​រដ្ឋាភិបាល​ចាត់​ទុក​លោក​ Christophe Peschoux ​ ថា​ជាអ្នក​ដែល​ធ្វើ​ការ​លម្អៀង​ទៅរក​គណបក្ស​ប្រឆាំង ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចាត់ទុក​អ្នកតំណាង​ការិយា​ល័យ​សិទ្ធិមនុស្ស​សហប្រជាជាតិ​រូបនេះ​ថា​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ដ៏​ពិត​ប្រាកដ​មួយ។ ពួកគេ​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ថា​មិន​ច​ង់ឲ្យ​មាន​ការរិះគន់​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ជារឿយៗ​បញ្ហា​រវាង​អ្នក​តំណាង​ពិសេស​ឬ​អ្នករាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ​តែង​ជួប​បញ្ហា​មិន​ចុះសម្រុង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ​មន្ត្រី​រដ្ឋាភិបាល​បាន​ហៅ​អ្នក​រាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​មួយចំនួន​ថា​ជា​អ្នក​ទេសចរ​រយៈពេល​វែង​ ហើយ​ថា ពួក​គេ​មិន​បាន​ស្វែង​យល់​ពី​បញ្ហាពិត​នៅ​កម្ពុជា​ទេ។ ទីបញ្ចប់​នៃបញ្ហា​គឺការ​លាឈប់​ពី​មុខ​តំណែង​របស់​អ្នក​ទាំង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI