កម្ពុជា-ថៃ

ពិព័រណ៍​ផលិតផលថៃ​នៅភ្នំពេញ​នៅថ្ងៃទី​១៩ឧសភា​ត្រូវលុបចោល​ដោយសារ​ពាក្យសម្ដី​មេទ័ពថៃ​

ពិព័រណ៍​​ផលិតផល​ថៃ​​ដែល​គ្រោង​​​រៀបចំ​​នៅ​​ទីក្រុង​​ភ្នំពេញ​​ពី​ថ្ងៃ​ទី​១៩​​ដល់​ថ្ងៃ​​ទី​២២​​ឧសភា​​ខាងមុខ​នេះ​​នឹង​ត្រូវ​​លុបចោល​
ពិព័រណ៍​​ផលិតផល​ថៃ​​ដែល​គ្រោង​​​រៀបចំ​​នៅ​​ទីក្រុង​​ភ្នំពេញ​​ពី​ថ្ងៃ​ទី​១៩​​ដល់​ថ្ងៃ​​ទី​២២​​ឧសភា​​ខាងមុខ​នេះ​​នឹង​ត្រូវ​​លុបចោល​ ©​ គី​ សុខលីម

ពិព័រណ៍​ផលិតផល​ថៃ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៩​ខែ​ឧសភា​ខាងមុខ​នេះ​ត្រូវ​បាន​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ​ ស្នើ​អោយ​លើកពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ។ ​ការលុបចោល​ពិព័រណ៍​ផលិត​ថៃ​នៅ​ពេលនេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មេទ័ព ​ថៃ​តំបន់​ម្នាក់​គម្រាម​បិទ​ព្រំដែន​មិន​អោយ​មានការ​នាំចេញ​ទំនិញ​ពី​ ប្រទេស​ថៃ​ចូល​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ពិព័រណ៍​ផលិតផល​ថៃ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ​ចាប់​ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃ​ទី​២២​ខែ​ឧសភា​ខាងមុខ​នេះ​នឹង​ត្រូវ​លុបចោល​តាម​សំណូមពរ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ។

 
មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ​ម្នាក់​សុំ​មិន​អោយ​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​ពិព័រណ៍​ផលិតផល​ថៃ​នៅ​ថ្ងៃទី​១៩​ខែ​ឧសភា​ខាង​មុខ​នេះ​នឹង​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​ដោយ​ឥត​មាន​ពេល​កំណត់។ ​មន្ត្រី​រូប​នេះ​បាន​បន្ត​ទៀត​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ​បាន​សរសេរ​លិខិត​ជម្រាប​ប្រាប់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​ហើយ​អំពី​ដំណឹង​នេះ។

មន្ត្រី​ដដែល​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ការ​ស្នើ​លើកពេល​ពិព័រណ៍​ផលិតផល​ថៃ​នៅពេល​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​មេទ័ព​ថៃ​ម្នាក់​ដែល​ទាមទារ​អោយ​មាន​ការ​បិទ​ព្រំដែន​កុំ​អោយ​ទំនិញ​ថៃ​ចូល​កម្ពុជា។ ​មេទាហាន​ថៃ​រូប​នោះ​បាន​និយាយ​ថា ​ទំនិញ​នាំ​ចូល​មក​កម្ពុជា​ត្រូវ​បាន​គេ​ទិញ​ដើម្បី​ផ្គត់ផ្គង់​កងទ័ព​កម្ពុជា​ដែល​ត្រៀម​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ។ ​ជា​ការ​ឆ្លើយតប​ក្រសួង​ពាណិជ្ជកម្ម​ស្នើ​សុំ​អោយ​មាន​ការ​ពន្យារ​ពេល​សម្រាប់​ពិព័រណ៍​ផលិតផល​ថៃ​នៅ​ទីក្រុង​ភ្នំពេញ។

បដា​បិទផ្សាយ​ដំណឹង​កាលបរិច្ឆេទ​ពិព័រណ៍​ថៃ​នៅ​តាម​មហា​វិថី​ធំ​ៗ​នៃ​ទីក្រុង​ភ្នំពេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ត្រូវ​បាន​គេ​ដោះ​ចោល​ជា​បន្ត​បន្ទាប់​អស់​វិញ​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ពិព័រណ៍​ទំនិញ​ថៃ​គ្រោង​នឹង​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២២​ខែ​ឧសភា​ខាងមុខនេះ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​​ទីក្រុង​ភ្នំពេញ។ ស្តង់​លក់​ផលិតផល​ថៃ​ត្រូវ​បាន​គេ​គ្រោង​ក្នុង​ចំនួន​ជាង​២០០​ស្តង់។

កាល​ពី​ចុង​ខែ​មេសា​កន្លងមក ​ដោយសារ​ការ​បាញ់​ប្រយុទ្ធ​គ្នា​អ្នក​នយោបាយ​ថៃ​មួយ​ចំនួន​មាន​ចេតនា​ចង់​ប្រកាស​បិទ​ព្រំដែន​ប៉ុន្តែ​ជា​ប្រតិកម្ម​ឆ្លើយតប ​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ ហ៊ុន សែន បាន​ព្រមាន​ថា ​ប្រសិន​បើ​ថៃ​បិទ​ព្រំដែន​ ប្រជាជន​ខ្មែរ​នឹង​ឈប់​ទិញ​ផលិតផល​របស់​ថៃ។

កាល​ពី​ពេល​មុន ​ទំនិញ​ថៃ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​ប៉ុន្តែ​​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ ទំនិញ​ប្រើប្រាស់​ប្រទេស​វៀតណាម​និង​ចិន​បាន​ចូល​មក​ដណ្ដើម​ចំណែក​ទីផ្សារ​នៃ​ផលិតផល​ថៃ។

អ្នក​នយោបាយ​ថៃ​មួយ​ចំនួន​គិតថា ​ទីផ្សារ​កម្ពុជា​ពឹង​ផ្អែក​ទៅលើ​ទំនិញ​របស់​ប្រទេស​ថៃ ​អ៊ីចឹង​ហើយ​បាន​ជា​អ្នកនយោបាយ​ថៃ​តែងតែ​គម្រាម​បិទ​ព្រំដែន​កុំ​អោយ​នាំ​ទិញ​ថៃ​ចូល​កម្ពុជា។ ​ការ​លើកពេល​មិន​អោយ​មាន​ពិព័រណ៍​ផលិតផល​ថៃ​នៅ​កម្ពុជា​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​គឺ​ជា​សារ​ប្រាប់​ភាគី​ថៃ​ថា ​ខ្មែរ​មិន​រស់​នឹង​ផលិតផល​របស់​ថៃ​តែ​មួយ​មុខ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI