កម្ពុជា

មាន​ក្រុមប្រជាធិបតេយ្យ​ចង់រំលំ​រដ្ឋាភិបាល​កម្ពុជា​

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​AKPបាន​ផ្សាយ​អត្ថបទ​មួយ​ដែល​និយាយ​ថា មាន​មនុស្ស​មួយ​ក្រុម​ដែល​តាំង​ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​និយម ហើយ​កំពុង​អំពាវនាវ​កាន់​តែ​ខ្លាំង​ឡើង​អោយ​ប្រជាជន​ក្រោកឡើង ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​និង​ផ្លាស់ប្តូរ​របបនយោបាយ​ទៀតផង។ ​ព័ត៌មាន​ស្តី​ពី​ចលនារបស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នេះ​ត្រូវ​បាន​បញ្ចេញ​ដោយ​ទីប្រឹក្សា​រដ្ឋាភិបាល​​គឺ​លោក​ឆាំង សុង​ដែល​បាន​សរសេរប្រាប់​ ទៅ​លោកខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។

ផ្សាយពាណិជ្ជកម្ម

ទីប្រឹក្សា​រដ្ឋាភិបាល លោក​ឆាំង សុង បាន​សរសេរ​សារ​អេឡិចត្រូនិក​មួយ​ផ្ញើ​ទៅ​លោក​ខៀវ កាញារីទ្ធ ដើម្បី​ប្រាប់​ថា មាន​មនុស្ស​មួយក្រុម​ដែល​តាំងខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​និយម ហើយ​បាន​កំពុង​អំពាវនាវ​កាន់​តែខ្លាំង​ឡើង អោយ​មាន​ការ​បះបោរ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា និង​ផ្លាស់ប្តូរ​របប​នយោបាយ​នៅ​កម្ពុជា។

 
ព័ត៌មាន​ដែល​លោក​ឆាំង សុង​បាន​សរសេរ​ប្រាប់​លោក​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP ​កាលពី​ថ្ងៃទី​១៧ឧសភា។​ ហើយ​លោក​ខៀវ កាញារីទ្ធ​ក៏​បាន​យក​អត្ថបទ​នេះ​បង្ហោះ​ផ្សាយ​បន្ត​នៅក្នុង​ទំព័រ​បណ្តាញ​សង្គម Facebook​របស់​លោក​ផងដែរ។

អត្ថបទ​របស់​ទីភ្នាក់ងារ​AKP​បាន​ដកស្រង់​សម្តី​របស់​លោក​ឆាំង សុង​ដែល​បាន​សរសេរ​ប្រាប់​លោក​ខៀវ កាញារីទ្ធថា ​ក្រុម​មនុស្សដែល​ហៅ​ខ្លួន​ឯង​ថា​ ជា​អ្នក​ប្រជាធិបតេយ្យ​និយម ​ពី​ដំបូង​ឡើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​ឈ្មោះ មាច សុវណ្ណរ៉ា នៅទីក្រុង​ឡុង​ប៊ិច សហរដ្ឋ​អាមេរិក ហើយ​ឈ្មោះ​មាច សុវណ្ណរ៉ា​នេះ​បាន​អះអាង​ថា​ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធិ និង​រូប​លោក​ឆាំង សុង ជា​អ្នក​គាំទ្រ​រូបគេ។

យោង​តាម​អត្ថបទ​របស់​AKP លោក​ឆាំង សុង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក្នុង​របប​លន់ នល់ ហាក់​ស្គាល់​សាវតា​ច្រើន​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​មួយនេះ។​ លោក​ឆាំង សុង​បាន​សរសេរ​ប្រាប់​លោក​ខៀវ កាញារីទ្ធិ​ថា ក្រុម​នេះបាន​ធ្វើការ​អំពាវនាវ​តាម​រយៈ​កាសែត​ក្នុងស្រុក​មួយ​ឈ្មោះ ខ្មែរប៉ុស្តិ៍ ដើម្បី​បញ្ចេញ​សំឡេង​ប្រឆាំង​រដ្ឋាភិបាល។ ​ហើយ​ថា កាសែត​នេះក៏​បាន​បើក​ផ្លូវអោយ​ក្រុម​ហឹង្សា​មួយ​ទៀត​ដែល​ដឹកនាំ​ដោយ​ឈ្មោះ សួន សេរីរដ្ឋា បញ្ចេញ​ការ​អត្ថា​ធិប្បាយ​​ប្រឆាំង​រដ្ឋាភិបាល​ផង​ដែរ។​ វិទ្យុ​បារាំង​អន្តរជាតិ​មិនអាច​ទាក់ទង​លោកខៀវ កាញារីទ្ធ​ដើម្បី​ស្នើសុំ​អត្ថាធិប្បាយ​ទៅលើ​ព័ត៌មាន​ស្តីពីក្រុម​ប្រឆាំង​នេះ​បានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI