កម្ពុជា

ក្រសួងធនធាន​ទឹកត្រៀម​ចុះរុះរើ​សំណង់​កាត់បឹងបួ​

លោក​ លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម
លោក​ លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ©RFI

រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​បាន​ប្រកាស​នៅថ្ងៃនេះ​ត្រៀមចុះ​រុះរើ​ សម្រាស់ ​ធ្នស់ ​ព្រួល​ និង​សំណង់​កាត់​ទទឹង​ទន្លេ ​ស្ទឹង ព្រែក អូរ​ និង​បឹងបួ​ នៅ​តាម​បណ្ដា​ខេត្ត​ពាក់ព័ន្ធ​នឹង​បឹង​ទន្លេសាប​ ក្រោយពី​ឱសាន​វាទ​រយៈ​ពេល​ពីរ​សបា្តហ៍​ត្រូវបាន​បញ្ចប់ ស្របតាម​បញ្ជា​របស់​លោក​​នាយក ​រដ្ឋមន្ត្រី​ហ៊ុន ​សែន​​ ។ឱសានវាទ​ដែលបាន​ដាក់ដោយ​រដ្ឋាភិបាល​កម្ពុជា​តាំង​ពីថ្ងៃ​២២​ ខែ​ឧសភា​ ហើយ​នឹងបញ្ចប់​នៅថ្ងៃទី​ ៤ ​ខែមិថុនា​ខាង​មុខ​។

ផ្សាយពាណិជ្ជកម្ម

ក្រសួង​ធនធាន​ទឹក​នឹង​ធ្វើការ​រុះរើ​ សម្រាស់ ធ្នស់ ​ព្រួល ​និង​សំណង់​សង់កាត់​ទទឹង​ទន្លេ ​ស្ទឹង ​ព្រែក​ អូរ​ បឹង​បួ​ចាប់ពីថ្ងៃ​ទី៥​ ខែ​មិថុនា​ខែ​ក្រោយ​នេះ​ទៅ ​បន្ទាប់​ពី​បញ្ចប់​ឱសាន​វាទ​រយៈពេល​ពីរ​សបា្តហ៍​ដែល​បាន​រដ្ឋាភិបាល​បាន​កំណត់។​ នេះគឺ​ជាកា​រប្រកាស​ឲ្យដឹង​របស់​លោក​លឹម ​គានហោ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​នៅក្នុង​សន្និសីទ​កាសែត​នៅព្រឹក​ថ្ងៃពុធ​នេះ​ក្នុងរាជ​ធានី​ភ្នំពេញ។

 
លោក​លឹម ​គានហោ ​បានថ្លែង​ថា ​ក្រសួង​មាន​សម្ភារៈ​​និង​កម្លាំង​គ្រប់គ្រាន់​ក្នុង​ប្រតិបត្តិការ​រុះរើ​នេះ ​និង​គូស​បញ្ជាក់ថា ​ប្រតិបត្តិការ​រុះ​រើ សម្រាស់ ធ្នស់​ ព្រួល​ និង​សំណង់​សង់កាត់​ទទឹង​ទន្លេ ​ស្ទឹង​ បឹង​ បួនេះ​ធ្វើ​ឲ្យដល់​ឫសគល់ ​និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព។​ លោក​រដ្ឋ​មន្ត្រី​ធនធាន​ទឹក​ បាន​សង្កត់​ធ្ងន់ថា ​លោក​បាន​ទទួលដាវ​​អាជ្ញា​សឹក​ពីលោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ ដូច្នេះ​លោក​នឹងប្រើ​ប្រាស់​អំណាច​នេះឲ្យ​បាន​ជោគ​ជ័យ។

យោង​តាមបទ​បញ្ជា​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​កាលពី ​ថ្ងៃទី២២​ ឧសភា ​រដ្ឋាភិបាល​កម្ពុជា​បានបញ្ជា​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ទាំង​ ៨ ​ជុំវិញ​បឹង​ទន្លេ​សាប​រួមមាន​ខេត្ត​កំពង់ឆ្នាំង​ ពោធិសាត់ ​បាត់ដំបង​ បន្ទាយ​មានជ័យ​ សៀមរាប​ កំពង់ធំ ​និង​កំពង់ចាម ​និងខេត្តកណ្តាល ​ត្រូវ​អញ្ជើញ​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​ទាំងអស់​មក​ធ្វើ​ការ​ណែនាំ​ និង​តម្រូវ​ឲ្យ​ពួកគេ​រុះរើ​សំណង់​ទាំង​នោះ​ចេញ​ដោយ​ខ្លួនឯង​ ដោយ​ទុក​រយៈពេល​ពីរ​សប្ដាហ៍។

ប្រសិន​បើ​ផុត​រយៈពេល​កំណត់​នេះហើយ ​ម្ចាស់​សំណង់​មិន​រុះរើ​ចេញ​ទេ​នោះ​ ក្រសួង​ធនធានទឹក អាជ្ញាធរ​ទន្លេសាប អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​ និង​កងកម្លាំង​អន្តរាគមន៍​ពិសេស​ នឹង​ចុះ​បំផ្លាញ​សំណង់​ទាំងនោះ​ចោល​ទាំង​ស្រុង ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់។ ​លើស​ពី​នេះ​ទៅទៀត​ ម្ចាស់​សំណង់​ត្រូវ​ចេញ​សោហ៊ុយ​សម្រាប់​ការងារ​ប្រតិបត្តិការ​រុះរើថែម​ទៀត​ផង៕

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI