អានតួអត្ថបទ
កម្ពុជា

បញ្ហា​រោងចក្រ​មិថុនា៖ សហជីព​កម្មករ​គំរាម​ធ្វើ​មហា​បាតុកម្ម​

សហជីព​កម្មករ​ គំរាម​ធ្វើ​មហាបាតុកម្ម​ទូទាំង​ប្រទេស​​បើ​បញ្ហា​​រោងចក្រ​​មិថុនា​​មិន​ត្រូវ​​បាន​ដោះស្រាយ​​នៅ​​ក្នុង​​ដំណាច់​ខែ​កក្កដា​នេះ។
សហជីព​កម្មករ​ គំរាម​ធ្វើ​មហាបាតុកម្ម​ទូទាំង​ប្រទេស​​បើ​បញ្ហា​​រោងចក្រ​​មិថុនា​​មិន​ត្រូវ​​បាន​ដោះស្រាយ​​នៅ​​ក្នុង​​ដំណាច់​ខែ​កក្កដា​នេះ។ RFI/Siv Channa
១៨ នាទី

សំណុំ​រឿង​​អគ្គិភ័យ​​ឆាប​​ឆេះ​​រោងចក្រ​​មិថុនា​​កាល​ពី​​ចុង​ខែ​​មីនា​​កន្លង​​ ទៅ​​នៅ​​មិន​​ទាន់​​​ចប់​​នៅ​​ឡើយ​​ទេ​​មក​​ទល់​​នឹង​​ពេល​​នេះ។ ​សហជីព​​កម្មករ​​បាន​​ព្រមាន​​ធ្វើ​​មហា​បាតុកម្ម​​នៅ​​ទូទាំង​​ប្រទេស​​​ប្រសិន​​បើ​​ បញ្ហា​​នេះ​​មិន​​ត្រូវ​​បាន​​ដោះស្រាយ​​នៅ​​មុន​​ដំណាច់​​ខែ​​កក្កដា​​ទេ​​នោះ។ ការ​​ប្រកាស​​គំរោង​​មហា​បាតុកម្ម​​នេះ​​បាន​​ធ្វើ​​ឡើង​​នៅ​​ព្រឹក​​ថ្ងៃ​​អាទិត្យ​​នេះ ​​ក្នុង​​ពិធី​​ជួប​ជុំ​​មួយ​​រវាង​​សហជីព​​និង​​កម្មករ​​ប្រហែល ​​៣០០​​នាក់​​ នៅ​​ទីក្រុង​​ភ្នំពេញ។​

ផ្សាយពាណិជ្ជកម្ម

 

ប្រធាន​សហភាព​សហជីព​កម្ពុជា ​លោក​រ៉ុង ឈុន ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះថា​ សហជីព​កម្មករ​នឹង​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ប្រសិន​បើ​បញ្ហា​រោងចក្រ​មិថុនា​មិន​ត្រូវ​បាន​ដោះស្រាយ​នៅ​ក្នុង​ដំណាច់​ខែ​កក្កដា​ទេ​នោះ។ ​ការ​ព្រមាន​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​សហជីព​និង​កម្មករ​រោងចក្រ​មិថុនា​ប្រមាណ​ជា​៣០០​នាក់​នៅ​ទីក្រុ​ងភ្នំពេញ។​សកម្មជន​សហជីព​រូប​នេះ​បាន​អំពាវនាវ​ឲ្យ​ថៅកែ​រោងចក្រ​មិថុនា ​និង​ក្រសួង​ការងារ​ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​តែ​បើក​ប្រាក់​អតីតភាព​ជូន​កម្មករ​នៅ​មុន​ដំណាច់​ខែ​កក្កដា​នេះ​ប្រសិន​បើ​ពួកគេ​មិន​ចង់​ឃើញ​មហា​បាតុកម្ម​កើត​ឡើង​ទេ​នោះ។

រោងចក្រ ​June Textile ​ឬ​រោងចក្រ​មិថុនា ​ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​៣០​មីនា​ឆ្នាំ​២០១១​ដោយ​បន្សល់​ទុក​កម្មករ​ ៤០០០​នាក់​គ្មាន​ការងារ​ធ្វើ។ ​កម្មករ​ទាំង​នោះ​បាន​ទាមទារ​ប្រាក់​អតីតភាព​ការងារ​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ការងារ ​ប៉ុន្តែ ​ភាគី​ថៅកែ​អះអាង​ថា ​ខ្លួន​មាន​លទ្ធភាព​បើក​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​តែ​២០​ដុល្លារ​ម្នាក់​ក្នុង​មួយឆ្នាំ​តែ​ប៉ុណ្ណោះ​។ បញ្ហា​ឆេះ​រោងចក្រ​ត្រូវ​បាន​ថៅកែ​ចាត់​ទុក​ជាករណី​ប្រធានស័ក្តិ​ដែល​កម្មករ​មិន​បាន​ទទួល​សំណង​តាម​ច្បាប់​ការងារ​ទេ។ កម្មករ​មួយ​ភាគ​បាន​សុខចិត្ត​ទទួល​យក​ដំណោះស្រាយ​នេះ ​តែ​នៅ​សល់​មួយ​ភាគ​ទៀត​បន្តការ​ទាម​ទារ​​រហូត​មក​ទល់​សព្វថ្ងៃ។

កាលពី​ថ្ងៃ​ទី​១៧​ មិថុនា ​កន្លង​ទៅ​ ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​បង្គាប់​ឱ្យ​ភាគី​ថៅកែ​បើក​ប្រាក់​ ជូន​កម្មករ​ទៅ​តាម​លក្ខខណ្ឌ​ការងារ ​ក៏ប៉ុន្ដែ​ថៅកែ​រោងចក្រ​បាន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​ នេះ។ ​សហជីព​កម្មករ​បាន​ព្យាយាម​ធ្វើ​បាតុកម្ម​មួយ​លើក​ជាពីរ​លើក ​ក៏ប៉ុន្តែ ​ពួកគេ​ត្រូវ​បាន​បង្ក្រាប​ដោយ​សមត្ថកិច្ច​ប៉ូលិស។ ​ក្រុម​សហជីព​ដែល​ស្និទ្ធ​នឹង​បក្ស​ប្រឆាំង​ក៏​ធ្លាប់​បាន​បង្ហាញ​ជំហរ​ខ្វែង​គ្នា​ដែរ​ជុំវិញ​ការ​ទាមទារ​នេះ។ ​លោក​ជា មុនី​ ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ធ្លាប់​អះអាង​ថា ​វា​ជាការ​គួរ​ឲ្យ​ខ្មាស​អៀន​នៅ​ពេល​ដែល​គេនាំ​គ្នា​ទាមទារ​ប្រាក់​ពី​ថៅកែ​ក្នុង​ករណី​ដែល​រោងចក្រ​របស់​កាត់​ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង​ទៅ​ហើយ​នោះ។ ​យ៉ាងណា​ក៏ដោយ​ សហជីព​មួយចំនួន​យល់​ថា ​រោងចក្រ​នេះ​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​​ចេញ​សង​ដែល​មិន​បាន​ធ្វើ​ឲ្យ​ថៅកែ​ខាត​បង់​ឡើយ។

រយៈពេល​ជាង​៣​ខែ​កន្លង​ទៅ ​កម្មករ​រោងចក្រ​មិថុនា​ដែល​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​បាន​ត្អូញ​ត្អែរ​អំពី​ការ​លំបាក​ផ្នែក​ជីវភាព​នៅ​ពេល​ដែល​ពួកគេ​គ្មាន​ប្រាក់ខែ ​រីឯ​ទំនិញ ​និង​ប្រេងសាំង​ចេះ​តែ​ឡើង​ថ្លៃ​ខ្ពស់​ជាលំដាប់។ ​នេះ​ជា​មូលហេតុ​ដែល​ក្រុម​សហជីព​បាន​ដាក់​គំនាប​ទៅ​លើ​អាជ្ញាធរ​តាម​រយៈ​ការ​ប្រកាស​គំរោង​មហាបា​តុកម្ម​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ