អានតួអត្ថបទ
កម្ពុជា

ស្ថានភាព​ទឹក​ជំនន់​ នៅ​កម្ពុជា​ នា​ថ្ងៃ​ទី ​២៣​កញ្ញា​

ឧទ្ធម្ភាគចក្រ​​មកជួយ​ដឹក​ប្រជាជន​នៅក្នុងតំបន់លិច​ទឹក​ក្នុង​ខេត្ត​សៀមរាប។
ឧទ្ធម្ភាគចក្រ​​មកជួយ​ដឹក​ប្រជាជន​នៅក្នុងតំបន់លិច​ទឹក​ក្នុង​ខេត្ត​សៀមរាប។ RFI/Ly Meng Hour
ដោយ៖ លី ម៉េងហួរ
១៩ នាទី

នៅ​ថ្ងៃ​ទី​២៣​កញ្ញា​នេះ ​ទឹក​ជំនន់​ ដោយ​សារ​ទឹក​ទន្លេ ​និង​ជំនន់​ទឹកភ្លៀង​ បាន​បន្ត​ជន់​លិច​ យ៉ាង​​ហោច​​ណាស់ ​១៥​ ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​ នៅ​ថ្ងៃ​នេះ ​នៅ​ទីរួម​ខេត្ត​ព្រៃវែង​និង​​ទីរួម​ខេត្ត​សៀមរាប​ ត្រូវ​ទឹក​ជន់​លិច។​ រីឯ​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ​ ក៏​ពោរពេញ​ដោយ​ទឹក​ជំនន់។​ វាល​​ស្រែ​រាប់ពាន់​ហិ​កតា​ ត្រូវ​ទឹក​លិច​ ជាមួយ​នឹង​ផ្លូវ​រាប់​ពាន់​ម៉ែត្រ ​ក៏​ត្រូវ​ទឹក​ជំនន់​ កាត់​ផ្តាច់​​ផង​​ដែរ។​ ចំណែក​អ្នក​ភូមិ​រាប់ពាន់​គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។​ គិត​​ចាប់​​ពី​ខែ​សីហា​ នៅ​ពេល​ទឹក​ ចាប់​ផ្តើម​ជោរ​ជន់​ រហូត​ដល់​ពេល​នេះ ​យ៉ាងហោច​ណាស់​ មាន​​មនុស្ស​​ជាង​ ៤០​ នាក់​បាន​ស្លាប់​ដោយ​សារ​លង់ទឹក។

ផ្សាយពាណិជ្ជកម្ម

តាមមន្ត្រីជំនាញ រហូតដល់ថ្ងៃទី២៣កញ្ញានេះ ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងបឹងទន្លេសាប បូករួមទាំងជំនន់ទឹកភ្លៀង នៅតែបន្តកើនឡើង បណ្តាលឲ្យលិចលង់ផ្ទះសម្បែងប្រជាជន និង​ផ្លូវ​ធ្វើដំណើររាប់ពាន់ម៉ែត្រ។

នៅខេត្តស្ទឹងត្រែង ក្រចេះ ព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម ប្រជាជនរាប់ពាន់គ្រួសារ ត្រូវបានជម្លៀស​ទៅ​កាន់ទីទួលសុវត្ថិភាព។ ទឹកទន្លេមេគង្គ ក៏បានពន្លិចវាលស្រែ ច្បារដំណាំ និងផ្លូវរាប់ពាន់ម៉ែត្រ។

ទឹកទន្លេមេគង្គ បានឡើង ​លើស​ពី​កម្រិត​ប្រកាសអាសន្ន​។ ​នៅ​ថ្ងៃនេះ នៅខេត្តកំពង់ចាម សល់​​​តែកន្លះម៉ែត្រទៀត នឹងលិចទីរួមខេត្ត។ក្នុងនោះ ផ្លូវមួយចំនួន ត្រូវទឹកលិច មិនអាច​ឆ្លង​កាត់​បាន។ បណ្តាស្រុក នៅជាប់មាត់ទន្លេ ក្នុងខេត្តកំពង់ចាម ត្រូវលិចលង់ទាំងស្រុង។ ផ្ទៃដី​បង្ក​បង្កើនផលយ៉ាងហោចណាស់ ៥០០០ ហិកតា ពោរពេញដោយទឹកជំនន់។ ដោយឡែក​នៅក្រចេះទឹកជំនន់ បានលិច​កាត់​ផ្តាច់​ចរាចរណ៍តាមផ្លូវមួយចំនួន។ នៅឯទីរួមខេត្តព្រៃវែង នៅ​ថ្ងៃទី២៣កញ្ញា ក៏បានលិចលង់។

ស្ថានភាព​ទឹកជំនន់​នៅ​ខេត្ត​កំពង់ធំ សន្ទូង​ស្រូវប្រមាណ ២៥.០០០ ហិកតា ត្រូវលិចលង់។ រីឯ ប្រជា​ជនប្រមាណ ៦.០០០ គ្រួសារ ត្រូវ​ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ​ផ្លូវជាតិ​ផ្លូវ​ខេត្ត និង​ផ្លូវលំ​រាប់រយ​ម៉ែត្រ​ ត្រូវលិច ដោយសារ​តែ​ទឹកភ្លៀង​ជន់​ជោរ តាម​បណ្តោយ​ស្ទឹងសែន និងទឹក​បឹងទន្លេសាប។ ខេត្តកំពង់ធំរងគ្រោះធ្ងន់ធ្ងរជាងគេ។
នៅឯខេត្តសៀមរាប ទឹកជំនន់ដែលបានឡើងជន់លិចលំនៅដ្ឋាន និងផ្លូវសំខាន់ៗ ព្រមទាំង​លិច​កំណាត់ផ្លូវជាតិលេខ ៦៧ កាលពីថ្ងៃទី២២ ខែកញ្ញា ម្សិលមិញ នៅស្រុកបន្ទាយស្រី និង​តំបន់​ស្រែណូយ ក្នុងស្រុកវ៉ារិន ឥឡូវនេះ ទឹកភ្លៀងបានស្រកទៅវិញហើយ។ ប៉ុន្តែមកដល់​ថ្ងៃទី២៣កញ្ញានេះ នៅទីរួមខេត្តសៀមរាប ត្រូវជន់លិច។ ក្នុងនោះប្រជាជនរាប់សិបគ្រួសារ ត្រូវ​បានជម្លៀសចេញពីភូមិដ្ឋាន។

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ទឹកជំនន់ រាប់​ទាំង​ទឹកជំនន់ទន្លេមេគង្គ និងទឹកជំនន់ ដោយសារទឹកភ្លៀង បានប៉ះពាល់ធ្ងន់ធ្ងរលើ ១៥ ខេត្ត។ ក្នុងនោះ ទឹកជំនន់ បានសម្លាប់ជីវិតមនុស្សជាង ៤០ នាក់ គិតចាប់ពីចុងខែសីហា។ ខេត្ត​កំពង់ធំ មានមនុស្សស្លាប់ ១៥ នាក់ និងខេត្តកំពង់ចាម មានជាង ១០ នាក់។

ចំណែកអ្នកជំនាញខាងឧតុនិយម បានបញ្ជាក់ថា នៅ​បណ្តាខេត្តតាម​ដង​ទន្លេ នឹង​នៅតែ​បន្ត​កើនឡើង រហូត​ដល់​ថ្ងៃ​ទី​២៤​កញ្ញា ឆ្នាំ​២០១១​។​

​ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ បញ្ជាក់​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កំពុងគម្រាមកំហែង​ដល់តំបន់ជាយក្រុង​ភ្នំពេញ និង​ទឹកដី​ខេត្ត​កំពង់ស្ពឺ  ដែលអាចនឹងមានជំនន់ទឹកភ្លៀង​។​
​អំពី​ផលប៉ះពាល់​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​ទឹកទន្លេ និង​ជំនន់​ទឹកភ្លៀង អាជ្ញាធរកំពុងបូក​សរុប។ ប៉ុន្តែមន្ត្រីជំនាញអះអាង ទឹកជំនន់នាពេលនេះ មានលក្ខណៈប្រហាក់ប្រហែល​នឹងទឹក​ជំនន់​សហវត្សរ៍ កាលពីឆ្នាំ២០០០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ