អ្នកជំនាញ៖ ទឹកជំនន់ បន្តស្រកចុះ ទោះបីជាមានភ្លៀងក៏ដោយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃពុធនេះថា ជាទូទៅ ទឹក បានស្រកចុះហើយ ទាំងជំនន់ទឹកទន្លេមេគង្គ និងទាំងជំនន់ទឹកភ្លៀង រួមទាំងទឹក នៅទន្លេចតុមុខ និងទន្លេបាសាក់ នៅភ្នំពេញផងដែរ។ ទឹកជំនន់ចាប់ផ្តើមស្រកចុះ ចាប់តាំងពីរសៀលថ្ងៃទី ២៧កញ្ញាម្សិលមិញ។ នៅរសៀលថ្ងៃទី២៨កញ្ញានេះ មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ពិសេសនៅភ្នំពេញ សៀមរាប និងខេត្តកំពង់ធំជាដើម។ ក៏ប៉ុន្តែ អ្នកជំនាញបញ្ជាក់ថា ទោះបីជាមានភ្លៀងធ្លាក់ តែមិនជះឥទ្ធិពល បង្កឲ្យមានទឹកជំនន់ទៀតឡើយ។
មកដល់រសៀលថ្ងៃទី២៨កញ្ញានេះ ទឹកទន្លេចតុមុខ និងចំណុចប្រសព្វទន្លេបាសាក់ នៅភ្នំពេញ ទឹកទន្លេចាប់ផ្តើមស្រកចុះហើយ។ ជាមួយគ្នានោះ ទឹកនៅតំបន់ជុំវិញភ្នំពេញ ក៏បានហូរចូលនៅទន្លេចតុមុខ និងទន្លេបាសាក់ នាំឲ្យទឹកស្រកយឺត។ តែចាប់ពីយប់ថ្ងៃ២៨កញ្ញានេះទៅ ទឹកទន្លេចតុមុខ នឹងស្រកចុះ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ យុត្ថា នាយខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម។
នៅថ្ងៃ២៨កញ្ញានេះ ទោះបីជាមានភ្លៀងបន្តិចបន្តួចនៅស្ទើរទូទាំងប្រទេស ក៏ប៉ុន្តែលោក ចាន់ យុត្ថា បានបញ្ជាក់ថា ទឹកភ្លៀងនឹងមិនជះឥទ្ធិពល បង្កជាទឹកជំនន់ទៀតឡើយ។
ចំពោះព្យុះហៃសាង ដែលបានរលាយបាត់នៅឆ្នេរសមុទ្រប្រទេសវៀតណាម និងព្យុះមួយទៀត ឈ្មោះថា នេសាទ កំពុងនៅលើកោះហៃណាំ ប្រទេសចិន និងអាចទៅដល់ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ឬថ្ងៃទី២តុលា។ ប៉ុន្តែលោកចាន់យុត្ថា បាននិយាយថា ព្យុះថ្មីទាំងពីរនោះ នឹងមានឥទ្ធិពលតិចតួចលើកម្ពុជា គឺគ្រាន់តែអាចបង្កឲ្យមានខ្យល់ខ្លាំងនៅសមុទ្រ និងធ្លាក់ភ្លៀងតិចតួចប៉ុណ្ណោះ។
មន្ត្រីជំនាញដដែល ក៏បានលើកឡើងថា គិតមកដល់ថ្ងៃទី២៨កញ្ញានេះ ទាំងជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ បានបន្តស្រកចុះ ពិសេសនៅទន្លេមេគង្គ ផ្នែកខាងលើ នៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម។ ដោយឡែក ជំនន់ទឹកភ្លៀងនៅទីរួមខេត្តសៀមរាប និងខេត្តកំពង់ធំ ក៏បានស្រកចុះដែរ តែមិនទាន់រីងអស់នៅឡើយទេ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មិនទាន់អាចបញ្ជាក់អំពីតុល្យការខូចខាតថ្មី នៅឡើយទេ រហូតដល់ថ្ងៃ២៨កញ្ញា។ ក៏ប៉ុន្តែ កាលពីថ្ងៃ២៦កញ្ញា ក្នុងកិច្ចប្រជុំពិសេសគណៈរដ្ឋមន្ត្រី របាយការណ៍បង្ហាញថា ទឹកជំនន់បានលិចលង់ ៨៧ ស្រុក នៅ ១៤ ខេត្ត ដោយមានមនុស្សស្លាប់ ៦១ នាក់។
ចំណែកការខូចខាតស្រូវ និងផ្លូវថ្នល់ មិនត្រូវបានបង្ហាញទេ។ ប៉ុន្តែបើតាមរបាយការណ៍របស់ក្រសួងធនធានទឹក នៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម ដោយសារសព្វថ្ងៃ ទឹកចាប់ផ្តើមស្រក នាំឲ្យផលប៉ះពាល់លើសន្ទូងស្រូវ អាចមានក្រោម ១០ ម៉ឺនហិកតា។ ចំណែកនៅផ្នែកខាងក្រោមទន្លេមេគង្គ ក្នុងខេត្តកណ្តាល និងខេត្តព្រៃវែង មន្ត្រីក្រសួងធនធានទឹក កំពុងធ្វើការតាមដាន និងវាយតម្លៃលើការខូចខាតដំណាំស្រូវ។
នៅចំពោះមុខគ្រោះទឹកជំនន់ពេលនេះ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការសង្គ្រោះចំពោះមុខ និងវិធានការសង្គ្រោះនៅក្រោយទឹកជំនន់។ ក្នុងនោះ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ បានសម្រេចផ្តល់អង្ករ ១៧០០ តោន និងលុយ ២០០ លានរៀល ស្មើប្រមាណ ៥០.០០០ ដុល្លារ សម្រាប់ខេត្តនីមួយៗ ជួយដល់ជនរងគ្រោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ