កម្ពុជា-ថៃ

សន្តិភាព​បានកើតមាន​ឡើងវិញហើយ​នៅតាម​ព្រំដែន​កម្ពុជា-ថៃ​

លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា
លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា © ខឹម សុវណ្ណារ៉ា

នៅ​ក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​ អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូយ៉ក​សហរដ្ឋ​អាមេរិក ​ ​ លោក​ ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ជម្រាប​ប្រាប់​លោក បាន​ គីមូន ថា ​សន្តិភាព​បាន​កើត​មាន​ឡើងវិញ​ហើយ​នៅតាម​ព្រំដែន​កម្ពុជា-​ថៃ។ ​បញ្ហា​ដែល​នៅ​សេសសល់​នឹង​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​បម្រើ​ផល​ ប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​ លោក​ ហោ ណាំហុង ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ជម្រាប​ប្រាប់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន គីមួន ថា ​ក្រោយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​បាន​ចេញ​ដីកា​​កាល​ពីខែ​កក្ក​ដា​បង្គាប់​អោយ​បង្កើត​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន​មក សន្តិភាព​បាន​កើត​មាន​ឡើងវិញ​ហើយ​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​ថៃ។ ​នៅ​លើ​ទីតាំង​ជាក់ស្តែង ពុំ​មាន​ការ​បាញ់​គ្នា​ទៀត​ទេ។

 
លោក​ប្រមុខ​ការ​ទូត​នៃ​ប្រទេស​កម្ពុជា​បាន​បន្ត​ទៀត​ថា ដើម្បី​អនុវត្ត​ដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ ​កម្ពុជា​បាន​និង​កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ដក​កង​ទ័ព​របស់ខ្លួន​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន។​ ជាក់ស្តែង ក្នុង​ពេល​រង់ចាំ​ការ​ដក​ទ័ព​ចេញ​ពី​តំបន់​នេះ កម្ពុជា​បាន​ដកទ័ព​របស់​ខ្លួន​ចេញ​ពីទីតាំង​ដែល​នៅ​ជុំវិញ​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន។​ កម្ពុជា​ធ្វើ​យ៉ាង​នេះ​គឺ​សំដៅ​បង្ក​អោយ​មាន​បរិយាកាស​អំណោយ​ផល​ដើម្បី​រក​ដំណោះ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​ព្រំដែន​កម្ពុ​ជា​ថៃ។

ចំពោះ​ការ​ដកទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន លោក​ឧបនាយករដ្ឋ​មន្ត្រី ហោ ណាំហុង​ បាន​លើក​ឡើង​ថា ​ត្រូវ​តែ​មាន​វត្តមាន​របស់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​នៅ​ទីនោះ​ដើម្បី​សង្កេតការណ៍​និង​ផ្ទៀងផ្ទាត់​។ ​ប្រការ​នេះ​មាន​សារៈសំខាន់​ណាស់ ដោយហេតុ​ថា ​ការ​ដកទ័ព​ត្រូវធ្វើ​ឡើង​ព្រម​ពេល​គ្នា​តែ​មួយ​ប្រកប​ដោយ​តម្លាភាព​។

លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​គូស​បញ្ជាក់​ទៀត​ថា តាម​រយៈ​រដ្ឋាភិបាល​ថ្មីរបស់​​​ថៃ បញ្ហា​ប្រឈម​ទ្វេភាគី​ ​រួមទាំង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ផងនោះ​នឹង​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​និង​មិត្តភាព​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នៃ​​ប្រជាជន​ទាំងពីរ​ក្នុង​ស្មារតី​ជា​អ្នក​ជិត​ខាង​ល្អ​។

សេចក្តី​ថ្លែងការណ៍​របស់​កម្ពុជា​បាន​បញ្ជាក់ទៀត​ថា បញ្ហា​ដែល​នៅ​សេសសល់​គឺ​ការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិទាក់ទងទៅនឹងផ្ទៃដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ដែលទាមទារ​ដោយភាគីថៃ។ ក្នុង​ពេល​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ​កំពុង​រង់ចាំ​មតិ​យោបល់​ពី​ប្រទេស​ថៃ ចំពោះ​សំណើ​របស់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI