កម្ពុជា

ទឹកជំនន់​ហក់ឡើងវិញ​ដោយសារ​ទឹកហូរចេញ​ពីទន្លេសាប​

ទឹកជំនន់​ដែលបាន​សម្លាប់​ពលរដ្ឋខ្មែរ​១៦៤នាក់​និង​លិចលង់​ផ្ទៃដី​ធ្វើស្រែចម្ការប្រមាណ​៣សែនហិចតា​
ទឹកជំនន់​ដែលបាន​សម្លាប់​ពលរដ្ឋខ្មែរ​១៦៤នាក់​និង​លិចលង់​ផ្ទៃដី​ធ្វើស្រែចម្ការប្រមាណ​៣សែនហិចតា​ © ស៊ីវ​ ចាន់ណា

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​លោក​លឹម គានហោ​បាន​ថ្លែង​អោយ​ដឹង​ថា​កម្រិត​ទឹក​នឹង​ឡើង ឡើងវិញ​ក្នុង​ពេល​រយៈ​ពីរ ឬ​បី​ថ្ងៃ​ខាងមុខ​នេះ ជាពិសេស​នៅ​ខេត្ត​កំពង់ចាម​នៅ​ចំនុច​ទន្លេ​ចតុមុខ​នឹង​នៅ​ក្នុង​ទន្លេមេគង្គ​ ក្រោម។​ ទឹកឡើង​ឡើងវិញ​ដោយសារតែ​ទឹកក្នុង​បឹង​ទន្លេសាប​ត្រូវ​ហូរ​ចេញ​មក​វិញ​ដែល​ ធ្វើ​អោយ​ចាល់​ច្រក​ហូរ​ចេញ​ទៅ​ក្នុង​សមុទ្រ​ប្រទេស​វៀតណាម។

ផ្សាយពាណិជ្ជកម្ម

កម្រិត​ទឹក​នឹង​ឡើង​ឡើងវិញ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ពិសេស​នៅ​ភ្នំពេញ និង​នៅ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម។ កម្រិត​ទឹក​ឡើង​ឡើងវិញ​គឺ​មិនមែន​ដោយសារ​ឥទ្ធិពល​អាកាសធាតុ​ទៀត​ដែល​អាច​បង្ក​អោយ​មាន​ការ​ព្រួយ​បារម្ភ​នោះ​ឡើយ។ ​ការ​ឡើង​ជន់​នេះ​គឺ​ដោយសារ​តែ ទឹក​ត្រូវ​ហូរ​ចេញ​ពី​បឹង​ទន្លេសាប​ហើយ ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​នៃ​ប្រទេស​វៀតណាម។

 
សេចក្តីប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​លោក​លឹម គានហោ​នៅក្នុង​ឱកាស​ដែល​លោក​នាំយក​ជំនួយ​សប្បុរស​ទៅ​ចែក​ជូន​ជនរងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅក្នុង​ស្រុក​ពញាឮ​ខេត្ត​កណ្តាល។

ទោះយ៉ាងណា​ក៏ដោយ ការ​ជន់​ឡើង​វិញ​នេះ បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​វា​នឹង​មិន​បង្ក​អោយ​មាន​ការ​ភ័យ​ព្រួយ​ខ្លាំង​ទៀត​ឡើយ។
នៅពេលនេះ​កាកបាទក្រហម​កម្ពុជា មន្ត្រី​និង​សប្បុរសជន​នានា​កំពុង​ផ្តល់​ជំនួយ​ដល់​អ្នករងគ្រោះ​ដោយសារ​ទឹក​ជំនន់។ ទឹក​ជំនន់​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​១៦៤​នាក់ និង​លិច​លង់​ផ្ទៃដី​ធ្វើ​ស្រែ​ចម្ការប្រមាណ​៣សែន​ហិចតា។ នេះ​បើ​តាម​របាយការណ៍​ចុង​ក្រោយ​របស់​គណៈកម្មាធិកា​រជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

ទាក់ទងនឹង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នេះ​ដែរ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ធ្លាប់​បាន​ថ្លែង​ថា កម្ពុជា​មិន​បាន​អំពាវនាវ​រក​ជំនួយ​ពី​បរទេស​សម្រាប់​ជួយ​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ទេ ប៉ុន្តែ​ថា ​កម្ពុជា​បើក​ទ្វារ​ចំហចំពោះ​សប្បុរសជន​ណា​ដែល​ចង់​ផ្តល់​ជំនួយ​មក​កម្ពុជា។

ពិភពលោក​កំពុង​ជួប​ប្រទះ​គ្រោះ​ទឹកជំនន់​ស្ទើរ​គ្រប់​ទី​កន្លែង ហើយ​ជា​គ្រោះ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​ទៀត​ផង។ តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រោះ​មហន្តរាយ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ផលវិបាក​នៃ​គ្រោះ​ធម្មជាតិ​នេះ។ គ្រោះ​ធម្មជាតិ​ដែល​អាច​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​រងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI