ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឥទ្ធិពល​អ្នក​ធំ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន!​

សំឡេង ០៤:៣៤
RFI

នៅ​កម្ពុជា ​ឥទ្ធិពល​របស់​អ្នកធំ​ត្រូវ​បាន​គេ​ប្រើប្រាស់​តាម​រូបភាព​ជាច្រើន​ប្រៀប​ បាន​ទៅ​នឹង​យ័ន្ត​ដើម្បី​ការពារ​ខ្លួន ​ឬ​ការពារ​មុខ​របរ​​​របស់​​ខ្លួន ​​រាប់​​ទាំង​​ការពារ​​អំពើ​​ទុច្ចរិត​​របស់​​បុគ្គល​​មួយ​ចំនួន​​ផង។អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ឥទ្ធិពល​របស់​អ្នកមាន​អំណាច​មាន​តាំង​ពី​កូន ​ចៅ ​និង​ក្រុម​គ្រួសារ​របស់​អ្នកធំ​ រហូត​ដល់​មិត្តភ័ក្តិ ​និង​ជា​ពិសេស​អ្នក​នៅ​ក្បែរ​អ្នក​ធំ​តែម្តង​ដូចជា​ទី​ប្រឹក្សា​​ឬ​ជំនួយ​ការ​ ជាដើម។ ​មាន​អ្នក​ខ្លះ​ប្រើប្រាស់​ឥទ្ធិពល​របស់​មន្ត្រី​ធំៗ​ដើម្បី​កម្លាច​ អាជ្ញាធរ​​ពាក់ព័ន្ធ​​​កុំឲ្យ​រំខាន​របរ​​រកស៊ី​របស់​ខ្លួន ​អ្នក​ខ្លះ​ទៀត​យក​ឈ្មោះ​អ្នកធំ​ទៅ​បោក​ប្រាស់​គេ​តែ​ម្តង។

ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ​ការ​ប្រើប្រាស់​ឥទ្ធិពល​មន្ត្រី​មាន​អំណាច​ដើម្បី​ការពារ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​មិន​ពិបាក​នឹង​មើល​ឃើញ​ឡើយ​ ហើយ​ក៏​មិនមែន​ជា​រឿង​ថ្មី​ដែរ។ ​ការ​ប្រើប្រាស់​ឥទ្ធិពល​មន្ត្រីធំៗ​ដើម្បី​ការពារ​ផលប្រយោជន៍​បាន​ធ្វើ​ឡើង​ក្រោម​រូបភាព​ច្រើន​យ៉ាង។

​ជា​បឋម ​គេសង្កេត​ឃើញ ​មាន​ភោជនីយដ្ឋាន ​សិប្បកម្ម ​ឬ​ក្រុមហ៊ុន​ឯកជន​ជាច្រើន ​បាន​ដាក់​តាំង​សម្ញែង ​រូបថត​ដែល​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​បាន​ថត​ជាមួយ​អ្នកធំ។ ​រូបថត​ទាំង​នោះ​មិន​មែន​គ្រាន់តែ​ជា​ការ​តាំង​លម្អ​ធម្មតា​ឡើយ​ ប៉ុន្តែ ​វា​គឺ​ជា​អាវក្រោះ​ដើម្បី​ការពារ​អាជីវកម្ម​របស់​ពួកគេ។

ជាទូទៅ ​ផលប្រយោជន៍​សំខាន់​ដែល​ទទួល​ពី​រូបភាព​នេះ​គឺ​ដើម្បី​ការពារ​មិន​ឲ្យ​អាជ្ញាធរ​ដែនដី​មក​កោស​រូស​អាជីវកម្ម​របស់​ពួកគេ​រាប់​ទាំង​ភ្នាក់ងារ​ទារ​ពន្ធអាករ​នានា​ផង។ ​កុំថា​ឡើយ​តែ​អាជ្ញាធរ​ដែនដី​ឬ​ភ្នាក់ងារ​រដ្ឋនានា ​សូម្បីតែ​ចោរ​ឬជន​អន្ធពាល​ទាំង​ឡាយ​ដែល​ចូល​ចិត្ត​អុក ឡុក​រក​រឿង​គេឯង​នោះក៏​ត្រូវ​បរវាស​ចៀស​ឆ្ងាយ​ដែរ។

​ឥទ្ធិពល​របស់​អ្នក​ធំ​ឬ​អ្នក​មាន​អំណាច​ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​ផង​ដែរ​នៅ​ពេល​ដែល​មាន​គ្រោះ​អាសន្ន​ផ្សេងៗ។ ​ជាក់​ស្តែង ​នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ក្រុម​អ្នក​មាន​ខ្នង​បង្អែក​តែងតែ​ទូរស័ព្ទ​ឆ្វាត់ឆ្វែង​ទៅ​រក​កិច្ច​អន្តរាគមន៍​ដោយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ឡើយ​បើ​ទោះបី​ជា​រឿង​តូច​តាច​ក៏ដោយ។ ​ពេល​ខ្លះ ​ពួក​អ្នក​ទាំង​នោះ​ថែម​ទាំង​គំរាម​សមត្ថកិច្ច​ប៉ូលិស​ដោយ​យក​ឈ្មោះ​អ្នក​ធំ​មក​បាំង​ទៀត​ផង។​ ករណី​បែប​នេះ​ក៏បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈឺ​ក្បាល​មិន​ស្ទើរ​ដែរ ​ហើយ​វា​ក៏​ជា​ប្រភព​នៃ​អំពើ​និទ្ទណ្ឌភាព​។

នៅ​មិន​ទាន់​អស់​ទេ ​ក្រុម​អ្នក​នៅ​ក្បែរ​ខ្លួន​អ្នក​ធំ​មួយ​ចំនួន​ទៀត​បាន​ឆ្លៀត​យក​ឈ្មោះ​មន្ត្រី​ដែល​មាន​ឥទ្ធិពល​ជា​ខ្នង​បង្អែក​ដើម្បី​ទាញ​យក​ផល​ចំណេញ​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើ​បាន។ អ្នកខ្លះ​យក​ឈ្មោះ​អ្នកធំ​ទៅ​កាង​ឡាន​ដឹក​ឈើ ​អ្នកខ្លះ​ប្រើប្រាស់​ឥទ្ធិពល​អ្នកធំ​ទៅ​ជួញ​ដូរ​គ្រឿង​ញៀន​ ឬរត់ការបើកអាជីវកម្មធំៗ​ដើម្បី​ទទួល​​បានប្រាក់កម្រៃជើងសាយ៉ាងក្រាស់ក្រែល។​

ជាទូទៅ អ្នកជិតស្និទ្ធ​ជាមួយ​មន្ត្រី​ធំៗដែលមានឥទ្ធិពល គ្មានអាជ្ញាធរ​មាន​សមត្ថកិច្ចណាហ៊ាន​ប៉ះពាល់ឡើយ។ យ៉ាងណាក៏​ដោយ ពេលខ្លះ ក៏មានអ្នកភ្លាត់ស្នៀត​ត្រូវ​គេចាប់ខ្លួនជាហូរហែ​នៅ​ពេលដែល​សកម្មភាព​នោះ​ខ្លាំងហួសហេតុ និងបានបែកធ្លាយ​ដល់ថ្នាក់លើ។ មានអ្នកខ្លះ​ទៀត​គឺជា​ឈ្មួញ​អាជីវករ​សុទ្ធសាធ ​តែ​មាន​ឋានៈ​ជាទី​ប្រឹក្សា​អ្នកធំ​។​ ឋានៈ​នេះជាយ័ន្តជួយ​ការពារ​អាជីវកម្ម​និង​មុខ​ជំនួញ​របស់​ពួកគេ​យ៉ាង​មានប្រសិទ្ធិភាព។ ​និយាយ​ដោយ​ខ្លី ​ឥទ្ធិពល​របស់​អ្នកធំ​បាន​និង​កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ពេញ​និយម ​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​​តាម​គ្រប់​រូប​ភាព។

ព្រឹត្តិការណ៍​នេះ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់​សង្គម​ និង​ឆាក​នយោបាយ​ប្រទេស​កម្ពុជា។ ​ទី១ ​វា​បាន​បង្ហាញ​ពី​ភាព​អនាធិបតេយ្យ​មួយ​នៅ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​អំណាច​ដែល​ពិបាក​គ្រប់​គ្រង​ពីព្រោះ​ថា​អាជ្ញាធរ​ឬ​សមត្ថកិច្ច​តូច​តាច​ដែល​មាន​ទម្លាប់​ខ្លាច​បុគ្គល​ជាង​ខ្លាច​ច្បាប់​មិន​ហ៊ាន​ចាត់​វិធានការ​ប្រឆាំង​អ្នក​ចូល​ចិត្ត​ប្រើ​ខ្នង​បង្អែក​ទាំង​នោះ​ឡើយ​បើ​ទោះបីជា​ពួកគេ​ប្រព្រឹត្ត​ខុសក្តី​លើក​លែង​តែមាន​បទ​បញ្ជា​ពី​ថ្នាក់​លើ។

រឿង​នេះ​ក៏​ជា​ប្រភព​នៃ​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​ដែល​ពិបាក​ដោះស្រាយ​រាប់ទាំង​បញ្ហា​ដីធ្លី​មួយ​ចំនួន​ផង។ ​ទី២ ​បញ្ហា​នេះ​ក៏​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល ​ជា​ពិសេស​កេរ្តិ៍ឈ្មោះ​របស់​គណបក្ស​កាន់​អំណាច​​តែ​ម្តង​តាម​រយៈ​ការ​ថ្នាំង​ថ្នាក់​របស់​មហាជន។ ​និង​ទី៣ ​វាជា​គំរូ​អាក្រក់​មួយ​ដល់​មហាជន​ជាទូទៅ​សម្រាប់​ការ​អនុវត្ត​ច្បាប់។

ក្នុង​បរិបទ​នេះ ​មន្ត្រីធំៗ​ក្នុង​រដ្ឋាភិបាល​គួរតែ​ចាប់​អារម្មណ៍​អំពី​រឿង​នេះ​ពីព្រោះ​វា​បង្ក​ផល​អាក្រក់​ខ្លាំងណាស់​ដល់​ប្រជាប្រិយភាព​នយោបាយ​របស់​គណបក្ស​កាន់​អំណាច។ ​រីឯ​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ឥទ្ធិពល​អ្នកធំ​ដើម្បី​ផល​ប្រយោជន៍​ក៏គួរ​តែ​បញ្ឈប់​ទម្លាប់​នេះ​ដែរ​ពីព្រោះ​មាន​គំរូ​ជាច្រើន​ហើយ​ថា​ អំពើ​អាក្រក់​មិន​គេច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ​គ្រាន់តែ​យូរ ​និង​ឆាប់​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI