កម្ពុជា

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​លាលែង​ពី​តួនាទី​

សហ​ចៅក្រម​ស៊ើប​អង្គេត​ភាគីខ្មែរលោក You Bunleng និង ភាគីអន្តរជាតិ​សញ្ជាតិអាល្លឺម៉ង់​លោក​ Siegfried Blunk (ខាងស្តាំ.)។.
សហ​ចៅក្រម​ស៊ើប​អង្គេត​ភាគីខ្មែរលោក You Bunleng និង ភាគីអន្តរជាតិ​សញ្ជាតិអាល្លឺម៉ង់​លោក​ Siegfried Blunk (ខាងស្តាំ.)។. (ECCC)

សហ​​ចៅក្រម​​ស៊ើបអង្កេត​​អន្តរជាតិ​ ​លោក​​ ​ស៊ីកហ្វ្រេត​ ប៊្លុង ​​បាន​​​ប្រកាស​​លាលែង​​​ពី​​តួ​នាទី​ ដើម្បី​​ចៀសផុត​​ពី​​ការ​​សង្ស័យ​ថា ​លោក​​ធ្វើ​​ការ​​ក្រោម​​ឥទ្ធិពល​​របស់​​រដ្ឋាភិបាល​​កម្ពុជា​​ក្នុង​​សំណុំរឿង​​០០៣​ និង​​០០៤ ​​ក្នុង​​សាលាក្តី​​ខ្មែរក្រហម។​ មន្ត្រី​​សាលាក្តី​​ពិសេស​​ថ្លែង​ថា​​ការ​​លាលែង​​នេះ​​នឹងមិន​​ធ្វើ​​អោយ​​ប៉ះពាល់​​ដល់​​ដំណើរ​ការ​​សាលាក្តី​​ទាំង​មូល​​នោះ​​ឡើយ។​

ផ្សាយពាណិជ្ជកម្ម

 

សហ​ចៅក្រម​ស៊ើបអង្កេត​ភាគី​អន្តរជាតិ លោក​ Siegfried Blunk ជនជាតិ​អាល្លឺម៉ង់ ​បាន​លា​លែង​​ពី​តួនាទី​​ហើយ​​កាល​ពី​​ថ្ងៃ​​ទី ​៨​តុលា។ ជា​ការ​​លាលែង​ ​ដែល​​សហ​ចៅក្រម​​រូប​​នេះ​ ​​ពន្យល់​ថា ​ដើម្បី​​ចៀស​អោយ​ផុត​​ពី​​ការ​​សង្ស័យ​​ទៅ​​លើ​ ​លទ្ធភាព​​ដែល​ថា​លោក​នៅ​ទ្រាំទ្រ​សម្ពាធ​ពី​រដ្ឋាភិបាល​កម្ពុជា និង​ចៀស​អោយ​ផុត​ពី​ការ​សង្ស័យ​ចំពោះ​សុចរិត​ភាព​នៃ​ដំណើរ​ការ​របស់​សាលាក្តី​ក្នុង​សំណុំរឿង​០០៣ និង​០០៤។

សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​កត់សម្គាល់​ទៅ​លើ​ការ​និយាយ​ច្រើន​ដង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តាំង​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​ថ្លែង​ប្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​បាន គីមូន​ថា​កម្ពុជា​មិន​ចង់​អោយ​កើត​មាន​សំណុំរឿង​០០៣ និង​០០៤ ការ​ថ្លែង​របស់​លោក​ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដែល​ថា ប្រសិនបើ​គេ​ចង់​ដំណើរការ​សំណុំរឿង​០០៣ និង​០០៤ គេ​គួរ​រៀបចំ​ឥវ៉ាន់​ហើយ​ចាកចេញ​ទៅ។ ហើយ​ចុង​ក្រោយ​​នេះ​គឺ​ជា​ការ​អត្ថាធិប្បាយ​របស់​លោក​ហោ ណាំហុង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ដែល​ថា​ការ​ចាប់​ខ្លួន​អតីត​មេខ្មែរក្រហម​បន្ថែម​ទៀត​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា។

សេចក្តីថ្លែង​ទាំង​នេះ​ជាច្រើន​ដង​ហើយ​មាន​ន័យ​តែ​មួយ​នោះ បើ​យោង​តាម​ការ​សន្និដ្ឋាន​របស់​សហ​ចៅក្រម​អន្តរជាតិ​លោក​ Siegfried Blunk នឹង​ធ្វើ​អោយ​គេ​យល់​ឃើញ​ថា វា​មាន​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​របស់​មន្ត្រី​រដ្ឋាភិបាល​នៅក្នុង​ដំណើរ​ការ​សំណុំរឿង​០០៣ និង​០០៤។
សម្រាប់​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម​លោក​នេត្រ ភក្ត្រា ការ​លាលែង​របស់​មន្ត្រី​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​វា​គឺ​រឿង​ធម្មតា​មួយ ហើយ​ថា​ការ​លាលែង​នេះ​នឹង​មិន​ធ្វើ​អោយ​រំខាន​ដល់​ដំណើរការ​សាលាក្តី​ទាំងមូល​ឡើយ។ ហើយ​នៅ​ពេល​តុលាការ​ពិសេស​នេះ​នៅរង់​ចាំ​អង្គការ​សហប្រជាជាតិ​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្មី​មក​ជំនួស។

គួរ​កត់​សំគាល់​ថា ការ​លាលែង​របស់​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ពេល​នេះ កើត​ឡើង​ក្រោយ​មាន​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​បាន​ស្នើ​អោយ​សហចៅក្រម​ស៊ើបអង្កេត​លាលែង​ពី​តួនាទី។ អង្គការ​នេះ​បាន​រិះគន់​ថា សហ​ចៅ​ក្រម​ស៊ើប​អង្កេត ​មិន​បាន​ធ្វើ​ការ​ដោយ​អព្យាក្រឹត​ក្នុង​សំណុំរឿង​០០៣ និង​០០៤​នោះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI