ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តុលាការ​ខ្មែរក្រហម​វិបត្តិយុត្តាធិការ​

សំឡេង ០៤:៥៣
រូបសញ្ញា​តុលាការ​ខ្មែរក្រហម
រូបសញ្ញា​តុលាការ​ខ្មែរក្រហម ©រក្សាសិទ្ធិ

ក្រោយ​ពី​ការ​ប្រកាស​លា​ឈប់​ពី​តំណែង​របស់​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​លោក​ Siegfried Blunk ​កាលពី​ថ្ងៃ​ចន្ទ​ សាធារណ​មតិ​ជាតិ ​និង​អន្តរជាតិ​បាន​ផ្តើម​ចាប់អារម្មណ៍​ជា​ថ្មី​ទៅ​លើ​វិបត្តិ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម។ ​មតិ​ជាច្រើន​បាន​ស្តី​បន្ទោស​ទៅ​លើ​ការ​ជ្រៀត​ជ្រែក​ខាងនយោបាយ​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ក្នុង​កិច្ចការ​របស់​តុលាការ​កូនកាត់​នេះ​ ជា​ពិសេស​ទាក់ទង​នឹង​សំណុំ​រឿង ​០០៣​ និង ​០០៤។ ​ប៉ុន្តែ​ បើ​ពិនិត្យ​ឲ្យ​មែន​ទែន​ទៅ ​បញ្ហា​ពិត​ប្រាកដ​គឺ​ស្ថិត​នៅ​លើ​ភាព​មិន​ច្បាស់លាស់​នៃ​យុត្តាធិការ​របស់​សាលាក្តី​ទៅ​វិញ​ទេ។

ផ្សាយពាណិជ្ជកម្ម

ការ​លាឈប់​ពី​មុខតំណែង​របស់​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ លោក ​Siegfried Blunk​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​សាលាក្តី​ខ្មែរក្រហម ​ហើយ​វា​ក៏​ប្រហែល​ជា​មិន​មែន​ជា​ករណី​ចុង​ក្រោយ​ដែរ។ ​វិបត្តិ​នៅ​ក្នុង​សាលាក្តី​កូនកាត់​មួយ​នេះ​បាន​កើត​ឡើង​តាំង​ពី​ដើមទី​មក​ម្ល៉េះ។ ការ​ទម្លាក់​កំហុស​ទៅ​លើ​ការ​ជ្រៀតជ្រែក​ខាង​នយោបាយ​ក៏​មិន​ខុស​ដែរ​ពីព្រោះ​ថា​នរណា​ក៏​ដឹង​ដែរ​ថា ​តុលាការ​នេះ​កើត​ចេញ​ពី​កិច្ច​ចរចា​នយោបាយ​ដ៏វែង​អន្លាយ​រវាង​ទីក្រុង​ភ្នំពេញ ​និង​បុរី​ញូវយ៉ក។ អ៊ីចឹង​ហើយ​បាន​ជា​អ្នក​ខ្លះ​មិន​ឲ្យ​តម្លៃ​ទៅលើ​តុលាការ​នេះ​ឡើយ​ពីព្រោះ​តែ​ពួកគេ​យល់​ថា ​ការ​ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ​ទៅ​លើ​តុលាការ​នេះ​ជា​រឿង​ឥត​ប្រយោជន៍។

យ៉ាងណា​ក៏​ដោយ​ចុះ ​មាន​អ្នក​ខ្លះ​ទៀត​ក៏​សុខ​ចិត្ត​ទទួល​យក​តុលាការ​នេះ​ដែរ​ពី​ព្រោះ​យ៉ាង​ហោច​ណាស់​ក៏វា​ជា​និមិត្តរូប​នៃ​យុត្តិធម៌​មួយ​សម្រាប់​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ដែរ​ពោល​គឺ​«មាន​តិច​ក៏​គ្រាន់​បើ​ជាង​គ្មាន​សោះ»​នោះ​ដែរ។ ​ប៉ុន្តែ ​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ នៅ​ក្នុង​ដំណើរ​ការ​របស់​ខ្លួន​ សាលាក្តី​ចម្រុះ​សម្រាប់​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ បាន​បង្ហាញ​ម្តង​ហើយ​​ម្តង​ទៀត​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ភាគី​ជាតិ ​និង​ភាគី​អន្តរជាតិ។

 

ពាក្យ​ដែល​គេ​បាន​ឮ​ការ​រិះគន់​ញឹកញាប់​ជាងគេ​បំផុត​គឺ​«ការជ្រៀតជ្រែក​ខាង​នយោបាយ»​ទៅ​ក្នុង​សាលាក្តី​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា។ ​ការ​រិះគន់​នេះ​មិន​ខុស​ឡើយ​ មិន​ខុស​ពីព្រោះ​ថា ​ទី១ ​ទិដ្ឋភាព​នយោបាយ​បាន​ចូល​មក​លាយឡំ​ក្នុង​តុលាការ​នេះ​តាំង​ពី​ចាប់ផ្តើម​ចរចា​ឯណោះ​ដែល​គេ​មិន​គួរ​នឹង​នាំគ្នា​ភ្ញាក់ផ្អើល​នៅ​ពេល​នេះ​ទេ។ ​និង​ទី២ ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ឥត​លាក់លៀម​ថា​ខ្លួន​មិន​ចង់​បន្ត​សំណុំរឿង​ថ្មី​ទៀត​ឡើយ​ក្រោម​ហេតុ​ផល​រក្សា​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស។

 
ដូច្នេះ ​ការ​ស្តីបន្ទោស​ទៅ​លើ​ការ​ជ្រៀតជ្រែក​នយោបាយ​វា​មិន​ខុស​អ្វី​ពី​ស្ថានភាព​«ឆ្កែចេះតែ​ព្រុស ​មនុស្ស​ចេះ​តែ​ដើរ»​ នោះ​ឡើយ។ ​ប៉ុន្តែ​ បញ្ហា​ពិត​ប្រាកដ​របស់​សាលាក្តី​នៅ​ពេល​នេះ​គឺ​ ការ​ខ្វែង​គំនិត​គ្នា​រវាង​មន្ត្រី​តុលាការ​ជាតិ ​និង​អន្តរជាតិ​ស្តីពី​យុត្តាធិការ​របស់​តុលាការ​ឯណោះ​ទៅ​វិញ​ទេ។ ​ជាក់ស្តែង ​សហព្រះរាជអាជ្ញា​ឬ​សហ​ចៅក្រម​ជាតិ ​និង​អន្តរជាតិ​សុទ្ធតែ​មាន​ទឡ្ហីករណ៍​រៀងៗ​ខ្លួន​ក្នុង​ការ​ពន្យល់​ហេតុផល​នៃ​ការ​សម្រេច​របស់​ខ្លួន​ក្នុង​សំណុំរឿង​ ០០៣ ​និង​ ០០៤​ ដោយ​សំអាងលើ​យុត្តាធិការ​របស់​សាលាក្តី។ ​និយាយ​តាម​បែប​ផ្សេង ​បញ្ហា​មិនមែន​បណ្តាល​មក​ពី​មនុស្ស​ទេ ​តែ​វា​បណ្តាល​មក​ពី​ការ​ចន្លោះ​ប្រហោង​របស់​ច្បាប់​ច្រើន​ជាង។

មក​ដល់​ត្រឹម​នេះ ​គេ​គួរ​នាំគ្នា​ជជែក​និង​កំណត់​អត្ថន័យ​នៃ​ពាក្យ​ថា ​«មេដឹកនាំ​កំពូល» ​និង​«អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត» ​ដែល​មាន​ចែង​ក្នុង​ច្បាប់​បង្កើត​តុលាការ​ខ្មែរក្រហម​ឲ្យ​បាន​ច្បាស់​លាស់ ​ពីព្រោះ​ថា ​នៅ​ក្នុង​សំណុំរឿង​០០៣ ​និង ​០០៤​ ទាំង​សហព្រះរាជអាជ្ញា​រហូត​ដល់​សហចៅក្រម​ស៊ើបអង្កេត​សុទ្ធតែ​មិន​ចុះ​សម្រុង​គ្នា​អំពី​បញ្ហា​នេះ។ ​ជាក់ស្តែង​នៅ​ពេល​ដែល​ភាគី​អន្តរជាតិ​ចង់​ចោទ​មនុស្ស​បន្ថែម​ទៀត ​ភាគី​កម្ពុជា​ជំទាស់​ដោយ​អះអាង​ថា ​អ្នកទាំង​នោះ​មិន​មែន​ជា​មេដឹកនាំ​កំពូល ​ហើយ​ក៏​មិន​មែន​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ដែល​ស្ថិត​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ឡើយ។ ​ដូច្នេះ​ហើយ​ ច្រក​តែ​មួយ​គត់​សម្រាប់​ចាកចេញ​ពី​វិបត្តិ​នេះគឺ​មាន​តែ​ការ​កំណត់​និយមន័យ​ឲ្យ​ច្បាស់លាស់​នៃ​ជន​ពីរ​ជំពូក​ដែល​គេ​ត្រូវ​នាំ​មក​កាត់​ទោស។

ក៏ប៉ុន្តែ ​រហូត​មក​ទល់​ពេល​នេះ ​ក្រុម​អ្នក​វិភាគ​និង​តាម​ដាន​សាលាក្តី​ខ្មែរក្រហម​នៅ​តែ​មើល​មិន​ទាន់​ឃើញ​ឆន្ទៈ​ច្បាស់លាស់​របស់​ភាគី​អ្នក​បង្កើត​សាលាក្តី​ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើរការ​តុលាការ​ប្រព្រឹត្តទៅ​ដោយ​រលូន​នោះ​ឡើយ។ ​ឥឡូវ​នេះ​ នៅ​ពេល​ដែល​ទូក​ចេញ​ពី​ច្រាំង​ដល់​ពាក់​កណ្តាល​ទន្លេ​ទៅ​ហើយ​នោះ ​ភាគី​ទាំងពីរ​ជា​ពិសេស​ភាគី​សហប្រជាជាតិ​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅតែ​ពី​ការ​ខិតខំ​អបស្ទប​ដើម្បី​កុំឲ្យ​ទូក​លិច​កណ្តាល​ទី​នោះ​ឡើយ​ពីព្រោះ​ថា​ បរាជ័យ​របស់​សាលាក្តី​នេះ​គឺ​ជា​ក្តី​អាម៉ាស់​យ៉ាង​ធំធេង​របស់​សហប្រជាជាតិ។

ចំណែក​ឯ​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​វិញ​ គេ​ហាក់​ដូច​ជា​មិន​សូវ​ព្រួយបារម្ភ​អំពី​បញ្ហានេះ​ប៉ុន្មាន​ទេ​ពីព្រោះ​ច្បាប់​បាន​ចែង​រួច​ទៅ​ហើយ​ថា ​ប្រសិន​បើ​ភាគី​សហប្រជា​ជាតិ​សម្រេច​ដើរចេញ ​សំណុំរឿង​ខ្មែរក្រហម​នឹង​ធ្លាក់​ទៅ​លើ​តុលាការ​ជាតិ​ជា​អ្នក​ចាត់ការ​វិញ។ ​តើ​នេះ​មិន​មែន​ជា​ក្រឡាអុក​ដែល​រដ្ឋាភិបាល​ភ្នំពេញ​បាន​ចង​ទុក​រួច​ជាស្រេច​សម្រាប់​កំណត់​ជោគ​វាសនា​របស់​សាលាក្តី​ខ្មែរក្រហម​ទេ​ឬ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI