កម្ពុជា

លោកស្រី មូ សុខហូរ ជួប​លោក ហ៊ុន សែន ដើម្បី​ស្នើ​អោយ​បញ្ឈប់​បញ្ជូន​ពលករ​ទៅ​ម៉ាឡេស៊ី

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោកស្រី មួ សុខហូរ
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោកស្រី មួ សុខហូរ © ចាន់ណា/rfi

តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​លោកស្រី​ មួ សុខហួរ ​បាន​ជួប​ទល់មុខ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៤​តុលា​នេះ ដើម្បី​ស្នើ​អោយ​លោក​នាយករដ្ឋមន្ត្រីធ្វើ​​អន្តរាគម​ន៍​ផ្អាក​ការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី។ នេះ​គឺ​​ជា​ជំនួប​លើក​ទី​មួយ​រវាង​លោកស្រី ​មួ សុខហួរ និង​លោក ​ហ៊ុន សែន ​ក្រោយ​ពី​អ្នក​នយោបាយ​ទាំង​ពីរ​រូប​មាន​ជម្លោះ​ក្តីក្តាំ​ប្រឆាំង​គ្នា​កាលពី​ឆ្នាំ​២០០៨។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ពេល​សំរាក​ពី​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៤​តុលា​នេះ ដែល​លោកស្រី​ មួ សុខហួរ​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​អាច​បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ គឺ​ជា​ជំនួប​លើក​ទី​មួយ​ ក្រោយ​ពី​អ្នក​នយោបាយ​ទាំង​ពីរ​មាន​ជម្លោះ​ក្តីក្តាំ​ជាមួយគ្នា។ នៅ​ជំនួប​ទល់​មុខ​គ្នា​លោកស្រី​ មួ សុខហួរ​ បាន​លើក​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​មាត់។ សំណើ​ដែល​សុំ​អោយ​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​អោយ​ផ្អាក​ការ​នាំ​ពលករ​ពិសេស​ស្ត្រី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

 
លោកស្រី​ មួ សុខហួរ ​បាន​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ ដែល​មាន​វត្តមាន​នៅ​ក្នុង​ជំនួប​នោះ​ដែរ ​ជាទទួល​បន្ទុក​លើ​បញ្ហា​នេះ។ នៅ​មិន​ទាន់​មាន​សេចក្តី​សម្រេច​ផ្លូវការ​យ៉ាងណា​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ជុំវិញ​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​នេះ។ ប៉ុន្តែ​លោកស្រី​ មួ សុខហួរ​ បាន​អះអាង​បែប​វិជ្ជមាន​ថា​ ទំនង​ជា​លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​អោយ​ផ្អាក​ការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី​មែន ខណៈ​ដែល​លោក​ អុំ មាន រដ្ឋលេខាធិកា​ក្រសួង​ការងារ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ពី​ថ្នាក់​ដឹកនាំ​នៅ​ឡើយ​ទេ​នៅរសៀល​ថ្ងៃ​សុក្រ​នេះ។

នៅក្នុង​ជំនួប​ប្រមាណ​១០នាទី លោកស្រី ​មួ សុខហួរ ​បាន​រៀបរាប់​ថា បរិយាកាស​នៃ​ការ​ជួប​គ្នា​រវាង​លោកស្រី និង​លោក​នាយក​រដ្ឋមន្ត្រី​មាន​សភាព​ស្និទ្ធស្នាល។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​សង្គម​ផ្សេងៗ​ទៀត​ផង​ដែរ ​រួម​ទាំង​បញ្ហា​សុខភាព​របស់​ឪពុក​របស់​លោក​ផង។ ប៉ុន្តែ​បញ្ហា​របស់​លោក​សម រង្ស៊ី​មិន​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​នោះ​ឡើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI